តិចអត់ដឹងទៅ! រថយន្តក្រុងថ្មីរបស់ជប៉ុន រត់នៅភ្នំពេញ មានលក្ខណៈពិសេសៗ មិនធម្មតា (វីដេអូ)

  • 2018-10-23 04:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូអុជិ បាន​ចេញ​វីដេអូ​ខ្លី​មួយ​បញ្ជាក់​ថា រថយន្ត​ក្រុង​ថ្មី​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​បាន​ដំណើរ​ការ​ហើយ តាំង​ពី​ខែ​តុលា​មក។ លោក​បាន​បញ្ជាក់​ថា រថយន្ត​ក្រុង​សាធារណៈ​កំពុង​ដឹកជញ្ជូន​រាល់​ថ្ងៃ មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន។ អ្វី​ដែល​ពិសេស​នោះ ការ​រៀប​ចំ​ដំណើរ​ការ​រថយន្ត​ក្រុង​នៅ​ភ្នំពេញ គឺ​ផ្អែក​តាម​បទ​ពិសោធន៍​គ្រប់គ្រង​ដូច​នៅ​ប្រទេស​ជប៉ុន​ទាំង​ស្រុង។

ជា​ពិសេស​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ មាន​ភាព​ងាយ​ស្រួល​ខ្លាំង ដោយ​សារ​អ្នក​ដំណើរ​អាច​បង់​ប្រាក់​តាម App ដែល​មាន​នៅ​លើ​ទូរសព្ទ។ ចំពោះ​រថយន្ត​ក្រុង​ពណ៌​ខៀវ​របស់​ជប៉ុន លោក ហ៊ីដេហ៊ីសា ហូរីណូអុជិ បញ្ជាក់​ថា​កំពុង​រៀបចំ​ប្រព័ន្ធ GPS ដើម្បី​បង្ហាញ​ចំណត​ចុះ​បន្ទាប់ ដោយ​ស្វ័យ​ប្រវត្តិ និង​បញ្ជាក់​ទីតាំង​ជាក់​ស្ដែង​តាម​ App។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ សាក​ល្បង​ជិះ​រថយន្ត​ក្រុង​ថ្មី​ កុំ​បី​ខាន។

គួរ​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ក្រុង​ចំនួន ៤១​គ្រឿង ដែល​បាន​ផ្តល់​ជូន​សាលា​រាជធានី​ភ្នំពេញ​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី០១ ខែតុលា ហើយ​ចំនួន​ខ្សែរត់​នៃ​សេវា​រថយន្ត​ក្រុង​បាន​កើន​ឡើង​ពី៩ ទៅ ១៣ ខ្សែរត់។

ត្រឹមដំណាច់ឆ្នាំនេះ រថយន្តក្រុងចំនួន ៣៩ គ្រឿង នឹងត្រូវផ្តល់ជូនបន្ថែមដល់សាលារាជធានីភ្នំពេញ ដូចនេះ រថយន្តក្រុងសរុបចំនួន ៨០ គ្រឿង នឹងដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

តម្លៃសំបុត្ររថយន្តក្រុងគឺ ១,៥០០រៀល។ អ្នកអាចជិះរថយន្តក្រុង និងបង់ថ្លៃសំបុត្ររថយន្តក្រុងក្នុងប្រអប់តាមច្រកចូលទ្វារមុខនៃរថយន្តក្រុងស្ថិតនៅក្បែរអ្នកបើកបរ។ មនុស្សចាស់ ជនពិការ កម្មកររោងចក្រ ស្ដ្រីមានផ្ទៃពោះ ព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន អត្តពលិក ជិះរថយន្តក្រុងដោយមិនគិតថ្លៃ។៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ