ទៀត​ហើយ! G-Dragon ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​សា​ជា​ថ្មី ព្រោះបញ្ហា​របួស​ក​ជើង

  • 2018-08-02 03:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន​បាន​បញ្ជាក់​ថា តារា​ចម្រៀង G-Dragon ត្រូវ​បាន​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជា​ថ្មី​ម្ដង​ទៀត ដោយ​សារ​បញ្ហា​របួស​ក​ជើង​របស់​លោក។

តាម​សារព័ត៌មាន​ប្រចាំ​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង G-Dragon ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Pocheon Armed Forces Hospital ដែល​ស្ថិត​ក្នុង​តំបន់ Pocheon នៃ​ខេត្ត Gyeonggi-do កាល​ពី​ថ្ងៃ​ទី ១២ ខែ​កក្កដា និង​បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​នោះ​ក្រោយ​សម្រាក​បាន​ ១៥ ថ្ងៃ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ខែ​កក្កដា។

តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​មាន​បញ្ហា​របួស​ក​ជើង ប៉ុន្តែ​រឿងរ៉ាវ​លម្អិត​យ៉ាង​ណា​នោះ មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ។ បើ​តាម​ខាង​មន្ទីរពេទ្យ និង​ពួក​ទាហាន​បាន​បញ្ជាក់​ដែរ​ថា G-Dragon ឈឺ​ក​ជើង​ខាង​ស្ដាំ​របស់​លោក ចាប់​តាំង​ពី​មុន​ចូល​បម្រើ​កង​ទ័ព​មក​ម៉្លេះ ហើយ​ក្រោយមក​ក៏​បាន​ធ្វើ​ការ​វះកាត់​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​សេអ៊ូល​កាល​ពី​ខែ​ឧសភា ក្រោយ​រក​ឃើញ​ថា​កជើង​មាន​បញ្ហា​មិន​ប្រក្រតី។

ជាមួយ​គ្នា​នេះ​ដែរ បើ​គិត​មក​ទល់​ពេល​នេះ តារា​ចម្រៀង G-Dragon បាន​ចំណាយ​ពេល ៥១ ថ្ងៃ​ហើយ​ក្នុង​ការ​ព្យាបាល​កជើង​របស់​លោក​នេះ ដោយ​បូករួម​ទាំង​ចំនួន ១១​ថ្ងៃ​ចំណាយ​នៅ​មន្ទីរ​ពេទ្យ​ទាហាន​នៅ Yangzhou និង ១៥​ថ្ងៃ​នៅ​ឯ​មន្ទីរ​ពេទ្យ Pocheon នេះ​ផង​ដែរ។ បើ​តាម​ការ​អះអាង​ពី​សមាគម​សិទ្ធិ​មនុស្ស​យោធា​ប្រចាំ​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ការ​សម្រាក​ព្យាបាល​ជំងឺ​ដែល​មាន​ការ​បញ្ជាក់​ត្រឹមត្រូវ​ពី​ក្រុម​គ្រូពេទ្យ គឺ​មិន​ត្រូវ​បាន​រាប់​ចូល​ថា​ជា​ការ​សម្រាក​ធម្មតា​នោះ​ទេ ហើយ​ប្រសិន​បើ​​អ្នក​ជំងឺ​បន្ត​ឈប់​លើស​ពី​រយៈពេល ៣០​ថ្ងៃ​នោះ ថ្ងៃ​ឈប់​ទាំង​នោះ​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​​ទៅ​ក្នុង​​ថ្ងៃ​បម្រើ​ការ​កង​ទ័ព​ដោយ​ស្វ័យ​ប្រវត្តិ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា