Huawei បង្ហោះ​សារ​ថ្មី​ បង្កប់​ន័យ​ចាក់​ដោត​ Apple ដែលទើបប្រកាសចេញ iPhone ក្ដៅៗ

  • 2018-09-13 03:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR និង XS/XS Max បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​លើ​សារព័ត៌មាន​ជា​ច្រើន។ ចំណែក​ Huawei ឯណោះ​វិញ​ក៏​​សកម្ម​ខ្លាំង​ណាស់​ដែរ​នៅ​លើ​បណ្ដាញ​សង្គម ក្រោយ​ពី iPhone ជំនាន់​ថ្មី​ប្រកាស​ចេញ។

តាម​រយៈ​គណនី​ Twitter ផ្លូវ​ការ​របស់​ខ្លួន​ Huawei បាន​បង្ហោះ​រូប​ភាព​ និង​វីដេអូ​ដែល​មាន​បង្កប់​ន័យ​ឌឺ​ដង​ដល់​ Apple។ ដំបូង​គេ​​គឺ​ទំនង​ជា​រូបភាព​នៃ​ Huawei Mate 20 Pro ដែល​ Huawei គ្រោង​បង្ហាញ​ចេញ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​តុលា​ខាង​មុខ។

ជា​មួយ​រូបភាព​នេះ​ Huawei បាន​សរសេរ​អក្សរ​ធំៗ​ដែល​មាន​អត្ថន័យ​​ថា ៖ "អរគុណ ដែល​អនុញ្ញាត​ឲ្យ​យើង​ក្លាយ​ជា​វីរបុរស​ពិត​ប្រាកដ​ប្រចាំ​ឆ្នាំ​”។ គេ​ជឿ​ជាក់​ថា​នេះ​ជា​សារ​ដែល​ Huawei ចង់​ផ្ញើ​ទៅ​កាន់​ Apple ក្នុង​អត្ថន័យ​បញ្ឈឺ និង​ឲ្យ​សញ្ញា​ថា​ Huawei Mate 20 Pro ​ឯ​ណោះ​ទេ​ដែល​ជា​តួ​ឯក​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ។

​ទីពីរ​គឺ​ជា​វីដេអូ​ខ្លី​បង្ហាញ​ពី​មនុស្ស​រត់​ក្នុង​​កង​រង្វង់​ ដែល​កង​រង្វង់​នេះ​​ស្រដៀង​គ្នា​នឹង​រូបភាព​ Apple ​ប្រើ​​ប្រាស់​ក្នុង​ការ​ផ្សាយ​ពី​កម្មវិធី​របស់​ខ្លួន​ដែរ។ មនុស្ស​រត់​ក្នុង​កង​រង្វង់​ រួច​ហើយ​ក៏​រត់​ចេញ​ពី​រង្វង់​ ដោយ​បាន​និយាយ​ ៖ "អរគុណ​អ្នក ដែល​បាន​ទ្រាំទ្រ​ពួក​យើង​​ក្នុង​នាម​ជា​​​ក្រុមហ៊ុន​ច្នៃ​បង្កើត​ថ្មី​​”។ ​​

​​​​​ទី​បី​ជា​វីដេអូ​ខ្លី​មួយ​​ដែល​បើក​ក្បាល​ដំបូង​មាន​រំលេច​នូវ​អក្សរ​ "SAME” (មាន​ន័យ​ថា​ដដែល) ហើយ​ចុង​បញ្ចប់​មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ដែល​មាន​ន័យ​ថា ៖ "អរគុណ​អ្នក​ ដែល​​រក្សា​​គ្រប់​យ៉ាង​​ឲ្យ​នៅ​ដដែល”។ នេះ​ប្រៀប​ដូច​ជា​សារ​និយាយ​ទៅ​កាន់​ Apple ដែល​​ប្រើ​ប្រាស់​រចនាបថ​ដដែល​លើ​ iPhone ជំនាន់​ថ្មី។

តាម​រយៈ​សារ​ទាំង​បី​នេះ​ គេ​រំពឹង​ថា​ Huawei Mate 20 Pro អាច​នឹង​មាន​បង្កប់​មុខងារ​ពិសេសៗ និង​រូប​រាង​ប្លែក​ ដែល​អាច​ធ្វើ​ឲ្យ​លេច​ធ្លោ​ជាង​ iPhone ជំនាន់​ថ្មី ដែល​ Apple ទើប​ប្រកាស​ចេញ៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម