តាន់ មុនីវណ្ណ៖ បេះដូងអ្នកសិក្សា ទោះស្លៀកខោរហែកគូទទៅរៀនក៏មិនខ្មាសគេ

  • 2018-07-25 01:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sabay សូមណែនាំ​បុគ្គល​ល្បី​មួយ​​រូប​នៅ​​ក្នុង​វិថី​ជំនួញ​ និង​ការងារសង្គម​​ លោក​បណ្ឌិត​​ តាន់ មុនីវណ្ណ ​ដែល​ធ្លាប់​​ជាក្មេង​​​ឆ្លងកាត់​សង្គ្រាម ក្រោយ​រួច​ផុត​ពីគ្រាប់​កាំភ្លើង​ នៅ​សម័យ​ប៉ុលពត ​លោក​បាន​បង្កើត​ទំព័រ​ជីវិត​ថ្មី​របស់​លោក​យ៉ាងជោគជ័យ​ ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​តស៊ូ​គ្រប់​ស្ថាន​ភាព​លំបាក​មិន​រុញរា​។ ចង់ដឹងថា ជីវិតតស៊ូរបស់បុគ្គលជោគជ័យមាន​អ្វីខ្លះ សូមអានឲ្យលម្អិតនៅខាងក្រោមនេះ៖

លោក​បណ្ឌិត​​ តាន់ មុនីវណ្ណ

**ប្រវត្តិរូបសង្ខេប**

  • ​កើត​នៅ​ឆ្នាំ ១៩៧៣ រាជធានី​ភ្នំពេញ​

  • កូន​កាត់​បួន​សាសន៍៖ ឪពុក​ខ្មែរ-ចិន (នៅ​រស់) ​ម្ដាយ​បារាំង-វៀតណាម (ស្លាប់)

បញ្ចប់​សិក្សា៖

  • បណ្ឌិត​ផ្នែក​ធុរកិច្ច​រដ្ឋបាល​
  • បណ្ឌិត​ផ្នែក​ច្បាប់​
  • អនុបណ្ឌិត​ផ្នែក​ធុរកិច្ច​រដ្ឋបាល​
  • អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​
  • បរិញ្ញាបត្រ​សេដ្ឋកិច្ច
  • អតីតសិស្សវិទ្យាល័យស៊ីសុវត្ថិ

​តួនាទី​ឯកជន​៖

  • ​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ជាម្ចាស់​​ក្រុមហ៊ុន​ចំនួន​១០

​តំណែង​ការងារ​សង្គម​៖

  • ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា
  • សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា-ថៃ
  • សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន-អាស៊ាន
  • សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍
  • សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​ឥណ្ឌា
  • សមាជិក​សមាគម​អ្នក​សាងសង់​អាស៊ាន
  • ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សមាគម​អភិវឌ្ឍន៍​លំនៅដ្ឋាន​
  • អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា
  • ទី​ប្រឹក្សា​ភិបាល​​សមាគម​ស្ត្រី​កម្ពុជា​
  • ក្រុមប្រឹក្សា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​
  • សមាជិក​មេធាវី នៃ​​គណៈ​មេធាវី​កម្ពុជា

ជីវិត​ក្រោយ​​បែក​ប៉ុលពត​

រួច​ផុត​ពី​គ្រាប់​កាំភ្លើង​​សម័យ​ប៉ុលពត​ លោក​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់នៅ ភូមិ​ផ្ទះ​វាល  ឃុំ​ព្រៃ​ដំបូក  ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម។ ដោយហេតុ​ស្រឡាញ់​ការ​សិក្សា​ខំប្រឹង​ក្លៀវក្លា​រៀន​ផង​ លោក រំលឹក​ថា "​​នៅ​អាយុ​ខ្ទង់​១០ឆ្នាំ ខ្ញុំ​ដើរ​រើស​សម្បក​ដប​លក់​មួយ​ថ្ងៃ​រក​បាន​ពី ៣ទៅ៥រៀល... ឯ​​ឪពុក​ខ្ញុំ​ជា​អ្នក​​រត់​កាណូត​ខ្ញុំ​ក៏​ទិញ​ស្ករ​គ្រាប់​ពី​ផ្សារ​ចាស់​ទៅ​លក់​នៅ​ស្រុក មិន​ក្រោម១០​ស្បោង​ទេ​​ ហើយ​១ស្បោង​​ចំណេញ ​៣រៀល" ។​

ជា​ក្មេង​ដែល​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា​ ខួច​ ទោះ​ខ្លួន​តូច​មែន​ តែ​លោក​មិនដែល​ឲ្យ​ខ្លួន​ទំនេរ​ឡើយ​ ខួច​តែង​ឆ្លៀត​ដើរ​រើស​ដើម​ឆៃថាវ​ ដែល​គេ​បោះចោល​យក​ទៅ​ជ្រក់ ដើរ​លក់​បាន​លុយ​មួយ​ចំណែក​ទៀត ហើយ​ធ្វើការ​រែក​ទឹក​មួយថ្ងៃ៤០ អម្រែក​ ដើម្បី​បាន​ប្រាក់​បន្ថែម។ ​​​

ជីវិត​ឡើង​មក​រស់​នៅ​ភ្នំពេញ​ជា​ថ្មី

​​ចាស់ៗ​តែង​និយាយ​ក្មេង​ ដែល​មាន​ឪពុកម្ដាយ​សញ្ជាតិ​ច្រើន​សាសន៍​ ជា​ក្មេង​ឆ្លាត​ និង​ប៉ិន​ប្រសប់​ខាង​ធ្វើ​ជំនួញ​។ ​ឥឡូវ​ងាក​មក​ត្រង់​ចំណុច​នេះ លោក តាន់​ មុនីវណ្ណ​ មាន​ដុង​ជា​អ្នក​រកស៊ី​តាំង​ពី​ក្មេង "ខ្ញុំ​ឆ្ងល់​ខ្លួនឯង​ដែរ កាលណោះ​ខ្ញុំ​គ្មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​អ្វី​ទេ តែ​ចេះ​រកស៊ី​តាំងពី​តូច" ។ ​ពេល​មក​ដល់​ភ្នំពេញ​សាជាថ្មី ប្រុស​ខួច​​បន្ត​ការ​សិក្សា​ថ្នាក់ទី៣ ​​ដោយ​មក​នៅ​ជា​មួយ​ម្ដាយ​មីង​នៅ​អូរ​ឬស្សី​ជួយ​លក់​ស្បែក​ជើង​គាត់​ ដើរ​លក់​ឆ្នោត​ផង លក់​កាសែត​ផង។

ធ្លាប់​ជា​កូន​ក្នុង​គ្រួសារ​អភិជន ​លោក​បណ្ឌិត និយាយ​ទាំង​ភ្នែក​ក្រហម​ថា៖ "ក្រោយ​បែក​ប៉ុលពត​​មក​​ គ្រួសារ​ខ្ញុំ​គ្មាន​សល់​អ្វី​ទេ ម្ដាយ​ក៏​ត្រូវ​គេ​សម្លាប់​ចោល​​​​​ ទីទ័ល​ក្រ​ខ្លាំង​ ​សូម្បី​ខោរ​ហែក​គូទ​យក​ទៅ​ឲ្យ​​ជាង​ដេរ​សាប់​ៗ​រហូត​ជាង​លែង​សាប់​ឲ្យ​...ពេលខ្លះ​ខ្ញុំ​អង្គុយ​ស្រក់​ទឹកភ្នែក​ម្នាក់ឯង​អាណិត​ខ្លួន ព្រោះ​គ្រាន់តែ​ខោ​ស្លៀក​ទៅ​រៀន​ក៏​គ្មាន" ​។​​​

​នៅ​អាយុ​ប្រហែល​ ២០​ឆ្នាំ លោក​បោះ​ពួយ​ទៅ​ធ្វើ​ជា​អ្នក​កួកជេ​ម៉ូតូ ឡាន កួកជេ​ដី ធ្វើ​ត្បូង​ជាដើម។​ របរ​នេះ​ បាន​ជួយ​ឲ្យ​លោក​​​ធូរធារ​ទាំង​នៅ​ក្មេង​ សល់​លុយ​​ជាង១០​ម៉ឺន​ដុល្លារ​ស្មើនឹង​ជាង ​១០លាន​ដុល្លារ​ធៀប​សម័យ​បច្ចុប្បន្ន។ យុវជន​វ័យ​ជំទង់​នេះ​អះអាង​ថា៖ "​មុន​ខ្ញុំ​រៀប​​ការ​ជាមួយ​កូនលោក​ឧកញ៉ា ម៉ុង ឫទ្ធី ​ខ្ញុំ​សល់​លុយ​រាប់ សែន​ដុល្លារ​រួច​ទៅ​ហើយ ​មាន​លុយ​ទិញ​ឡាន ទិញ​ផ្ទះ ទាំងនេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ​តែ​ជា​ការ​ប្រឹងប្រែង​របស់ខ្ញុំ"

​បច្ចុប្បន្ន​ លោក មុនីវណ្ណ​ កំពុង​បន្ត​ការ​សិក្សា​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​​។ ​​លោក​ធ្លាប់​ជា​មេធាវី​ និងមាន​​ក្រុមហ៊ុន​មេធាវី​អន្តរជាតិ ប៉ុន្តែ​ក្រោយពី​រៀបការ​រួច​លោក​ក៏​ប្តូរ​អាជីព​ពី​អ្នកច្បាប់​មក​ជា​អ្នកជំនួញ​ និង​ក្ដោបក្ដាប់​ក្រុមហ៊ុន​ប្រមាណ​ ១០​ក្នុង​ដៃ​។ ម្យ៉ាង​លោក​រីករាយ​​ចូលរួម​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ ​និង​​ធ្វើជា​សហប្រធាន​ក្រុម​ការងារ​ផ្សេងៗ​ក្នុងនាម​តំណាង​ឲ្យ​សមាគម​នានា។

ដំបូន្មាន​សម្រាប់យុវជនជំនាន់ក្រោយ

​និយាយ​ដល់​រឿង​ជីវិត​លំបាក​ លោក​រៀបរាប់​មិន​អស់​ទេ តែ​យ៉ាង​ណា​លោក​ចង់​ដាស់តឿន​ដល់​យុវជន​ជំនាន់​ក្រោយ​ បើ​ទោះ​ជា​ប្រទេស​សុខ​សន្តិភាព​គ្មាន​សង្រ្គាម​មែន​ពិត​ តែ​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី មិន​ត្រូវ​រំលង​ការ​សិក្សា​នោះ​ឡើយ​។ លោក​ថ្លែង​ហាក់​អស់​សំណើច​បន្តិច​៖ "កាល​ខ្ញុំ​នៅ​រៀន​ អ្វី​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នោះ​ គឺ​គ្មាន​បាយ​ញ៉ាំ តែ​មក​ដល់​សម័យ​ឥឡូវ ​យុវជន​មួយ​ចំនួន​​​លំបាក​ត្រឹម​គ្មាន​ម៉ូតូ​ជិះ​ទៅ​រៀន ​ពិបាក​រក​ការងារ​ធ្វើ ​ពិបាក​រក​ការងារ​ដែល​មាន​ប្រាក់ខែ​ច្រើន ពិបាក​គ្មាន​លុយ​ទិញ​ឡាន​ថ្លៃៗ​ ឬ​ពិបាក​មិនបាន​ប្រើ​ទូរសព្ទ​ទំនើប​ទៅ​វិញ" ។​

​​ដើម្បី​​ក្លាយ​ជា​សសរស្ដម្ភ​ប្រទេស​ជាតិ​ដ៏​រឹង​មាំ​ ​យុវជន​ជា​និស្សិត​ជំនាន់​ក្រោយ ត្រូវ​ចេះ​តស៊ូ​ក្នុង​ការ​រៀន​សូត្រ ចេះ​បង្កើត​ឱកាស​ការងារ បណ្ដុះ​គំនិត​លើ​កិច្ចការ​ជំនួញ​។ លោក​ មុនីវណ្ណ ​បន្ថែម​ថា​ ​យុវជន ឬ​និស្សិត​ឆ្នើម​ ជា​ក្រុម​មនុស្ស​​ចូលរួម​ស្ដាប់​វាគ្មិន​ពូកែ​ៗ និង​អាន​សៀវភៅ​ច្រើន ដើម្បី​រក​ផ្លូវ​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម