អ្នក​ជំនាញ​អចលនទ្រព្យ​៖ ការ​បំបែក​​ខេត្ត​ពីរ​ទៀត​នឹង​ធ្វើ​ឱ្យ​តម្លៃ​ដី​​អាច​ហក់​​ឡើង​១​គុណ​នឹង​១០០

  • 2018-09-01 07:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ព្រម​ព្រាង​​បង្កើត​ខេត្ត​ពីរ​បន្ថែម​ទៀត អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា នឹង​រុញ​ល្បឿន​​​ការ​​អភិវឌ្ឍ​ ព្រមទាំង​​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ ​ឱ្យ​ហក់​ខ្ពស់​ជាង​មុន​។ ហក់​ឡើង​អាច​១​គុណ​នឹង ​១០០% ឬ​លើស​ពី​នេះ។ ​

កាលពី​ថ្ងៃ​ទី២៨ ខែ​សីហា ២០១៨ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ចារ​យល់ព្រម​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន២។

សូមចុចអាន៖ ឆ្នាំ២០១៩ ពលរដ្ឋខ្មែររស់នៅខេត្តទាំង២នេះ ត្រៀមមានឈ្មោះរស់នៅក្នុងខេត្តថ្មី

លោក ស៊ា ឆៃលីន អគ្គនាយក​ក្រុមហ៊ុន​​ឆៃ លីនស៊ា CL Realty បាន​ឱ្យ​ដឹង​តាម​ទូរសព្ទ​ថា តាម​បទ​ពិសោធន៍​កន្លង​ ការ​បំបែក​​ខេត្ត ​ឬ​ក្រុង​ថ្មី​ គេ​​​ត្រូវ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​​មក​រស់​នៅ​កាន់​តែ​ច្រើន​។ ជាក់ស្ដែង​ដូចជា​ការ​បំបែក​ខេត្ត​ត្បូង​ឃ្មុំ​ បាន​​​ធ្វើ​ឱ្យ​តំបន់​នោះ​​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​ ហើយ​តម្លៃ​ដីធ្លី​ក៏​បាន​ពុះ​កញ្រ្ជោល​ខ្លាំង ដែល​​នេះ​ គឺជា​ការពិត​មួយ​​ បន្ទាប់​ពី​​លោក​បាន​ចុះ​ទៅ​​ដល់​ទីតាំង​ពុះ​ដី​ឡូតិ៍​លក់។ ​

អញ្ចឹង​បើ​សិន​ជា​មាន​ការ​ហែក​ខេត្ត​ថ្មី​មួយ​ទៀត នៅ​ចន្លោះ​ខេត្ត​កណ្ដាល​​ ដូច​ដែល​ខ្ញុំ​​​បាន​​លើក​ឡើង​ខាង​លើ​ ការ​​បន្ត​រីកចម្រើន​​អាច​មាន​សក្ដានុពល​ខ្ពស់ និង​រុញ​ឱ្យ​តម្លៃ​ដីធ្លី​មាន​តម្លៃ​ស្មើ​នឹង​ក្រុង​តា​ខ្មៅ និង​​អាច​ស្មើ​នឹង​តំបន់​ផ្សេងទៀត​នៅ​ជាយ​រាជធានី​ភ្នំពេញ​​”។ លោក ស៊ា ឆៃលីន បន្ថែម។

លោក​​បាន​ឱ្យ​ដឹង​ទៀត​ថា​ តម្លៃ​ដីធ្លី​នៅ​​ខេត្ត​កណ្ដាល​បច្ចុប្បន្ន​​មាន​តម្លៃ​​ចន្លោះ​ពី ៥០​​ដុល្លារ រហូត​ដល់ ២០០​ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ដោយ​មិន​រាប់​បញ្ចូល​តម្លៃ​ដី​នៅ​ក្រុង​តាខ្មៅ​ទេ​​​។ “ដូច្នេះ​បើ​​អ្នក​ឆាប់​ឆក់​យក​ឱកាស​ ដោយ​ទិញ​ដី​នៅ​ចំ​កណ្ដាល​ ឬ​ក្បែរ​ៗ​ក្រុង​បង្កើត​ថ្មី​នឹង​អាច​មាន​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​។ ដី​អាច​​ឡើង​ដល់ ១​គុណ​នឹង​១០០%​ គុណ​៥០០% ឬ​អាច​គុណ​នឹង​១០០០% ក៏​ថា​បាន​ដែរ​នៅ​តំបន់​ខ្លះ”។

​​លោក​បន្ត​ដោយ​​មាន​សុទិដ្ឋិនិយម​ច្រើន​ចំពោះ គម្រោង​បង្កើត​ខេត្ត​ថ្មី ខណៈ​ដី​នៅ​តំបន់​ទាំង​នោះ​មិនមែន​តម្លៃ​ខ្ពស់​នៅឡើយ​​ បែរ​ជា​រាជរដ្ឋាភិបាល​​បាន​ប្រកាស​​គម្រោង​ឡើង​​ ដែល​នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​មួយ​​។ រីករាយ​ដោយ​គេ​អាច​​ស្រវា​ទិញ​ដី​ ព្រមទាំង​បោះ​ទីតាំង​ទុក​ជាមុន និង​រីករាយ​ដោយសារ​តែ​សេវា​សាធារណៈ​ផ្សេង​ត្រូវ​បាន​បង្ខិត​ឱ្យ​កាន់តែ​កៀក​ជាង​មុន​។ លោក​ជឿ​ថា រាជរដ្ឋាភិបាល​ប្រាកដ​ជា​បាន​សម្លឹង​ឃើញ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​លំហូរ​សេដ្ឋកិច្ច ការ​ដឹកជញ្ជូន និង​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​​នៅ​តំបន់​នោះ​។

អញ្ចឹង​សម្រាប់​ខ្ញុំ​ចម្លើយ​ គឺ​យើង​យល់​ស្រប​តែ​ម្តង អ្វី​ដែល​ឪពុក ម្ដាយ​​…ដូចជា​ឪពុក​ម្ដាយ​យើង​អញ្ចឹង គឺ​រាជរដ្ឋាភិបាល​ជា​អាណាព្យាបាល​របស់​យើង​គឺ​គាត់​ដឹង​គ្រប់​ជ្រុង​ជ្រោយ​នៅ​ក្នុង​ការ​ធ្វើ​ហ្នឹង”។

ទន្ទឹម​​គ្នា​នេះ ​​លោក ភារម្យ វិចិត្រដារ៉ា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ECC បាន​លើក​ឡើង​ថា​ នេះ​គឺជា​បរិបថ​ថ្មី​​មួយ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​ប្រែប្រួល​បន្ថែម​ទៀត ព្រោះ​ខេត្ត​កណ្ដាល​មាន​ភូមិសាស្ត្រ​ក្បែរ​រាជធានី​ភ្នំពេញ​។

ចំណែក​នៅ​ភូមិសាស្ត្រ​ស្រុក​កោះញែក និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី ដែល​មានការ​អភិវឌ្ឍ​ទំហំ​តូច​ អាច​ប្រែ​មក​​លឿន​ និង​ធំ​ជាង​មុន​ ព្រមទាំង​ក្លាយ​ជាទី​ប្រជុំ​ជន និង​ជា​តំបន់​ទេសចរ​ធម្មជាតិ​ផងដែរ ព្រោះ​វា​ស្ថិត​នៅ​ចំណុច​កណ្តាល។​

បច្ចុប្បន្ន​ដី​នៅ​តំបន់​បំបែក​គួរ​ស្រូវ​ ក្នុង​ខេត្ត​កណ្ដាល​មាន​តម្លៃ​ខ្ទង់​ ១៤០​ដុល្លារ ទៅ​១៥០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​បើ​ខេត្ត​ថ្មី​ត្រូវ​បាន​បំបែក​មែន​តម្លៃ​ដី​អាច​ហក់​​ឡើង​យ៉ាង​តិច​ក៏ ១០០​ដុល្លារ​ដែរ​។ ចំពោះ​ស្រុក​កោះញែក​វិញ​​ក៏​​អាច​ក្លាយ​ជា​ប្រជុំ​ជន​មួយ​ទៀត​ ពោល​គឺ​វា​ជា​ទីប្រជុំជន​ទេសចរ​ធម្មជាតិ​។ ខ្ញុំ​ជឿ​ថា​ខេត្ត​ថ្មី​បំបែក​ចេញ​ពី​រតនគិរី និង​មណ្ឌល​គិរី រដ្ឋាភិបាល​អាច​ផ្ដោត​លើ​ទេសចរ​ធម្មជាតិ​ច្រើនជាង​​”។

​ក្នុង​លិខិត​ចំណារ​យល់ព្រម​របស់​ សម្ដេច ហ៊ុន សែន​ បាន​ធ្វើ​ឡើង​លើ​លិខិត​ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​មួយ​របស់​ក្រសួង​មហាផ្ទៃ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៧ ខែ​សីហា ២០១៨ កន្លង​ទៅ។ ក្នុង​លិខិត​ បញ្ជាក់​ថា ក្នុង​ករណី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ឯកភាព​ជា​គោលការណ៍​ហើយ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​មន្ត្រី​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ព័ន្ធ ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង ដើម្បី​រាយការណ៍​សុំ​យោបល់​ដឹកនាំ​ជា​បន្តបន្ទាប់​ពី​សម្ដេច​នាយករដ្ឋមន្ត្រី។

ការ​រៀបចំ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​នេះ នឹង​ធ្វើ​ឲ្យ​ចប់​សព្វគ្រប់​នៅ​ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ទុក​ពេលវេលា​សមស្រប​សម្រាប់​រាជរដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ដែល​តាម​អាណត្តិ​កំណត់​ក្នុង​ច្បាប់ គឺ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ៕

អត្ថបទ៖ សុផល