ស្ទើរ ៩៩ ភាគរយ​នៅ​ចែក​មិន​ដាច់​ពី​ប្រព័ន្ធ​ដំណើរការ​ស៊ីម ២ (eSIM) លើ​ iPhone XS

  • 2018-09-13 11:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ iPhone ស៊េរី​ឆ្នាំ ២០១៨ ទាំង ៣ ម៉ូឌែល អាច​គាំទ្រ​ការ​ដំណើរការ​ស៊ីម ២ (eSIM) ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដូច​មាន​បំពាក់​លើ​ផលិតផល​គូ​ប្រជែង Google Pixel 2 ដំណើរការ​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក។ តើ​អ្វី​ទៅ​ជា​ប្រព័ន្ធ eSIM ចុះ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ប្រើប្រាស់?

+អ្វី​ទៅ​ជា eSIM:

រូបតំណាងបន្ទះឈីប eSIM

eSIM ឬ​ពាក្យ​ពេញ **embedded SIM** ជា​ប្រព័ន្ធ​ដំណើរការ​ស៊ីម​ជំនួយ​ទី​ពីរ​បំពាក់​ស្រាប់​ក្នុង​ម៉ាស៊ីន ពុំ​មែន​ជា​បន្ទះ​ស៊ីម​កាត​អាច​មើល​ឃើញ​នៅ​នឹង​ភ្នែក​ផ្ទាល់​នោះ​ទេ បែប​នេះ​មាន​ន័យ​ថា​លើ iPhone នោះ​មាន​ប្រអប់​ស៊ីម​កាត​ nano-SIM ធម្មតា​មួយ និង​ស៊ីម​ទី​ពីរ​ជា eSIM បន្ទះ​ឈីប​រាង​តូច​ (ស្រដៀង​ឈីប NFC) បំពាក់​ភ្ជាប់​ក្នុង​ម៉ាស៊ីន។ ដើម្បី​ដំណើរការ​ប្រព័ន្ធ​ពិសេស​នេះ​បាន ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ពី​បណ្ដាញ​ឬ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដូច​បាន​បង្ហាញ​ពី​បញ្ជី [Apple](https://support.apple.com/en-us/HT209096) កំណត់ ដោយ​នៅ​សហរដ្ឋអាមេរិក​កំពុង​គាំទ្រ​ជាមួយ​ក្រុមហ៊ុន Verizon, AT&T និង T-Mobile។

+អត្ថប្រយោជន៍​ពិសេស​នៃ eSIM:

ប្រយោជន៍​សំខាន់​បំផុត​គឺ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ក្រៅ​ស្រុក ដោយ​អាច​បើក eSIM ប្រើប្រាស់​ប្រព័ន្ធ Roaming បាន​ដោយ​សេរី ហើយ​យក​ប្រអប់​ nano-SIM ធម្មតា​មក​ប្រើប្រាស់​ជាមួយ​ស៊ីម​ប្រចាំ​តំបន់​នោះ​ផ្ទាល់​បន្ថែម​ពី​លើ​ក៏​បាន។

រូបតំណាងប្រអប់ nano-SIM

លោក Steve Alder នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បណ្ដាញ​ទូរសព្ទ Truphone ក៏​មាន​ប្រសាសន៍​ថា៖ "វា​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ផ្លាស់ប្ដូរ​បណ្ដាញ​ប្រើប្រាស់​បាន​រហ័ស ទោះ​អ្នក​ស្ថិត​ក្នុង​តំបន់​ដែល​គ្មាន​សេវា ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​អំពើ​ចោរកម្ម មួយ​ផ្សេង​ទៀត​ដោយ​អតិថិជន​និង​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​បណ្ដាញ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ខ្ពស់ នោះ​ទៅ​ថ្ងៃ​មុខ eSIM នឹង​មាន​តួ​លេខ​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើង "។

សម្រាប់​ឧបករណ៍​ផ្ទាល់​ការ​ដំណើរការ eSIM ក៏​ផ្តល់​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បង្គំ​ដោយ​មិន​ទាមទារ​ទីតាំង​ធំ​ដូច​ការ​បំពាក់​ប្រអប់ Hybrid SIM ពិសេស​ជាង​នេះ​ក៏​មិន​ពិបាក​ដល់​អតិថិជន​ក្នុង​ការ​ទុក​ដាក់​ SIM Card ឬ​យក​តាម​ខ្លួន​គ្រប់​ពេល​នោះ​ទេ។​

យ៉ាងណាមិញ​ដូច​បាន​បញ្ជាក់​ពី​ខាង​លើ​ម្ចាស់ iPhone សេរ៊ី​ថ្មី​គ្រប់​រូប ត្រូវ​រង់ចាំ​ដល់​ដំណើរការ iOS 12 ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ពុំ​មាន​ន័យ​ថា​សុទ្ធ​តែ​អាច​ដំណើរការ​ស៊ីម ២ បាន​នោះ​ទេ ដរាប​ណា​មាន​ការ​គាំទ្រ​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ក្នុង​ស្រុក ស្រប​ពេល​បច្ចុប្បន្ន​បញ្ជី​ដៃ​គូ​បើក​ដំណើរការ​ប្រព័ន្ធ eSIM ទូទាំង​សកលលោក​ទើប​មាន​តែ​ក្នុង​ប្រទេស​អូទ្រីស, ហុងគ្រី, កាណាដា, ឥណ្ឌា, ក្រូអាត, អេស្ប៉ាញ, សាធារណរដ្ឋឆេក, អង់គ្លេស, អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក ខណៈ​ក្រុមហ៊ុន​នៃ​ប្រទេស​ដទៃ​ទៀត​អាច​កំពុង​សម្លឹង​ពី​សក្ដានុពល​នៃ​ទំហំ​អ្នក​ប្រើប្រាស់​ជា​បណ្តើរៗ​សិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors | Pocket Lint   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី