ឌីន​ ណាផូ​ ថា​ មឿន​ សុខហ៊ុច​ វ៉ៃ​តោង​តែ​ខ្សែ​សង្វៀន​សោះ ឈ្នះ​ដែរ​

  • 2018-09-10 02:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​ ឌីន​ ណាផូ​ ពិត​ជា​មិន​អស់​ចិត្ត​ និង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទាល់តែ​សោះ​ ដែល​សម្រេច​ឲ្យ​កីឡាករ​កម្ពុជា​ មឿន​ សុខហ៊ុច​ ឈ្នះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ម្សិលមិញ​នេះ​ ខណៈ​ស្នៀត​ប្រយុទ្ធ​មិន​ជា​អី​អស្ចារ្យ​ វ៉ៃ​គិត​តែ​តោង​សង្វៀន។​

កីឡាករ ឌីន ណាផូ​

ឌីន​ ណាផូ​ បាន​ឲ្យ​ដឹង​ក្រោយ​ប្រកួត​ថា​ រូប​គេ​ពិត​ជា​មិន​អស់​ចិត្ត​ទៅ​នឹង​លទ្ធផល​ម្សិលមិញ​នេះ​ទេ មិន​សម​ណា​ខ្លួន​ចាញ់​នោះ​ឡើយ​ ព្រោះ​អី​ទាំង​ជំហរ​ និង​ស្នៀត​ប្រយុទ្ធ​រួម​ទាំង​ការ​វ៉ៃ​ចេញ​ចំ​គោលដៅ​ច្រើន។​ ចំណែក​អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​ មិន​ទាំង​មាន​ស្នៀត​អ្វី​ និង​វ៉ៃ​ត្រូវ​ខ្លួន​ណាស់ណា​នោះ​ទេ​ ហើយ​ក្នុង​ចំណោម​៥ទឹក​នេះ​ មើល​ឃើញ​ថា​ល្អ​បាន​ត្រឹម​ទី៥បន្តិច​ប៉ុណ្ណោះ។​

ឌីន​ ណាផូ(ខៀវ)

អ្នក​ប្រដាល់​កូន​កាត់​បារាំង​ ថៃ​ ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ អាជ្ញាកណ្ដាល​កាន់​ជើង​ខាង​កីឡាករ​ខ្មែរ​ ព្រោះ​អី​ដៃគូ​ប្រកួត​តោង​សង្វៀន​រហូត​ តែ​មិន​ឃើញ​មាន​ព្រមាន​ ឬ​ដក​ពិន្ទុ​អ្វី​ឡើយ។​ ការ​កាត់​សេចក្ដី​នេះ​ គឺ​ធ្វើ​ឲ្យ​ខ្លួន​ខូច​ចិត្ត​ និង​បាក់​ទឹក​ចិត្ត​តែ​ម្ដង​ ហើយ​ប្រហែល​មិន​មក​ចូលរួម​ប្រកួត​នៅ​ស្រុក​ខ្មែរទៀត​ទេ។​

ឌីន​ ណាផូ(ខៀវ)

ទាក់ទិន​ទៅ​នឹង​ការ​មិន​ពេញ​ចិត្ត​នេះ​ដែរ​ មឿន​ សុខហ៊ុច​ ផ្ទាល់​ក៏​លើក​ឡើង​ដែរ​ថា​ លទ្ធផល​ដែល​ខ្លួន​ឈ្នះ​នេះ​វា​សម​ហើយ​ ព្រោះ​អី​ខ្លួន​វ៉ៃ​ត្រូវ​បាន​ច្រើន។​ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ​នៅ​ឯ​ប្រទេស​ថៃ​វិញ​ ខ្លួន​ប្រហែល​ជា​ចាញ់​ហើយ​ ដោយ​ដួល​ និង​ហាក់​ជ្រាយ​បន្តិច​យ៉ាង​ណា​មិញ​ការ​ផ្ដល់​ពិន្ទុ​នៅ​ខ្មែរ​គឺ​ខុស​គ្នា​ពី​ថៃ​ អ្នក​ណា​វ៉ៃ​ត្រូវ​ច្រើន​គឺ​ឈ្នះ​ហើយ។​

ពិធីប្រគល់ពាន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ទម្ងន់​ ៦៥​គីឡូក្រាម​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​កញ្ញា​ ២០១៨​ ដោយ​ មឿន​ សុខហ៊ុច​ ឈ្នះ​ពិន្ទុ​ដោយ​មិន​ឯកច្ឆាន​ ៣-២​ លើ​កីឡាករ​ថៃ​ ឌីន​ ណាផូ។​ ដូច្នេះ​ មឿន​ សុខហ៊ុច​ ជាប់​លេខ១​ និង​លេខ២​ ឌីន​ ណាផូ​ លេខ៣​ ក្រៀង​ ក្រៃ​ និង​លេខ៤​ ឆៃ​ សារ៉ា៕​

អត្ថបទ៖ នួន ស៊ីណា​