ដូណាល់ ត្រាំ ត្រៀមខ្លួនរួចស្រេច ក្នុងការដំឡើងពន្ធលើទំនិញចិនទាំងអស់

  • 2018-07-21 02:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ថ្លែង​ថា លោក​មាន​ឆន្ទៈ ក្នុងការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ទាំងអស់​របស់​ចិន ដែល​បាន​នាំចូល​អាមេរិក។ ទំនិញ​ដែល​ចិន បាន​នាំចូល​ទីផ្សារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ គិតជា​ទឹកប្រាក់ គឺ​មាន​ប្រមាណ​ជាង ៥០០ពាន់​លាន​ដុល្លារ។ លោក​បញ្ជាក់​ដូច្នេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ CNBC ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅថ្ងៃ​ទី២០​កក្កដា​នេះ។

លោក​អះអាង​ថា ការ​ដំឡើង​ពន្ធ​នេះ គឺ​មិនមែន​ជារឿង​នយោបាយ​ឡើយ​ ប៉ុន្តែ​លោកធ្វើ​ដើម្បី​ផល​ប្រយោជន៍​អាមេរិក។ លោក​ចោទ​ថា ចិន បាន​កេង​ចំណេញ​ពី​អាមេរិក អស់រយៈពេល​ជាយូរមក​ហើយ។

ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ ​បាន​និយាយ​សំដៅ​ទៅកាន់​ប្រទេស​ចិន​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ចង់ឱ្យ​ពួកគេ​ភ័យខ្លាច​នោះទេ។ ខ្ញុំចង់​ឱ្យ​ពួកគេ ធ្វើបាន​យ៉ាងល្អ។ ខ្ញុំពិត​ជា​ចូលចិត្ត​ប្រធានាធិបតី ស៊ី ជីនពីង ប៉ុន្តែ​វាគឺ​អយុត្តិធម៌​ណាស់»។

គួរ​រំលឹក​ថា ​កាលពីដើម​ខែ​កក្កដានេះ អាមេរិក បាន​ដំឡើង​ពន្ធ​២៥% ទៅលើ​ផលិតផល​បច្ចេកវិទ្យា និង​គ្រឿងយន្ត​របស់ចិន ដែល​មាន​តម្លៃ ៣៤ពាន់​លាន​ដុល្លារ។ បន្ទាប់មក​នៅថ្ងៃទី​១០កក្កដា អាមេរិក បាន​ដាក់​បញ្ចូល​ទំនិញ​នាំចូល​របស់​ចិន ដែលមាន​ទំហំ​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ត្រូវ​ដំឡើង​ពន្ធ​នៅ​ត្រឹម​ខែ​កញ្ញា ២០១៨ ខាង​មុខ។

វិធានការ​នេះ បាន​ធ្វើឱ្យ​ចិន មាន​ប្រតិកម្ម​យ៉ាងខ្លាំងដោ​យ​បាន​ចាត់វិធានការ​តបត​វិញ​ផងដែរ ហើយ​ចោទ​ថា គម្រោង​នេះ​នឹង​ធ្វើឱ្យ​ខូចខាត​ដល់​ប្រ័ពន្ធ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សកលភាវូបនីយកម្ម៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី