ឱកាស​ល្អ​មកដល់​ទៀត​ហើយ! សិស្ស​ឆ្នើម​២០រូប នឹង​ទទួល​បាន​អាហារូបករណ៍​ពី​កម្មវិធី SmartEdu

  • 2018-09-12 07:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារូបករណ៍​ចំនួន 20 កន្លែង​នឹង​ត្រូវ​បាន​ផ្ដល់​ជូន​សិស្ស​ឆ្នើម ដែល​ទើប​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ 2018 នេះ​ តាម​រយៈ​កម្មវិធី​អាហារូបករណ៍ SmartEdu​ របស់​ក្រុមហ៊ុន Smart Axiata ដែល​ជា​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​នាំ​មុខ​គេ​នៅ​កម្ពុជា។

អាហារូបករណ៍ SmartEdu មាន​តម្លៃ​សរុប​រហូត​ដល់​ទៅ 15 000​ ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​រាប់​បញ្ចូល​ទាំង​ថ្លៃ​បង់​សាលា និង​ការ​ចំណាយ​លើ​ការ​រស់នៅ ក្នុង​អំឡុង​ពេល​ នៃ​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​របស់​ពួកគេ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុន Smart Axiata Co., Ltd ដែល​បាន​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ម្សិលមិញ​នេះ។

រូបភាព​សិស្សបាក់ឌុប ក្រោយពេលប្រឡង​​ចប់​កាល​ពេលកន្លងទៅ​ថ្មីៗ​នេះ

សេចក្ដីប្រកាស​ដដែល​បាន​ឲ្យដឹង​ទៀត​ថា កម្មវិធី​អាហារូបករណ៍​ SmartEdu​ នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង ដើម្បី​ជួយ​ដល់​សិស្ស​ឆ្នើម​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​ខ្លួន ហើយ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ ប៉ុន្តែ​មិន​អាច​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ និង ក្ដី​ស្រមៃ​របស់​ខ្លួន​ដោយសារ​តែ​ជីវភាព​ខ្វះខាត។​

លោក​ ថូម៉ាស​ ហ៊ុន​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Smart Axiata បានថ្លែងថា៖ “​អាហារូបករណ៍​នេះ​ មាន​បំណង​បង្កើត​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​សិស្ស ​ដើម្បី​ឲ្យ​​ពួកគេ​​បាន​បន្ត​​ការ​​សិក្សា​​ខ្ពស់​​មួយ​​កម្រិត​​ទៀត​ ជា​ពិសេស​អ្នក​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​សិក្សា ​និង​ធ្វើ​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​​មិន​មាន​ជោគ​វាសនា ​ឬ​ក៏​មាន​អារម្មណ៍​ថា​ចង់​បោះបង់​ការ​សិក្សា ​ដោយសារ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​។ ក្រុម​ហ៊ុន Smart​ មាន​មោទនភាព​នឹង​ចូលរួម​ជា​ផ្នែក​មួយ ​នៃ​ការ​ចាប់​ផ្ដើម​ជំពូក​ថ្មី​សម្រាប់​ដំណើរ​ជីវិត​របស់​និស្សិត​ទាំង​ 20​ នាក់​នេះ"។

សិស្ស​វិទ្យាល័យ​ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ឆ្នាំ 2018 នេះ អាច​ដាក់​ពាក្យ​អាហារូបករណ៍​នេះ ដើម្បី​សិក្សា​តាម​សាកលវិទ្យាល័យ​ល្បីៗ​នៅ​ប្រទេស​កម្ពុជា ដែល​គ្រប់គ្រង​ដោយ ក្រសួង​អប់រំ យុវជន និង កីឡា និង​ វិទ្យាស្ថាន​ជាតិ NIPTICT នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍។

កម្ម​វិធី​អាហារូបករណ៍​ SmartEdu​ បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ចំនួន 30 នាក់ ក្នុង​រយៈពេល​ពីរឆ្នាំ​កន្លង​មក​នេះ។ និស្សិត ហ៊ាន មៃលាង ដែល​ជា​ជ័យលាភី​អាហារូបករណ៍​ឆ្នាំ២០១៦ នៃ​កម្មវិធី​អាហារូបករណ៍​ SmartEdu​ បាន​និយាយ​ថា៖​ ”ខ្ញុំ​មិន​អាច​ស្រមៃ​ថា​តើ​ជីវិត​របស់​ខ្ញុំ​នឹង​ជួប​ការ​លំបាក​យ៉ាង​ណា​ទេ បើ​មិន​មាន​កម្មវិធី​អាហារូបករណ៍ SmartEdu សម្រាប់​ជួយខ្ញុំ។ អាហារូបករណ៍​នេះ​មិន​ត្រឹមតែ​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​លើក​ទឹកចិត្ត​ឲ្យ​ខ្ញុំ​ចេះ​កែ​លម្អ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដ៏​ល្អ​ប្រសើរ និង មាន​សមត្ថភាព​នៅ​ក្នុង​សង្គម”។

សកម្មភាព​សិស្ស​ពេលប្រឡង​បាក់ឌុប​កាល​ពី​អំឡុង​ខែសីហា កន្លងទៅ

ដើម្បី​ដាក់​ពាក្យ​អាហារូបករណ៍ សិស្ស​ត្រូវ​តែ​ទទួល​បាន និទ្ទេស​រួម A ឬ B ពី​ការ​ប្រលង​បាក់​ឌុប​ខែ​សីហា ឆ្នាំ 2018 កន្លង​ទៅនេះ។ ការ​ដាក់​ពាក្យ​អាច​ធ្វើ​បាន​តាមរយៈ​គេហទំព័រ http://smartedu.com.kh/index.php/en/ ឬ ទទួល​យក​ពាក្យ​សរសេរ ដៃ​នៅ​តាម​សាខា ​Smart Shop ទូទាំង​ប្រទេស អោយ​បាន​មុន​ថ្ងៃ​ទី 10 ខែ តុលា ឆ្នាំ2018។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​របស់ Smart តាមរយៈ https://www.facebook.com/smartforcambodia/ ឬ​ចូល​ទៅ​កាន់​គេហទំព័រ https://www.smart.com.kh/

អត្ថបទ៖ ប៊ិន ប៊ុណ្ណា