ស្រ្តីខ្មែរ បង្កើតស្នាដៃ​ច្នៃ​គ្រឿងតុបតែង​ក្នុង​ផ្ទះ ល្បីខ្លាំង​នៅ​ខេត្តសៀមរាប

  • 2018-08-02 06:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តីមួយរូប​បាន​បង្កើត​ការ​ច្នៃ​ប្រឌិត​ដោយ​ច្នៃ​ចង្កៀង​អគ្គិសនី​បែប​ខ្មែរ​ និង​គ្រឿង​សម្ភារ​តុបតែង​ក្នុង​ផ្ទះ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ខេត្ត​សៀមរាប។ ចង់​ដឹង​ថា ស្រ្តីរូប​នោះ​ជា​នរណា និង​ មាន​ទេព​កោសល្យ​ដូច​ម្ដេច សូមទស្សនា​រូបភាព និង​ការ​រៀបរាប់​ខាង​ក្រោម​នេះ៖

១. អ្នកស្រី រី ថានី វ័យ ២៧ឆ្នាំ ជាស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Norea Angkor Handicraft Co. LTD ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រុង​សៀម​រាប។ ដោយ​មើល​ឃើញ​ពី​សក្តានុពល​ នៃ​ការ​លក់​ចង្កៀង​អគ្គិសនី​បែប​ខ្មែរ និង​គ្រឿង​សម្ភារ​តុបតែង​ក្នុង​ផ្ទះ និង​ដើម្បី​រួម​ចំណែក​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក អ្នក​ស្រី ថានី បាន​បង្កើត​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០១១ បន្ទាប់​ពី​អ្នក​ស្រី​ត្រឡប់​មក​ពី​បំពេញ​ការងារ​នៅ​ប្រទេស​សិង្ហ​បុរី​វិញ​។

២. បច្ចុប្បន្ន​ក្រុម​ហ៊ុន Norea Angkor Handicraft Co. LTD ឬ ហៅ ដោយ​ខ្លីថា Norea Decor មាន​បុគ្គលិក​៣០​នាក់ ហើយ​ដែល​៨០% គឺជា​បុគ្គលិក​ស្ត្រី។ បុគ្គលិក​ទាំង​នោះ មាន​តាំង​ពី​ជាង​ដែក ជាង​ឈើ ជាង​កាត់​ដេរ និង អ្នក​ដំឡើង​ចង្កៀង​ជាដើម។ នៅ​ក្នុង​រូប​នេះ អ្នកស្រី រី ថានី កំពុង​ធ្វើការ​ជាមួយ​ជាងឈើ ដើម្បី​រៀប​ចំ​ដំឡើង​ថត​ទូ​មួយ។

៣. ការ​ផលិត​ចង្កៀង​អគ្គិសនី​ដែល​មាន​រចនា​បែប​ខ្មែរ គឺជា​ការងារ​ដែល​មមាញឹក​ជាងគេ​របស់ Norea Decor។ ការងារនេះត្រូវចាប់ផ្តើមពីការ​ដំឡើង​ស៊ុម​ចង្កៀង ដោយ​វាស់​ដែក កាត់​ដែក ពុត​ដែក និង​ផ្សារ​ដែក​ឱ្យ​ចេញ​ទៅ​ជា​រូបរាង​ស្អាត ដែល​មើល​ទៅ​ទាក់​ភ្នែក​អតិថិជន។ នៅ​ក្នុង​រូប​នេះ ជាងដែក​កំពុង​ផ្សារ​​ដែក​ដំឡើង​ស៊ុម​ចង្កៀង ដែល​មាន​រាង​ជា​ផ្កា​រំដួល​។

៤. ក្រោយ​ពី​ផ្សារ​ដំឡើង​ជា​គ្រោង​ស៊ុម​ចង្កៀង​រួច​ហើយ គ្រោង​ដែក​ទាំងនោះ​នឹង​ត្រូវ​គេ​យក​ទៅ​បាញ់​ថ្នាំ ដើម្បី​ការពារ​ច្រែះ​ចាប់។ បន្ទាប់មក កម្មករ​ផ្សេងទៀត​នឹង​យក​ផ្ទាំង​ក្រណាត់​ដែល​ជាង​កាត់​តាម​ទំហំ​រួចហើយ ទៅ​បិទ​នឹង​គ្រោង​ដែក​នោះ​។​ភាគច្រើន​នៃ​ការងារ​បែបនេះ ត្រូវ​ធ្វើ​ដោយ​បុគ្គលិក​នារីៗ ព្រោះ​ជាការ​ងារ​ស្រាល ហើយ​ទាមទារ​ការ​ផ្ចិតផ្ចង់​ខ្លាំង។ នៅ​ក្នុង​រូបនេះ បុគ្គលិក​របស់​អ្នកស្រី រី ថានី កំពុង​បិត​ក្រណាត់​លើ​គ្រោង​ស៊ុម​ចង្កៀង​រូប​ផ្កា​រំដួល​។

៥. នេះ​រូបភាព​ នៃ​ការ​ដាក់​តាំង​ចង្កៀង​ផ្សេងៗ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់ ក្រុមហ៊ុន Norea Angkor Handicraft Co. LTD។ ក្រៅពី​ការ​ផលិត​ចង្កៀង អគ្គិសនី​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក ក្រុមហ៊ុន​នេះ ក៏​មាន​ផលិត សម្ភារ​មួយ​ចំនួន​ទៀត​ដែរ​ដូចជា វាំងនន ទូ​ដាក់​សម្ភារ ខ្នើយ ក្រប​ម៉ឺនុយ​ធ្វើ​ពី​ក្រណាត់ គ្រឿង​សង្ហារិម​ផ្សេងៗ​ទៀត៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី