ចង់​យក​និទ្ទេស A មែន! សាក​រៀន​ត្រៀម​តាម​វិធី​ទាំង​នេះ ដឹង​តែ​ប្លែក​ហ្មង!

  • 2018-08-01 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​ដល់​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រឡង​សញ្ញប័ត្រ​មធ្យម​សិក្សាទុតិយភូមិ​នឹង​មក​ដល់​សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩។ សិស្ស​ខ្លះ ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ យ៉ាងណា​ក្ដី ​ការ​ត្រៀម​ខ្លួន​នោះ ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ប្រសិន​បើ​អ្នក​ចង់​បាន​ពិន្ទុ​ខ្ពស់ ឬ​ចង់​យក​និទ្ទេស A ​តែ​ម្ដង​ អ្នក​គួរ​សាក​ល្បង​សមត្ថភាព​ខ្លួន​ឯង​ជាមុន ដោយ​ប្រើ​បច្ចេកវិទ្យា​ជំនួយ​ទាំង ៥ ​វិធី​ខាង​ក្រោម​៖

#​ប្រើ​ប្រព័ន្ធ វាស់​ស្ទង់​សមត្ថភាព​(LMS)

ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​សិស្ស​ក្នុង​ការ​ស្វ័យ​សិក្សា ក្រសួង​បាន​បង្កើត​ជា​ប្រព័ន្ធ​ពង្រឹង​សមត្ថភាព​សិស្ស​ថ្នាក់​ទី១២ ជា​ទម្រង់​អនឡាញ មាន​សំនួរ​និង​ចម្លើយ​ឲ្យ​ជ្រើសរើស អ្នក​គ្រាន់​តែ​ធ្វើការ​គណនា ផ្ទៀង​ផ្ទាត់​ចម្លើយ​រួច​បញ្ចប់​ការ​តេស្ត នោះ​អ្នក​នឹង​ដឹង​លទ្ធផល​ភ្លាមៗ ថា​ធ្វើ​បាន​ប៉ុន្មាន​ភាគរយ ទទួល​បាន​ពិន្ទុ​ប៉ុន្មាន និង​ជឿជាក់​លើ​ខ្លួន​ឯង​ប៉ុន្មាន​ភាគរយ។ ប្រព័ន្ធ​តេស្ដ​សមត្ថភាព​ដោយ​ខ្លួនឯង​នេះ អាច​ប្រើប្រាស់​បាន​ទាំង​ស្មាតហ្វូន និង​កុំព្យូទ័រ លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​មួយ​ចំនួន​ដូច​ជា៖ គណិត​វិទ្យា រូប​វិទ្យា គីមី​វិទ្យា ជីវ​វិទ្យា និង​ប្រវត្តិវិទ្យា។

ចុច​នៅ​ទីនេះ www.bacii.gov.kh

#​ប្រើ Facebook សម្រាប់​រៀន

​ត្បិត​តែ Facebook ជា​បណ្ដាញ​សង្គម​ដែល​ចម្រុះ​ទៅ​ដោយ​ព័ត៌មាន​និង​ការ​កំសាន្ត​គ្រប់​បែប​បទ តែ​យ៉ាងណា ក្នុង​នាម​ជា​សិស្ស​អ្នក​គួរ​ប្រើ​វា​ដើម្បី​ជា​សាលារៀន។ មក​ដល់​ថ្ងៃ​នេះ ​មាន​ទំព័រ(Pages)​ជា​ច្រើន​ដែល​ចែក​រំលែក​មេរៀន​ល្អៗ កំណែ​វិញ្ញសារ​ចាស់ៗ មាន​ទាំង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ និង​សង្គម។ ជាង​នេះ​ទៀត ក៏​មាន​ការ​បង្រៀន​ជា​របៀប(E-School) តាម​រយៈ​លោកគ្រូ-អ្នក​គ្រូ​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ដូចនេះ​អ្នក​គួរ Follow និង​រៀន​ដោយ​ខ្លួន​ ឯង​បាន។

#ប្រើប្រាស់​កម្មវិធី​ទូរសព្ទ (Apps)

លំហាត់​ កំណែ​វិញ្ញាសារ​ចាស់ៗ មាន​ទាំង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ និង​សង្គម​ជា​ច្រើន​ត្រូវ​បាន​ចងក្រង​ជា​កម្មវិធី​ទូរសព្ទ​ដៃ សម្រាប់​សម្រួល​ដល់​ការ​សិក្សា​សម័យ​ថ្មី និង​ជំរុញ​ឲ្យ​មាន​ការ​ស្វ័យ​សិក្សា​​កាន់​តែ​ច្រើន ប្រមូល​ផ្ដុំ​ដោយ​គំរូ​លំហាត់​ល្អ និង​រូបមន្ត​សម្រាប់​សិស្ស​ត្រៀម​ប្រឡង​ បាន​ដាក់​ឲ្យ​ដោនឡូត​មាន​ទាំង​លើ App Store និង Play Store។ ដូចនេះ ​អ្នក​គួរ​យក​អាន និង​អនុវត្ត​ឲ្យ​ថ្នឹក​ដៃ ​មុន​ដល់​ថ្ងៃ​ចូល​ប្រឡង។

ចុច​ដោនឡូត​នៅ​ទីនេះ ជិត​ប្រឡង​បាក់ឌុប​ ដោនឡូត​កម្មវិធី​ទាំង​នេះ​ទុក​រៀន

#អនុវត្ត​លំហាត់​ជាមួយ YouTube

សម្រាប់​សិស្ស​ដែល​ជ្រើស​យក មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត ក្រៅ​ពី​ការ​រៀន​គួរ​បន្ថែម អ្នក​គួរ​ងាក​មក​សាកល្បង​តេស្ត​សមត្ថភាព​ខ្លួន​ឯង តាមរយៈ​វិធី​នេះ។ នៅ​លើ YouTube មាន​អ្នក​បង្កើត​វីដេអូ​បង្រៀន​របៀប​គណនា​ចម្លើយ ​និង​គន្លឹះ​ប្លែកៗ ដែល​ភាគ​ច្រើន​​ជា​សិស្ស​ពូកែ ឬ​លោក​គ្រូ អ្នក​គ្រូ​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​នោះ​តែ​ម្ដង។ ដូច​នេះ អ្នក​គូរ​ស្វែងរក​យក​មក​អនុវត្ត​ឲ្យ​បាន​ជា​ប្រចាំ ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាង​មុខ។

#រៀន​តាម​វិបសាយ E-learning

ក្រៅ​ពី​អនុវត្ត​វិធី​ខាង​លើ អ្នក​គួរ​សាកល្បង​រៀន​តាម​រយៈ ​ការ​បង្រៀន​បែប​ថ្មី​គឺ E-learning។ វិធី​នេះ អ្នក​អាច​សាកសួរ(comment) ឆ្លង​ឆ្លើយ​ដូច​ទៅ​នឹង​ការ​រៀន​ផ្ទាល់​នៅ​ថ្នាក់​ផង​ដែរ។

ចុច​នៅ​ទីនេះ khmeracademy.org

#រៀន​តាម​វិធីសាស្ត្រ​សិស្ស​ពូកែ

ដោយសារ​សិស្ស​ពូកែ មាន​គន្លឹះ​ក្នុង​ការ​ប្រឡង​បាន​និទ្ទេស A ដូចនេះ អ្នក​គួរ​ប្រើ​វិធីសាស្ត្រ​រៀន​តាម​ពួកគេ​ដូចជា ការ​ត្រៀម​ខ្លួន​មុន​ប្រឡង និង​ក្នុង​ពេល​ប្រឡងជាដើម ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ៕

ចុច​អាន​នៅ​ទីនេះ ៥ក្បាច់ ត្រៀមមុនប្រឡងបាក់ឌុបជាង១ខែ

ជូនពរ​សំណាង​ល្អ​ប្រឡង​ជាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ រក្សា