Apple លេង​មួយ​ក្បាច់​នេះ ចំណេញ​លុយ​រឹត​តែ​កប់​​ពី iPhone XS/XS Max

  • 2018-09-25 03:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​មួយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ Bloomberg មាន​ជជែក​វែកញែក​អំពី​យុទ្ធសាស្ត្រ​របស់​ Apple ក្នុង​ការ​​កំណត់​តម្លៃ​លើ​ទំហំ​អង្គ​ផ្ទុក iPhone XS/XS Max។

៥១២ GB ជា​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​​សម្រាប់ iPhone XS/XS Max ដោយ​​ Apple ​គិត​កម្រៃ​​​ច្រើន​ពី​អតិថិជន​ចំពោះ​ទំហំ​អង្គ​ផ្ទុក​នេះ ​​ច្រើន​ជាង​​​ចំនួន​ដែល​​ Apple បង់​ឲ្យ​ដៃ​គូ​ផ្គត់ផ្គង់​ទៅ​ទៀត។

ជា​មួយ iPhone XS/XS Max អតិថិជន​ត្រូវ​ចំណាយ​ ១៥០ ដុល្លារ​បន្ថែម​ ដើម្បី​ឡើង​ពី​ទំហំ ៦៤ GB ទៅ ២៥៦ GB និង​ត្រូវ​ចាយ​ ២០០ ដុល្លារ បើ​ចង់​ឡើង​ពី ២៥៦ GB ទៅ ៥១២ GB។ សារព័ត៌មាន​ Bloomberg បាន​ចុះ​ផ្សាយ​ថា​ Apple អាច​ចំណេញ​បាន​ ១៣៤ ដុល្លារ​ពី​អតិថិជន​ដែល​ទិញ iPhone ទំហំ ៥១២ GB ជា​ជាង​ទំហំ ២៥៦ GB និង​ចំណេញ​បាន​ដល់ ២១៨ ដុល្លារ​​បើ​ធៀប​នឹង​​ទំហំ ៦៤ GB។

អ្នក​វិភាគ​ទីផ្សារ​ឈ្មោះ​​ Wayne Lam ​បាន​​បក​ស្រាយ​​ដែរ​ថា​​ Apple ត្រូវ​ចាយ​ ២៥ សេន​ក្នុង​មួយ​​ GB ហើយ​ Apple គិត​ថ្លៃ​ពី​អតិថិជន​វិញ ៧៨ សេន​ក្នុង​មួយ​ GB។ ដោយ​សារ​តែ​ចំណុច​នេះ​ Lam និយាយ​ថា​ទំហំ​អង្គ​ផ្ទុក​ ជា​មុខងារ​មួយ​ដែល​ Apple អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​ពី iPhone មួយ​គ្រឿង។

បើ​ធៀប​នឹង​ Samsung វិញ ការ​ដំឡើង​​ទំហំ​អង្គ​ផ្ទុក​ពី ១២៨ GB ទៅ ៥១២ GB លើ Galaxy Note 9 ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នេះ​គិត​កម្រៃ​ពី​អតិថិជន​ត្រឹម​ ០,៦៥ សេន​ប៉ុណ្ណោះ​ក្នុង​មួយ GB។ ជា​កម្រិត​តម្លៃ​មួយ​​គួរ​សម​មួយ អាច​បាន​ផល​ចំណេញ ​ហើយ​អតិថិជន​មិន​សូវ​ចំណាយ​ច្រើន។

តាម​​របាយការណ៍​​របស់​អ្នក​វិភាគ​ Ming Chi Kuo បាន​និយាយ​​ថា​ iPhone XS Max ​លក់​ដាច់​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក ហើយ​ជម្រើស​ទំហំ ២៥៦ GB ទទួល​បាន​​ការ​ពេញ​និយម​ខ្លាំង​បំផុត។ ចំណែក XS Max ទំហំ​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ខាត​ដោយ​សារ​ Samsung មិន​អាច​ផ្គត់ផ្គង់​ NAND Flash ទំហំ ៥១២ GB បាន​គ្រប់​គ្រាន់​នៅ​ឡើយ៕​

​​

ប្រភព៖ PhoneArena | macrumors | 9to5Mac   ប្រែ​សម្រួល៖ សុខហេង