Apple ជិត​ក្លាយ​ជា​ក្រុមហ៊ុនមានទ្រព្យ ១ ទ្រីលាន​ មុនគេ លើលោក​

  • 2018-08-01 02:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បានបញ្ចេញទិន្នន័យពីការលក់របស់ខ្លួនហើយនៅត្រីមាសទី ៣ នេះ ដែលទិន្នន័យបានបង្ហាញថា Apple រកប្រាក់ចំណេញបានលើសពីការគ្រោងទុកដល់ទៅ ១ ពាន់លានដុល្លារ គឺសរុបបាន ៥៣,៣ ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតរបស់ក្រុមហ៊ុន ធៀបទៅនឹងត្រីមាសទី ៣ ដូចគ្នានាពេលកន្លងមក។

តាមការរំពឹងទុករបស់ Apple ចំពោះត្រីមាសទី ៤ ក្រោយនេះវិញ ក្រុមហ៊ុនអាមេរិកមួយនេះរំពឹងប្រាក់ចំណេញបានដល់ ៦០ ទៅ ៦២ពាន់លានដុល្លារឯណោះ ដែលលើសពីតួលេខត្រីមាសទី ៤ កាលពីឆ្នាំមុន ១៦ ទៅ ១៩ ភាគរយ។ ការរំពឹងទុកខ្ពស់បែបនេះ ដោយសារតែក្នុងត្រីមាសនោះនាខែកញ្ញា Apple នឹងបញ្ចេញផលិតផលថ្មីរបស់ខ្លួនដែលលេចធ្លោបំផុត គឺ iPhone ដែលតាមពាក្យចចាមអារ៉ាមមកថា មានចេញដល់ទៅ ៣ ម៉ូដែលឯណោះ បូករួមជាមួយនឹង iPad Pro ជំនាន់ថ្មី និងនាឡិកាឆ្លាតវៃរបស់ខ្លួន Apple Watch ដែលអាចចេញរូបរាងថ្មី។

ម៉្យាងទៀត ក្រៅពីពាក្យចចាមអារ៉ាមអំពី iPhone ឆ្នាំ ២០១៨ មាន ៣ ម៉ូដែលនោះ Apple ក៏រំពឹងពីចំណូល ដែលខ្លួនអាចរកបានពីការលក់ Macbook Pro ឆ្នាំ ២០១៨ ដែរ ដែលទើបតែនឹងចេញនាខែកក្កដានេះ។ យ៉ាងណាមិញ តួលេខលក់របស់ Mac មិនសូវជាកើនឡើងប៉ុន្មានឡើយ ដោយសារបញ្ហាជាមួយនឹងក្ដារចុចប្រភេទ Butterfly Mechanism និង ចុងក្រោយបំផុត Macbook Pro ប្រភេទខ្ពស់ផុតលេខ ដែលប្រើ CPU Intel Core i9 មិនអាចរត់ដល់សមត្ថភាព ដែលមាន (Base Clockspeed ២,៩ Ghz) ដោយសារតែបញ្ហាឡើងកម្ដៅខ្លាំង។

មួយវិញទៀត ប្រាក់ចំណូលដែលជួយបំប៉ោងហោប៉ៅក្រុមហ៊ុន Apple នេះ គឺបានមកពីផ្នែកសេវាកម្មនានារបស់ខ្លួនដែរ ដូចជា Apple Music, iCloud និង Apple Care ជាដើម ដែលមានភាគរយកើនខ្ពស់ក្នុងប្រាក់ចំណូលដល់ទៅ ៣១ ភាគរយ ពោលគឺរកបាន ៩,៥៥ ពាន់លានដុល្លារ ក្នុងប្រាក់ចំណេញសរុប។

បន្ទាប់ពីបានបញ្ចេញតួលេខនៃប្រាក់ចំណេញនេះមក នៅពេលនេះក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ មានទ្រព្យដល់ទៅ ៩៣៥ ពាន់លានដុល្លារ ហើយ (935 billion USD) នៅខ្វះតែ ៦៥ ពាន់លានដុល្លារ ទៀតប៉ុណ្ណោះ គ្រប់ ១ ពាន់ពាន់លាន (1 Trillion USD) ល្មម។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម