Messi យល់​យ៉ាង​ណា​ ចំពោះ​ការ​ចាក​ចេញ​របស់ Ronaldo ពី Real ទៅ Juventus?

  • 2018-09-04 11:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​និយាយ​ថា ខ្លួន​មាន​ការ "ភ្ញាក់​ផ្អើល" ចំពោះ​ការ​ចាក​ចេញ​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ពី​ក្លឹប Real Madrid ទៅ​ចូល​រួម​ជាមួយ Juventus។ កីឡាករ​អាហ្សង់ទីន គិត​ថា​ការ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ នឹង​ធ្វើ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ដែល​មាន​មូលដ្ឋាន​នៅ Madrid ខ្សោយ​ជាង​មុន។

ប្រភព៖ Catalunya Radio

Messi បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ពិត​ណាស់ Real Madrid ស្ថិត​ចំណោម​ក្លឹប​មួយ​ដែល​ល្អ​បំផុត​លើ​លោក។ ពួក​គេ​មាន​កីឡាករ​ល្អៗ​ច្រើន ប៉ុន្តែ​ការ​ចាក​ចេញ​របស់ Cristiano នឹង​ធ្វើ​ឲ្យ​ក្លឹប​ខ្សោយ​ជាង​មុន"។

ប្រភព៖ Catalunya Radio

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​បន្ត​ទៀត​ថា៖ "ការ​ផ្ទេរ​នេះ ធ្វើ​ឲ្យ Juventus ក្លាយ​ជា​ក្លឹប​មួយ​ដែល​មាន​សមត្ថភាព​ប្រជែង​យក​ពាន Champions League ក្នុង​រដូវ​កាល​នេះ។ តាម​ពិត​ទៅ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ការ​សម្រេច​ចិត្ត​របស់ Cristiano។ មាន​ក្រុម​ជា​ច្រើន​ដែល​ល្បី​ថា​ចង់​បាន​រូប​គេ ហើយ​ខ្ញុំ​មិន​សូវ​ឮ​ច្រើន​ទេ​ពី​ចំណាប់​អារម្មណ៍​របស់​ Juventus។ ទោះជាយ៉ាងណា ​ក្លឹប​អ៊ីតាលី​មួយ​នេះ គឺ​ជា​ក្លឹប​ដែល​ល្អ​ណាស់"។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ ខ្សែ​ប្រយុទ្ធLionel Messi និង Cristiano Ronaldo ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ចាត់​ទុក​ថា​ជាដៃ​គូ​ដ៏​ស្វិតស្វាញ​ក្នុង​ការ​ប្រជែង​គ្នា​ដណ្ដើម​យក​ពាន​រង្វាន់​កីឡាករ​បាល់ទាត់​ល្អ​បំផុត​លើ​លោក។ ក្នុង​អំឡុង​ពេល​ ១០ ឆ្នាំកន្លងទៅនេះ ទាំង Messi និង Ronaldo សុទ្ធតែឈ្នះ Ballon D'or ៥ លើក​ដូច​គ្នា។

ទោះ​ជា​យ៉ាង​ណា បើ​តាម​លទ្ធផល​ប្រកាស​ដោយ FIFA កាល​ពី​ម្សិលមិញ Messi មិន​ស្ថិត​ចំណោម​បេក្ខភាព​ទាំង​បី​ដើម្បី​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ឡើយ។ ការណ៍​នេះ បាន​កើត​ឡើង​ជា​លើក​ដំបូង​បំផុត ក្នុង​រយៈ​ពេល ១២ ឆ្នាំ សម្រាប់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន។

បក​និយាយ​ពី Cristiano Ronaldo វិញ កាល​ពី​ខែ​កក្កដា ខ្សែ​ប្រយុទ្ធ​បាន​ធ្វើ​ការ​ផ្ទេរ​ទៅ​ក្លឹប Juventus ក្នុង​តម្លៃ​ប្រមាណ ១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទោះ​យ៉ាង​ណា ក្រោយ​លេង​ ៣ ប្រកួត​លីគ​ឲ្យ​ក្លឹប​ថ្មី​របស់​ខ្លួន កីឡាករ​ព័រទុយហ្គាល់​មិនទាន់រក​គ្រាប់​បាល់​បាន​នៅ​ឡើយ​ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម