ក្រសួងអប់រំ ឆ្លើយតបហើយ រឿងសញ្ញាបត្របាក់ឌុបចេញឈ្មោះអ្នកនេះ ដាក់រូបអ្នកនោះ

  • 2018-09-26 03:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​ឲ្យ​បេក្ខជន​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៨ ទៅ​ដក​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​នៅ​តាម​វិទ្យាល័យ​រៀង​ៗ​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ ស្រាប់​តែ​ធ្លាយ​ព័ត៌មាន​ថា វិញ្ញាបនបត្រ​បេក្ខជន​មួយ​ចំនួន​ចេញ​ឈ្មោះ​ផ្សេង ដាក់​រូប​ផ្សឹង ភេទ​ស្រី ចេញ​ភេទ​ប្រុស និង​ខ្លះ​ទៀត​មាន​តែ​ហត្ថលេខា​តែ​ពុំ​មាន​បោះ​ត្រា។

បន្ថែម​លើ​ពី​នេះ​ទៀត ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ មាន​ឈ្មោះ​ថា Pov Natha អះអាង​ថា​សញ្ញាបត្រ​បណ្ដោះ​អាសន្ន​របស់​ខ្លួន ដាក់​រូប​អ្នក​ផ្សេង និង​ភេទ​ប្រុស​ទៅ​វិញ ពេល​ដែល​សុំ​ឲ្យ​កែ​តម្រូវ​ថែម​ទាំង​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​ចំនួន​១០​ដុល្លារ​ទៀត​ផង។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ឯកឧត្ដម​ រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រាប់ Sabay ថា​ចំពោះ​ការ​ដក​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​ ជា​គោលការណ៍​របស់​ក្រសួង​ គឺ​ពុំ​មាន​តម្រូវ​ឲ្យ​សិស្ស​បង់​ប្រាក់​ឡើយ។ ចំពោះ​ការ​សុំ​កែ​តម្រូវ​​វិញ ក៏​ពុំ​មាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ដូច​គ្នា។ ចំពោះ​បញ្ហា​ខុស​ប្រក្រតី​នៅ​លើ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន ដូចជា​ករណី​ដាក់​រូប​ខុស​ម្ចាស់ ខុស​ភេទ ពុំ​មា​ន​បោះ​ត្រា​ជាដើម​នោះ គឺ​ក្រុម​ការងារ​បច្ចេកទេស កំពុង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ​ហើយ ដើម្បី​រក​ឲ្យ​ឃើញ​ថា ពិត​ជា​មាន​រឿង​ទាំង​នេះ​កើត​ឡើង​ពិត​មែន​ឬ​យ៉ាង​ណា?

វិញ្ញាបនបត្របណ្ដោះអាសន្នដែលខុសបច្ចេកទេស

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បន្ថែម​ទៀត​ថា ចំពោះ​ករណី​សាលា​ណា​ដែល​ទារ​លុយ​ពី​សិស្ស ក្នុង​ករណី​ដូច​រៀបរាប់​ខាង​លើ​នេះ គឺ​ក្រសួង​តម្រូវ​ឲ្យ​បេក្ខជន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​នាយកដ្ឋាន​រដ្ឋបាល នៃ​ទីស្ដីការ​ក្រសួង​អប់រំ ដោយ​មាន​ភ្ជាប់​ជាមួយ​ភស្តុតាង​ ដើម្បី​ដាក់​ទម្ងន់​លើ​បញ្ហា​ដែល​បាន​កើត​ឡើង និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់។ ចំពោះ​ការ​សុំ​កែ​តម្រូវ ក្នុង​ករណី​វិញ្ញាបនបត្រ​មាន​ភាព​មិន​ប្រក្រតី ក៏​បេក្ខជន​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​មក​កាន់​នាយក​ដ្ឋាន​រដ្ឋបាល​បាន​ដូចគ្នា។

ឯកឧត្ដម រស់ សុវាចា បញ្ជាក់​ថា ពេល​នេះ​នៅ​ទីស្ដីការ​​ក្រសួង​បាន​ដាក់​ស្លាក​កំពុង​ជួសជុល តែ​ចំពោះ​នាយកដ្ឋាន​រដ្ឋបាល គឺ​នៅ​បើក​ដំណើរការ​ធម្មតា។ ចំពោះ​នីតិ​វិធី​ក្នុង​ការ​ដោះស្រាយ​បែប​ណា បុគ្គលិក​នៃ​នាយកដ្ឋាន​រដ្ឋបាល នឹង​បញ្ជាក់​ជូន​ដល់​សិស្សានុសិស្ស​ហើយ។ ដូច្នេះ​សូម​កុំ​មាន​ការ​ព្រួយ​បារម្ភ។

សូម​បញ្ជាក់​ថា ទីស្នាក់ការ​ក្រសួង​អប់​រំ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះនរោត្ដម ក្បែរ​វិទ្យាល័យ​ចតុមុខ៕ ​​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ