WeGo រៀបចំវគ្គពង្រឹងគុណភាពសមាជិកខណៈអ្នកបើកបរឆ្នើម ១៧នាក់ទទួលប្រាក់លើកទឹកចិត្តរាប់សែនរៀល

  • 2018-10-06 05:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាលើកទី ៥ ហើយ ដែលក្រុមហ៊ុន WeGO បានរៀបចំវគ្គបណ្ដុះបណ្ដាលលើការបម្រើសេវាល្អ ក្រមសីលធម៌ និងច្បាប់ចរាចរណ៍ដល់សមាជិកអ្នកបើកបរ WeGO សរុបជិត ៦០ នាក់ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះលើដងផ្លូវ។ ឆ្លៀតក្នុងឱកាសនេះ WeGo ក៏បានចម្រាញ់យកអ្នកបើកបរឆ្នើមចំនួន ១៧នាក់ ក្នុងចំណោម៣ពាន់នាក់ ដែលបានទទួលដឹកអតិថិជនច្រើនបំផុតតាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃហៅ រ៉ឺម៉កកង់បី WeGO ដើម្បីទទួលប្រាក់រង្វាន់លើកទឹកចិត្ត ២០%នៃចំណូលរបស់គេ ដែលខ្លះបានដល់រាប់សែនឯណោះ។

សិក្ខាសាលារយៈពេល៤ម៉ោង ពោលគឺចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC កាលពីព្រឹកថ្ងៃទី៥ សីហា ២០១៨នេះ ក៏ជាឱកាសបើកទូលាយឲ្យបងប្អូនអ្នកបើកបរសមាជិកWeGo ទាំងអស់សាកសួរសំនួរ និងមានសំណើផ្សេងៗទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ផងដែរ ពិសេសពួកគេអាចបង្កើតទំនាក់ទំនងល្អ និងចែករំលែកបទពិសោធន៍ រវាងអ្នកបើកបរដូចគ្នាទៀតផង។

«កន្លងមកគេតែងបន្ទោសថាមកពីកង់បីបើកបរគ្មានក្រមសីលធម៌ ច្រងេងច្រងាងពេញផ្លូវ ធ្វើឲ្យកកស្ទះ ខ្លះឈានដល់មានគ្រោះថ្នាក់ចរាចរទៀត។ ដូច្នេះហើយទើបក្រុមហ៊ុនយើងរៀបចំសិក្ខាសាលានេះឡើងជារៀងរាល់ខែដើម្បីក្រើនរំលឹក ដាស់តឿន ហើយក៏ចង់update ចំណេះដឹងថ្មីៗពីកម្មវិធីយើងកាន់បងប្អូនអ្នកបើកបរដៃគូសហការ WeGo ទាំងអស់ផងដែរ ។ យើងនឹងរួមគ្នាលុបបំបាត់ផ្នត់គំនិតអវិជ្ជមាននេះឲ្យអស់ និងដើម្បីជួយឲ្យការគោរពច្បាប់ចរាចរណ៍បានកាន់តែប្រសើរ»។ នេះបើតាមការលើកឡើងរបស់លោក ហួត បូរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន WeGO ថ្លែងក្នុងឱកាសនោះ។

«យើងសង្ឃឹមថា ក្រុមហ៊ុនផ្សេងទៀតនឹងចូលរួមដូចគ្នាដែរ ដើម្បីឲ្យការផ្លាស់ប្ដូរជាវិជ្ជមាននេះអាចសម្រេចបានកាន់តែរហ័ស ហើយទីក្រុងយើងនឹងអាចកាត់បន្ថយការកក់ស្ទះបាន សន្សំពេលវេលា និងថវិកា។ ក្រុមហ៊ុន WeGO នឹងបន្តធ្វើសិក្ខាសាលានេះ ធ្វើដល់ដំណាច់ឆ្នាំ ២០១៨ នេះជារៀងរាល់ខែ និងត្រៀមចែករំលែកដល់អ្នកបើកបរផ្សេងទៀតមិនត្រឹមតែសមាជិក WeGO តែមួយនោះទេ»។ លោកបញ្ជាក់បន្ថែម។

ក្រុមហ៊ុនផ្តល់សេវា Appកង់បីទំនើប WeGo បានផ្ដោតបេសកកម្មរបស់ខ្លួនទៅលើការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ ព្រមទាំងចង់ឲ្យជីវភាពអ្នករត់កង់បីរីកចម្រើន មានសុវត្ថិភាពដោយប្រកបរបរមួយដ៏សុចរិត។

ឆ្លើយតបថាធ្វើយ៉ាងណាឲ្យបេសកកម្មនេះសម្រេចទៅបាន អគ្គនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន WeGo លោក ជា រដ្ឋា បានពន្យល់ថាក្រុមហ៊ុនចាត់ទុកបងប្អូនដៃគូសហការបើកបរទាំងអស់ប្រៀបបាននឹងគ្រួសារតែមួយ ហើយយើងនឹងបន្តផ្ដោតលើការអប់រំ បណ្តុះបណ្តាលដល់អ្នករត់រ៉ឺម៉កកង់បីទាំងអស់ឲ្យរក្សាឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ល្អ ភាពថ្លៃថ្នូរ ភាពស្មោះត្រង់និងរៀបចំយុទ្ធសាស្ត្រលៃយ៉ាងណាឲ្យពួកគាត់ទទួលកម្រៃបានល្អប្រសើរជាអាទិភាព៕

ដោយ៖ ដេត លីដា

អត្ថបទពេញនិយម