មេរោគ​ GandCrab ទារ​លុយ​ពី​ឪពុក​កុមារ​ស៊ីរី ៦០០ ដុល្លារ ជា​ថ្នូរ​បើក​ផ្លូវ​ឲ្យ​បាន​រូប​ថត​កូន​មក​វិញ

  • 2018-10-19 11:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហោះ​ក្នុង​គេហទំព័រ​វេទិកា​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​កុំព្យូទ័រ អ្នក​អភិវឌ្ឍ​មេរោគ GandCrab បាន​ប្រកាស​ព្រម​បើក Decryption Key ជូន​ដល់​ជនរងគ្រោះ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ឥត​គិត​ថ្លៃ។ ការ​ចែក Free នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​ទទូច​ដ៏​សោកសង្រេង​មួយ​ពី​សំណាក់​ពលរដ្ឋ​ស៊ីរី​មួយ​រូប ស្នើ​សូម​ឲ្យ​មាន​ការ​ប្រគល់​រូបថត​របស់​កូន​ប្រុស​ខ្លួន​ដែល​ត្រូវ​មេរោគ​នេះ Encrypt បាត់​អស់​គ្មាន​សល់​កាល​ពី​ពេល​កន្លង​ទៅ។

គណនី​នៃ​ជន​រង​គ្រោះ​បាន​បង្ហោះ​លើ Twitter យ៉ាង​ដូច្នោះ​ថា៖ "ខ្ញុំ​ឈ្មោះ Jameel ជា​ឪពុក​សញ្ជាតិ​ស៊ីរី​ដែល​បាន​បាត់បង់​កូន​ប្រុស​ទាំង​ពីរ​រូប​ក្នុង​អំឡុង​សង្គ្រាម​ដ៏​កាច​សាហាវ ហើយ​អ្វី​ដែល​នៅ​សេសសល់​គឺ​ត្រឹម​រូបថត​និង​វីដេអូ​ដែល​ខ្ញុំ​បាន​ថត​ពួក​គេ​មុន​បាត់បង់​ជីវិត ប៉ុន្តែ​ពេល​នេះ GandCrab V5.0.3 បាន Lock ទិន្នន័យ​ទាំង​នោះ​អស់​ហើយ"។

លោក​បន្ត៖ "ពួក​គេ​ត្រូវ​ការ​លុយ ៦០០ ដុល្លារ​ជា​ថ្នូរ​ប្តូរ​យក​រូបថត​កូន​ប្រុស​របស់​ខ្ញុំ​ត្រលប់​មក​វិញ ប៉ុន្តែ​ខ្ញុំ​មាន​ប្រាក់​ឯ​ណា បើ​រាល់​ថ្ងៃ​ត្រូវ​រក​ប្រាក់​ទិញ​អាហារ​បរិភោគ​សម្រាប់​ខ្ញុំ​និង​ប្រពន្ធ​មិន​បាន​ផង​នោះ"។

ឆ្លើយតប​ពី​ក្រុម​អ្នក​អភិវឌ្ឍ GandCrab ក៏​ព្រម​ផ្តល់​នូវ​កូដ​បើក​យក​ឯកសារ​ទាំង​អស់​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ជន​រង​គ្រោះ​ស៊ីរី ហើយ​ក៏​សង្កត់​ធ្ងន់​ថា​ជា​កំហុស​ដែល​ស៊ីរី​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​មេរោគ​ខ្លួន​ត្រូវ​លើកលែង​ការ​វាយប្រហារ។

រូបតំណាងឯកសារ Decryption Key

សម្រាប់ Decryption Key ផ្ញើ​ជូន​ជង​រង​គ្រោះ ក្នុង​ឯកសារ ZIP មាន​ផ្ទុក​នូវ​ឯកសារ readme.txt និង SY_keys.txt ដោយ readme.txt បង្ហាញ​នូវ​ទិន្នន័យ​នៃ​ការ​រៀប​ចំ​កូដ​សម្ងាត់​និង​ព័ត៌មាន​ពី​ដើម​ចម​ដែល​កូដ​ទាំង​អស់​បាន​បញ្ចេញ​ក្នុង​ទម្រង់​ជា​ភាសា​រុស្ស៊ី។ ខណៈ​ឯកសារ SY_keys.txt ផ្ទុក​នូវ Decryption Key ចំនួន ៩៧៨ កូដ​សម្រាប់​ជន​រង​គ្រោះ​ស៊ីរី​ទាំង​អស់ តាំង​ពី​ជំនាន់ 1.0 ដល់ 5.0 ដោយ​ក្នុង​ជួរ​នីមួយៗ​ក៏​បង្ហាញ​នូវ​ ID នៃ​ជន​រង​គ្រោះ, ជំនាន់​កម្មវិធី និង Decryption Key។

រំឭក​ថា Ransomware ឲ្យ​ឈ្មោះ GandCrab ជា​ប្រភេទ Cryptovirus រាតត្បាត​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៨ ដោយ​អំឡុង​ជិត ១ ឆ្នាំ​មក​នេះ​ក៏​មាន​ការ​បញ្ចេញ​ជំនាន់​ជា​ច្រើន​ជា​បន្តបន្ទាប់ ដោយ​ដំណាក់​កាល​ដំបូង​ក៏​ត្រូវ​ក្រុម​អ្នក​ជំនាញ​នៃ​ប្រទេស​រ៉ូម៉ានី​ធ្វើ​ការ​បង្រ្កាប​បាន​ម្តង និង​ចែក​កម្មវិធី GandCrab Decrytor ឥត​គិត​ថ្លៃ ប៉ុន្តែ​ដោយ​ភាព​មិន​ខ្លាច​រអា​ក្រុម​ខិលខូច​នៅ​តែ​បន្ត​វាយលុក​ក្នុង​ប្រទេស​ដទៃ​ទៀត​ជា​រឿយៗ។

ប្រភព: https://www.2-spyware.com/remove-gandcrab-ransomware.html https://www.bleepingcomputer.com/news/security/gandcrab-devs-release-decryption-keys-for-syrian-victims/?fbclid=IwAR2quQj8ev72BTZr9IKEz3fn5NFLycGDLCfwEuZkS6J6R_0XMMt77TkkNgg

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 2-spyware | bleepingcomputer   ប្រែ​សម្រួល៖ កៅ រក្សា