ត្រូវលាងរថយន្តញឹកញាប់ប៉ុណ្ណា ដើម្បីថែទាំផ្នែកខាងក្នុងនិងក្រៅរថយន្តឲ្យបានល្អ?

  • 2018-09-25 06:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់រថយន្តគ្រប់រូប ការថែទាំរថយន្តជារឿងចាំបាច់ ព្រោះវាមិនត្រឹមតែជួយបង្ការកុំឲ្យអស់លុយច្រើនក្នុងការជួសជុលម្ដងៗនោះទេ ប៉ុន្តែក៏ធ្វើឲ្យរថយន្តនៅតែរក្សាតម្លៃបានយូរ អាចលក់ចេញទៅមិនខាតច្រើន។ បើនិយាយពីការថែទាំរថយន្តនោះ មានដូចជាការប្ដូរប្រេងម៉ាស៊ីន បន្ថែមទឹក ឆែកបញ្ហាម៉ាស៊ីន ហើយសូម្បីតែការលាងសម្អាតរថយន្ត ក៏ជា​ការថែទាំរថយន្ត​ ដោយសារតែវាជួយរក្សាសោភ័ណភាព ទាំងក្នុងទាំងក្រៅ និងជួយការពារតួរថយន្តពីការឡើងច្រែះ ដែលធ្វើឲ្យវាឆាប់ពុកខូច។

ជាការពិត ការលាងសម្អាតរថយន្តចែកចេញជា ២ ផ្នែកធំៗ គឺការសម្អាតផ្នែកខាងក្រៅ និងការសម្អាតផ្នែកខាងក្នុង។ បើតាមអ្នកជំនាញ គួរលាងសម្អាតផ្នែកខាងក្រៅរថយន្តរៀងរាល់ ២ សប្ដាហ៍ម្ដង។ ប៉ុន្តែ បើសិនជាអ្នករស់នៅក្នុងតំបន់ដែលសម្បូរជាតិអំបិលវិញ ដូចជាខេត្តនៅជាប់ឆ្នេរសមុទ្ទ គួរលាងរថយន្តឲ្យបានញឹកញាប់ជាងនេះ ព្រោះសារធាតុអំបិលអាចធ្វើឲ្យរថយន្តឡើងច្រែះលឿនជាងធម្មតា។ ម៉្យាងទៀត បើសិនជាអ្នកឧស្សាហ៍បើកបរនៅជនបទ មានប្រឡាក់ភក់ និងជាប់ដីច្រើន ក៏គួរលាងរថយន្តឲ្យបានញឹកញាប់ជាង ២ អាទិត្យដែរ។

បញ្ហាផ្សេងទៀតដូចជា អាចម៍សត្វ (បក្សី) សត្វល្អិតដែលងាប់ និងស្លឹកឈើជ្រុះដែលជាប់រថយន្ត អាចបង្កើតជាជាតិអាស៊ីត ហើយបំផ្លាញថ្នាំរថយន្តបានយ៉ាងងាយ។ ប៉ុន្តែ បើសិនជាអ្នកមិនសូវបើកបររថយន្តទេ ហើយអ្នកទុកវានៅក្នុងកន្លែងចតត្រឹមត្រូវ ផុតពីភ្លៀង ខ្យល់ខ្លាំង និងកម្ដៅថ្ងៃនោះ អ្នកអាចពន្យារពេលលាងរថយន្តបានយូរជាង ២ អាទិត្យបាន។

និយាយពីផ្នែកខាងក្នុងវិញ បើតាមអ្នកជំនាញគួរសម្អាតផ្នែកខាងក្នុងរៀងរាល់ ៣ ខែម្ដង ព្រោះវាអាចមានសំរាម និងក្លិនមិនល្អ ដែលកើតចេញពីម្ហូបអាហារ និងគ្រឿងប្រើប្រាស់នានានៅក្នុងរថយន្ត។ ការសម្អាតនេះ គួរប្រើប្រាស់ម៉ាស៊ីនបូមធូលី បូមយកកម្ទេចកម្ទី រោមសត្វ សក់ និងសំរាមតូចៗ ពីគ្រប់កន្លុកកន្លៀត និងលើព្រំក្នុងរថយន្ត ដើម្បីកុំឲ្យវាបង្កើតក្លិនមិនល្អ និងបាក់តេរីរស់នៅ។ ប្រការសំខាន់មួយទៀត គឺពូករថយន្តក៏​ត្រូវការការថែទាំជូតសម្អាត ដើម្បីឲ្យវានៅថ្មី ជាពិសេសគឺពូកស្បែកតែម្ដង។ តាមអ្នកជំនាញ ពូកស្បែកត្រូវការការថែទាំ ដោយត្រូវជូត និងប្រើប្រាស់ទឹកថ្នាំ ឲ្យគុណភាពវានៅល្អ រៀងរាល់ ៣ ខែម្ដងដូចគ្នា។

រឿងសំខាន់ចុងក្រោយ ក្នុងការថែរក្សារសោភ័ណភាពរថយន្តគឺការប៉ូលា។ អ្នកអាចធ្វើតេស្ដលើរថយន្តបានថាតើវាត្រូវការការប៉ូលាឬអត់ ដោយយកទឹកទៅជះលើរថយន្ត។ បើសិនជាំដំណក់ទឹករអិលធ្លាក់ចុះមកលឿនមានន័យថា ទឹកថ្នាំប៉ូលារបស់អ្នកនៅល្អ តែបើទឹកធ្លាក់មករដិបរដុប មិនរអិលនោះមានន័យថា អ្នកត្រូវប៉ូលារថយន្តហើយ។ ការប៉ូលាជួយឲ្យ សារធាតុរាវនានា មិនខាំជាប់នឹងថ្នាំរថយន្ត ដោយវារអិលធ្លាក់ដោយភាពរលោងរបស់ទឹកថ្នាំប៉ូលា ប៉ុន្តែបើសិនជាវាជាប់ (អាចម៍សត្វ) នោះទឹកថ្នាំប៉ូលាក៏ប្រៀបដូចជាស្រទាប់ការពារមួយជាន់ទៀតពីលើទឹកថ្នាំដើមដែរ។ បើតាមការលើកឡើងរបស់អ្នកជំនាញ អ្នកគួរប៉ូលារថយន្តអ្នក ២ ដងក្នុងមួយឆ្នាំ (៦ ខែម្ដង)

ចុចអាន៖

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ផាត សុវត្ថិ