អាមេរិកពួតដៃជប៉ុន បញ្ចេញសាច់ដុំនៅសមុទ្រចិនខាងត្បូង

  • 2018-09-02 07:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​របស់​សហរដ្ឋអាមេរិក និង​ជប៉ុន បាន​រួម​ដៃ​គ្នា​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បង្ហាញ​ពី​អនុភាព​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​របស់​ខ្លួន។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ផ្លូវ​ការ​ឲ្យ​ដឹង​ថា កងម្លាំង​នៃ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​របស់​អាមេរិក និង​កង​ទ័ព​អាកាស​ជប៉ុន បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ នៅ​ក្នុង​សមយុទ្ធ​នេះ គេ​ឃើញ​វត្តមាន​ដ៏​កម្រ​របស់​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ជប៉ុន​ឈ្មោះ Kaga រួម​ជាមួយ​នាវា​ពិឃាដ​ពីរ​ទៀត​គឺ Inazuma និង Suzutsuki។ ចំណែក​ឯ​ភាគី​អាមេរិក​វិញ គេ​សម្គាល់​ឃើញ​ថា​មាន​ការ​ចូលរួម​ដោយ​ប្រើប្រាស់​នាវា​ផ្ទុក​យន្តហោះ Ronald Reagan, នាវា​ពិឃាដ USS Antietam និង​នាវា​កម្ទេច​មីស៊ីល USS Milius។

(នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ជប៉ុន​ឈ្មោះ Kaga)
(នាវា​ផ្ទុក​យន្តហោះ Ronald Reagan របស់អាមេរិក)

គោល​បំណង​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ គឺ​ដើម្បី​បម្រើ​ចក្ខុវិស័យ​របស់​អាមេរិក​ស្ដី​អំពី "តំបន់អាស៊ី​ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ” ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក្នុង​តំបន់។ ប៉ុន្តែ​ចក្ខុវិស័យ​នេះ មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ជា​គោល​បំណង​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

(នាវា​ផ្ទុក​យន្តហោះ Ronald Reagan របស់អាមេរិក)

យ៉ាង​ណា​ក៏​ដោយ ជា​ការ​ឆ្លើយ​តប​ យោធា​របស់​ចិន​ត្រូវ​បាន​រាយការណ៍​ថា​ដាក់​ពង្រាយ​បច្ចេកវិទ្យា​រាំង​ស្ទះ, មីស៊ីល​កម្ទេច​នាវា, មីស៊ីល​ពី​ដី​ទៅ​អាកាស និង​យន្តហោះ​ទម្លាប់​គ្រាប់​បែក​ធន់​ធ្ងន់​ជា​ច្រើន​គ្រឿង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ផ្ទុយ​ទៅ​វិញ ទង្វើ​នេះ​ត្រូវ​បាន​រដ្ឋលេខាធិការ​ការពារ​ជាតិ​អាមេរិក​ចោទ​ប្រកាន់​ចិន​ថា កំពុង​បំភិតបំភ័យ និង​គំរាមកំហែង​នៅ​តំបន់​កំពុង​មាន​ជម្លោះ៕

(មីស៊ីល​ពី​ដី​ទៅ​អាកាសរបស់ ចិន)
(យន្តហោះ​ទម្លាប់​គ្រាប់​បែក​ធន់​ធ្ងន់​របស់ ចិន)

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន