អភិបាលខេត្តកោះកុងធ្វើបែបណា ក្រោយក្រុមហ៊ុន១ធ្វើឲ្យសណ្ឋាគារដ៏ល្បី 4 Rivers ដាច់ដោចខ្ទេច
- 2018-07-25 04:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលខេត្តកោះកុងធ្វើបែបណា ក្រោយក្រុមហ៊ុន១ធ្វើឲ្យសណ្ឋាគារដ៏ល្បី 4 Rivers ដាច់ដោចខ្ទេច
ចន្លោះមិនឃើញ
ឆ្លើយតបជាមួយ Sabay នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោកជំទាវមិថុនា ភូថង គណៈអភិបាល អភិបាលខេត្តកោះកុង បានឲ្យដឹងថា ពេលនេះកំពុងត្រៀមកោះហៅក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃ និងភាគីរងគ្រោះសណ្ឋាគារបណ្ដែតទឹក 4 Rivers ដើម្បីបើកអង្គប្រជុំរកដំណោះស្រាយ និងចាត់វិធានការក្រោយក្រុមហ៊ុនវារីអគ្គិសនីមួយនេះបានបើកទ្វារទឹករបស់ខ្លួន ដែលបណ្ដាលសណ្ឋាគារ 4 Rivers ក៏ដូចជាផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោមមួយចំនួនបានរងការខូចខាតជាទម្ងន់។
អភិបាលខេត្តកោះកុងបន្តថា មិនទាន់បានដឹងព័ត៌មានលម្អិតអំពីការបើកទ្វារទឹករបស់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃយ៉ាងណានោះទេ។ ប៉ុន្តែលោកជំទាវបានទទួលបានព័ត៌មានថា សណ្ឋាគារបណ្ដែតទឹក4 Rivers បានរងការខូចខាតជាខ្លាំង ក្រោយរលកធំៗបានបុកក្រោយក្រុមហ៊ុនវារីអគ្គិសនីខាងលើបានទ្វារទឹក។ ដូច្នេះហើយពាក់ព័ន្ធនឹងករណីនេះ ត្រូវតែបើកអង្គប្រជុំដើម្បីស្វែងរកដំណោះស្រាយ និងចាត់វិធានការជាបន្តបន្ទាប់។ ដោយឡែកចំពោះផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋមានតែ២គ្រួសារប៉ុណ្ណោះ ដែលលោកជំទាវ មិថុនា ភូផង បានទទួលការជូនដំណឹងពីមេឃុំ។
ដោយឡែកបើតាមការឲ្យដឹងពីលោក VALENTIN PAWLIK បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ សណ្ឋាគារអណ្តែតទឹក 4 Rivers ត្រូវបានបំផ្លាញដោយសារទឹកឡើងខ្លាំងភ្លាមៗព្រោះក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃ បើកទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន។ ក្រុមហ៊ុនគ្រប់គ្រងវារីអគ្គិសនីស្ទឹងតាតៃបាននិយាយថាពួកគេមិនបានប្រាប់ប្រជាពលរដ្ឋឲ្យដឹងជាមុននោះទេព្រោះបរិមាណទឹកភ្លៀងឡើងលឿនពេក។
លោកបន្តថា ទឹកភ្លៀងរដូវវស្សាមិនដែលបង្កជាក្តីបារម្ភនោះទេនាពេលកន្លងមក។ គ្រោងសណ្ឋាគារទាំងមូលត្រូវបានរចនាដោយយកចិត្តទុកដាក់ដើម្បីអាចប្រែប្រួលតាមភាពឡើងចុះនៃកម្រិតទឹកនៅរដូវវស្សារហូតដល់កម្ពស់ ២ម៉ែត្រ ដូចនេះអាចធានានូវសុវត្ថិភាពទាំងស្រុងគ្រប់ពេល។ ជារៀងរាល់ឆ្នាំ ក្រុមបច្ចេកទេសរបស់សណ្ឋាគារអណ្តែតទឹក 4 Rivers តែងចុះពិនិត្យលម្អិតរាល់គ្រោងបណ្តែតទឹកក្នុងខែឧសភា និងមិថុនា និងបានរឹតបន្តឹងប្រព័ន្ធខ្សែលួសចងភ្ជាប់នឹងច្រាំង។
ម្ចាស់សណ្ឋាគារខាងលើនេះមានការការភ្ញាក់ផ្អើលជាខ្លាំង នៅម៉ោង ៦ព្រឹកនៃថ្ងៃទី១៧ ខែកក្កដា រលកទឹកដ៏ខ្លាំងហូរចេញពីវារីអគ្គិសនីស្ទឹងតាតៃនាំយកមកជាមួយនូវដើមឈើងាប់ធំៗ និងបានបុកទង្គិចនឹងគ្រោងសណ្ឋាគារអណ្តែតទឹក 4 Rivers តែម្តង។ ដោយសារសម្ពាធរួមគ្នានៃរលកទឹកយ៉ាងលឿន និងកម្លាំងទង្គិចនៃដើមឈើ ប្រព័ន្ធខ្សែលួសដែលចងភ្ជាប់សណ្ឋាគារអណ្តែតទឹក 4 Rivers ទៅនឹងច្រាំងបានដាច់ គ្រោងត្រូវរមួលត្រកួញ និងខូចខាតជា៦បំណែកដាច់ពីគ្នា។
ផ្នែកខ្លះនៃសណ្ឋាគារមានវត្តមានបុគ្គលិក មនុស្សពេញវ័យ និងកុមារ ៤០នាក់រួមទាំងភរិយា និងកូនប្រុសរបស់ម្ចាស់សណ្ឋាគារផង ត្រូវបានចរន្តទឹកបញ្ជូនរហូតដល់ចម្ងាយជាង៨គីឡូម៉ែត្រពីទីតាំងដើម ធ្វើឲ្យគ្រោងសណ្ឋាគាររហែកពីគ្នា និងរសាត់តាមព្រែករហូតដល់កោះស្មាច់។ យ៉ាងណាក្ដីពួកគេត្រូវបានសង្គ្រោះទាន់ពេលវេលាមិនមាននរណាម្នាក់រងគរបួស ឬបាត់បង់អាយុជីវិតឡើយ។ នេះបើតាមការឲ្យបន្ថែមពីលោក VALENTIN PAWLIK។
ម្ចាស់សណ្ឋាគារ 4 River បានទាមទារឲ្យក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃដែលជាក្រុមហ៊ុនចិនគ្រប់គ្រងដំណើរការទំនប់វារីអគ្គិសនីគួរតែបង់ថ្លៃជួសជុលការខូចខាតនេះ។ ការខូចខាតនេះមិនរាប់បញ្ចូលផលប៉ះពាល់ផ្លូវចិត្តដ៏រន្ធត់កើតឡើងចំពោះគ្រួសារ និងបុគ្គលិករបស់លោកទាំងអស់គ្នា ដែលរងការភ័យខ្លាចបាត់បង់ជីវិតខណៈពួកគេស្ថិតលើគ្រោងទម្រដាច់រសាត់អណ្តែតដោយល្បឿនទឹកលឿនឆ្ពោះទៅសមុទ្រ៕