​សិង្ហបុរី មិន​ដាក់​​កីឡាករ​១១នាក់​ល្អ​បំផុត​លេង​ទល់​កម្ពុជា​ល្ងាច​នេះ​ទេ

  • 2018-10-16 01:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​បើក​ទ្វា​ផ្ទះ​របស់​ខ្លួន​ ដើម្បី​ទទួល​ក្រុម​ភ្ញៀវ​​សិង្ហបុរី​នៅ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ ដើម្បី​ត្រៀម​ខ្លួន​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2018។

លោក Fandi Ahmad

​​ទាក់​ទង​ការ​ដាក់​កីឡាករ​ឲ្យ​លេង​នៅ​ល្ងាច​នេះ​​លោក Fandi Ahmad ​គ្រូ​បង្វឹក​របស់​ក្រុម​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា ​ជា​ការ​ពិត​ក្រុម​គួរតែ​ដាក់​កីឡាករ​ល្អ​បំផុត​ ដើម្បី​លេង​យក​​ឈ្នះ​ការ​ប្រកួត។ ប៉ុន្តែ​ស្ថានភាព​នេះ​​គឺ​ក្រុម​​មិន​អាច​ដាក់​កីឡាករ​ល្អ​ទាំង​អស់​លេង​បាន​ទេ ពី​ព្រោះ​ក្រុម​របស់​លោក​ស្ថិត​ក្នុង​ការ​ធ្វើតេស្ត​កីឡាករ​ថ្មី​ៗ ដើម្បី​ត្រៀម​យក​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ក្នុង​ការ​ត្រៀម​​ខ្លួន​លេង​ការ​ប្រកួត​ផ្លូវ​ការ AFF Suzuki Cup 2018។

​លោក​បន្ថែម​ថា កីឡាករ​ថ្មី​ៗ​របស់​លោក​សុទ្ធតែ​ល្អ ដែល​អាច​លេង​តទល់​ជា​មួយ​កម្ពុជា​។ លោក​​គិត​ថា កម្ពុជា​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ដី ​ក្រោម​ការ​ទស្សនា​ជា​មួយ​អ្នក​គាំទ្រ​​ដ៏​ច្រើន​។ ​​កម្ពុជា​ក៏​បាន​​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទល់​ក្រុម​ម៉ាឡេស៊ី​ បើ​ទោះ​ពេល​នោះ​ចាញ់​ក្ដី។

ជំនួប​គ្នា​លើក​ចុង​ក្រោយ​នៅ​កម្ពុជា​គឺ​​កម្ពុជា​យក​ឈ្នះ​សិង្ហបុរី​ ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ឆ្នាំ២០១៦៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​