មិនបាច់លាក់ប្រ៊ុយយ៉ុងនាំហត់! ៤ដំណាក់កាល ក្រសួងចាប់ឯកសារខ្ទេចគ្មានសល់

  • 2018-07-24 08:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​សំណៅ​ឯកសារ​របស់​បេក្ខជន​ប្រឡង​ មាន​ជា​ច្រើន​ដំណាក់​កាល​មុន​ឈាន​ដល់​ការ​បញ្ឈប់​ការ​ប្រឡង​របស់​បេក្ខជន​នោះ។ ខាង​ក្រោម​នេះ​ជា​ដំណាក់​កាល​ការ​ត្រួត​ពិនិត្យ​សំណៅ​ឯកសារ ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ៖

១. ការ​ត្រួត​ពិនិត្យ​នៅ​ច្រក​ចូល​មណ្ឌល​ប្រឡង

ឯកឧត្ដម ហង់ជួន ណារ៉ុន មាន​ប្រសាសន៍​នៅក្នុងសន្និសីទសារព័ត៌មានកន្លងទៅថា មុន​ចូល​ក្នុង​មណ្ឌល​ប្រឡង​នឹង​មាន​ការ​ត្រួត​ពិនិត្យ​រាល់​សំណៅ​ឯកសារ ឧបករណ៍​អេឡិច​ត្រូនិក​មាន​ដូចជា ម៉ាស៊ីន​គិត​លេខ នាឡិកា​អេឡិច​ត្រូនិក ជា​ដើម​។ ប្រសិន​បើ​បេក្ខជន​មាន​សំណៅ​ឯកសារ និង​ឧបករណ៍​ហាម​ឃាត់​ទាំង​អស់​នោះ​ នឹង​ត្រូវ​ដក​ហូត តែ​​មិន​ទាន់​ដល់​ការ​បញ្ឈប់​ការ​ប្រឡង​ទេ។

២. មុន​ចូល​ក្នុង​បន្ទប់​ប្រឡង

មុន​ចូល​ដល់​បន្ទប់​ប្រឡង អនុរក្ស​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ម្ដង​ទៀត ហើយ​ប្រសិន​បើ​មាន​នោះ​អនុរក្ស​នឹង​ដក​ហូត​ទុក។ ដំណាក់​កាល​នេះ​បេក្ខជន​នៅ​តែ​អាច​មាន​សិទ្ធិ​ ដើម្បី​ចូល​ប្រឡង​ធម្មតា។

៣. មុន​ពេល​គោះ​ជួង​ចែក​វិញ្ញាសា

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បញ្ជាក់​ថា មុន​ចែក​វិញ្ញាសា អនុរក្ស​នឹង​ត្រួត​ពិនិត្យ​សារ​ឡើង​វិញ នូវ​រាល់​សំណៅ​ឯកសារ​ទាំង​ឡាយ ដែល​បេក្ខជន​អាច​លាក់​ទុក។ ប្រសិន​បើ​មាន​បេក្ខជន​ត្រូវ​ប្រគល់​ឱ្យ​អនុរក្ស ហើយ​បេក្ខជននៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ប្រឡង​។

៤. ដំណាក់​កាល​ចុង​ក្រោយ

នៅ​ក្នុង​ម៉ោង​សរសេរ​វិញ្ញាសា បើ​សិន​បេក្ខជន​នោះ​នៅ​តែ​មាន​សំណៅ​ឯកសារ​លាក់​ទុក ហើយ​ត្រូវ​អនុរក្ស​ចាប់​បាន​ នោះ​បេក្ខជន​នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ និង​បញ្ឈប់​ការ​ប្រឡង​ទាំង​ស្រុង​តែ​ម្ដង៕

អត្ថបទ៖ វឌ្ឍនៈ