ទឹកទន្លេសេកុងស្រកបានបន្តិច តែប្រជាជនស្ទឹងត្រែងត្រូវការពាររឿង៣យ៉ាង

  • 2018-07-27 09:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមក​ដល់​ម៉ោង​៣រសៀល​​ថ្ងៃ​ទី​ ២៧ ​កក្កដា​ ឆ្នាំ ២០១៨​ នេះ ទឹក​ទន្លេ​សេកុង​ នៅចំណុច​ព្រំប្រទល់​ កម្ពុជា-ឡាវ​ បាន​ស្រក​ចុះ​ ០,៦០ម៉ែត្រ ហើយ​។ ក្រសួង​ធនធាន​ទឹក​ បញ្ជាក់ថា​ ទឹក​ទន្លេ​សេកុង​នៅ​ផ្នែក​ខាង​ក្រោម​ នឹង​ចាប់​ស្រក​ចុះ​ជា​បន្តបន្ទាប់។

កាល​ពីថ្ងៃ​ ២៦​ កក្កដា​ ម្សិល​មិញ​ ​ទឹក​ទន្លេ​សេកុង បាន​​ហក់​ឡើង​កម្ពស់ ១២,០០ម៉ែត្រ លើស​ពី​កម្រិត​ប្រកាស​អាសន្ន ដោយ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១២០០គ្រួសារ​ ទៅ​រក​ទី​ទួល​ដោយ​សុវត្ថិភាព​។

រូបកាលពីថ្ងៃទី ២៥ កក្កដា

ជាមួយគ្នានេះ​  រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ដែល​កំពុង​នៅ​តាម​តំបន់​មាន​ទឹកជំនន់​ សូម​ប្រុង​ប្រយ័ត្ន​៣ ចំណុច​ខាង​ក្រោម ដើម្បី​ចៀសវាង​ផល​ប៉ះ​ពាល់​សុខភាព របួស ឬ​ហេតុ​ការ​គ្រោះថ្នាក់​អាយុជីវិត ពី​ទឹក​ជំនន់។

១. មុន​ទឹក​ជំនន់

ត្រូវ​តាម​ដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទី​ទួល​សុវត្ថិភាព និង​ស្បៀង​អាហារ ធ្វើ​របង​ព័ទ្ធ​ស្រះ ឬ​កន្លែង​ដែល​មាន​ទឹក​ជ្រៅ​ ជាដើម។

២. អំលុង​ពេល​មាន​ទឹក​ជំនន់

  • មិន​ត្រូវ​នៅ​ក្នុង​ផ្ទះ​ចាស់ៗ ឬ​ទ្រុឌទ្រោម ព្រោះ​អាច​នឹង​​បាក់​បង្ក​គ្រោះថ្នាក់
  • មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី ដោយ​ដៃ​សើម ឬ​ពេល​ឈរ​ក្នុង​ទឹក
  • នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទូក ឬ​កាណូត​នៅ​ពេល​យប់​ត្រូវ​មាន​ភ្លើង​បំភ្លឺ។ល។
  • ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល ដើម្បី​បង្ការ​ជំងឺ​គ្រុនចាញ់ គ្រុនឈាម និង​ជំងឺ​ផ្សេងៗ
  • ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារី និង​ក្មេង​ស្រី​ នៅ​ទី​ទួល​សុវត្ថិភាព ក្រែង​មាន​អំពើ​ហិង្សា​ផ្លូវ​ភេទ។

៣. ក្រោយ​ពេល​ទឹក​ជំនន់

បន្ត​បរិភោគ​ចំណី​អាហារ​ស្អាត ទឹក​ស្អាត​មាន​អនាម័យ និង​អនាម័យ​ខ្លួន​ប្រាណ ដើម្បី​ចៀស​វាង​នូវ​ជំងឺ​ផ្សេងៗ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី