អាជីពទាំង៨ សក្តិសមបំផុត សម្រាប់អ្នកចូលចិត្តការដើរលេង

  • 2018-10-23 06:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ការ​ដើរ​កម្សាន្ត ប៉ុន្តែ​​មិន​សូវ​មាន​ពេល​​​ដោយ​សារ​ត្រូវ​ធ្វើ​ការ ​ឬចង់​បាន​ការងារ​ដែល​​មាន​ភាព​ឯករាជ្យ និង​បាន​ធ្វើ​ដំណើរ​ច្រើន? អីចឹង​​ប្រសិន​បើ​ថ្ងៃ​នេះ Kanha ប្រាប់​អ្នក​ថា អ្នក​អាច​ទៅ​កន្លែង​ណា​ក៏​បាន ព្រម​ទាំង​​បាន​ធ្វើ​ការ​ក្នុង​ពេល​តែ​មួយ ​គិត​ថា​ជា​ជម្រើស​គួរ​ឲ្យ​ចាប់​អារម្មណ៍​អត់? ថ្ងៃ​នេះ យើង​សូម​ណែនាំ​​អាជីព​ចំនួន​ ៨​​ដែល​អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ផង​ ធ្វើ​ការ​ផង​ក្នុង​ពេល​តែ​មួយ៖

១. អ្នក​និពន្ធ

គឺ​ជា​អាជីព​ដែល​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​សរសេរ ច្នៃ​ប្រឌិត​រូបារម្មណ៍​របស់​ខ្លួន​ចូល​ក្នុង​ក្រដាស​​សៀវភៅ ដើម្បី​​បញ្ជូន​បន្ត​ឲ្យ​អ្នក​អាន​បាន​ឃើញ​​បាន​យល់​ពី​អ្វី​ដែល​ខ្លួន​ចង់​ប្រាប់។ គឺ​ជា​អាជីព​ដែល​ត្រូវ​ការ​កម្លាំង​បណ្ដាល​ចិត្ត (Inspiration) ហើយ​មាន​អ្នក​និពន្ធ​មិន​តិច​ឡើយ​ដែល​កសាង​កម្លាំង​ចិត្ត​នេះ​បាន​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ផ្សេង​ៗ។ នេះ​ជា​អាជីព​ឯករាជ្យ​ដែល​អ្នក​អាច​ធ្វើ​នៅ​ទី​ណា ពេល​ណា បែប​ណា​ក៏​បាន ឲ្យ​តែ​អ្នក​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង។ បើ​អ្នក​ជា​អ្នក​និពន្ធ​ដែល​មាន​ស្នាដៃ​ល្អ​​ និង​ទទួល​បាន​ការ​គាំទ្រ​ជា​បន្តបន្ទាប់ អាជីព​នេះ​នឹង​​អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត និង​រក​ចំណូល​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ។

២. អ្នក​ថត​រូប

គឺ​ជា​អាជីព​មួយ​ទៀត​ដែល​ស្ថិត​ក្នុង​ផ្នែក​ការងារ​សិល្បៈ មិន​សូវ​ខុស​ប្លែក​ពី​វិចិត្រករ​គូរ​រូប​ដែល​​​ត្រូវ​​យល់​ដឹង​ពី​អ្វី​ដែល​​នៅ​ជុំវិញ​ខ្លួន និង​ចេះ​ប្រើ​​ការ​ស្រមើស្រមៃ​មុន​នឹង​លើក​កាមេរ៉ា​ថត ដើម្បី​ទទួល​បាន​​រូប​ភាព​ដែល​ស្រស់​ស្អាត។ បច្ចុប្បន្ន​អាជីព​នេះ​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​មិន​ថា​នៅ​តាម​ស្ថាប័ន ឬ​​ជា​អាជីព​ឯករាជ្យ ហើយ​អ្នក​នឹង​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ធ្វើ​ការងារ​នេះ។

៣. Graphic Designer

ដោយ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា បច្ចុប្បន្ន​អាជីព Graphic Designer ក៏​កំពុង​មាន​តម្រូវ​ការ​ច្រើន​ដែរ និង​ត្រូវ​បាន​បែង​ចែក​ជា​ច្រើន​ផ្នែក​តូច​ៗ​ទៀត​ដូច​ជា Web Design, Print Design, Brand Identity, ឬ Packaging ជា​ដើម។ អ្នក​ធ្វើ​ការ​ផ្នែក​នេះ​មាន​ឱកា​ស​ក្នុង​ការ​ចេញ​ធ្វើ​ការ​បែប​ឯករាជ្យ​ច្រើន ហើយ​ចំណូល​វិញ​ក៏​ខ្ពស់​គួរ​សម​ដែរ​ ដែល​អាច​ឲ្យ​អ្នក​មាន​ពេល​និង​ប្រាក់​កាស​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណើរ។

៤. Blogger

ការ​សរសេរ​អត្ថបទ រឿងរ៉ាវ ទាំង​រឿង​ផ្ទាល់​ខ្លួន រឿង​ទូទៅ រឿង​មុខ​ជំនួញ ឬ​សូម្បី​តែ​ការ Review ផលិតផល​ផ្សេង​ៗ ក៏​ជា​វិធី​មួយ​ដែល​អាច​រក​លុយ​តាម​អនឡាញ​ដែរ។ បើ​សិន​ជា​អ្នក​មាន​ទឹកដៃ​ក្នុង​ការ​សរសេរ អាច​ទាក់ទាញ​អ្នក​តាមដាន​កាន់​តែ​ច្រើន នោះ​ឱកាស​ក្នុង​ការ​ដាក់​ពាណិជ្ជកម្ម​គឺ​មាន​កាន់​តែ​ច្រើន។ Blogger ខ្លះ​អាច​រក​ចំណូល​បាន​ច្រើន​មិន​ចាញ់​អ្នក​ធ្វើ​ការ​ទូទៅ​ឡើយ ដូច្នេះ​ហើយ​ពួក​គេ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ពេល​ណា​ក៏​បាន​ដោយ​មិន​ខ្លាច​ប៉ះពាល់​ដល់​ការងារ​ឡើយ ហើយ​​ដើរ​កម្សាន្ត​អាច​ឲ្យ​ពួក​គេ​ជួប​បទពិសោធន៍​ថ្មី​ៗ​ដែល​អាច​យក​មក​បន្ថែម​ក្នុង​អត្ថបទ​របស់​ខ្លួន​ទៀត។

៥. Event Planner

Event Planner គឺ​អ្នក​ដែល​មាន​តួនាទី​រៀបចំ​កម្មវិធី​ផ្សេង​ៗ មិន​ថា​ជា​កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​សម្ពោធ​ផលិតផល កម្មវិធី​ជប់លៀង និង​ពិធី​បុណ្យ​ផ្សេង​ៗ។ ប្រសិន​បើ​អ្នក​មាន​ចំណេះដឹង សមត្ថភាព និង​ចាប់​អារម្មណ៍​ចង់​ធ្វើ​ការងារ​ផ្នែក​នេះ​មែន នោះ​អ្នក​នឹង​មាន​ឱកាស​ធ្វើ​ការ​ផង និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទី​កន្លែង​ផ្សេង​ៗ​ផង។

៦. ការងារ​ពាក់ព័ន្ធ​ការ​ធ្វើ​ដំណើរ​លើ​យន្តហោះ

ការងារ​ត្រង់​នេះ​គឺ​សំដៅ​លើ​អ្នក​បើកយន្តហោះ និង​​អ្នក​បម្រើ​ការ​លើ​យន្តហោះ ដែល​ជា​អាជីព​ក្នុង​ក្ដី​ស្រមៃ​មនុស្ស​ជា​ច្រើន ព្រោះ​​វា​ផ្ដល់​ប្រាក់​កម្រៃ​ខ្ពស់ ហើយ​ក៏​មាន​ឱកាស​បាន​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​ច្រើន​ដែរ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ក៏​មាន​ច្រើន​ដូច​គ្នា ដែល​ទាមទារ​ឲ្យ​អ្នក​មាន​​សមត្ថភាព​ខ្ពស់។

៧. មគ្គុទ្ទេសក៍

ការ​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ មាន​ទេពកោសល្យ​ក្នុង​ការ​ពន្យល់​អធិប្បាយ និង​ចូលចិត្ត​ការ​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ផ្សេង​ៗ គឺ​ជា​គុណសម្បត្តិ​ធំ​ៗ​សម្រាប់​អ្នក​ប្រកប​ការងារ​មគ្គុទ្ទេសក៍។ ការងារ​នេះ​នឹង​អាច​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​បរិយាកាស និង​ទៅ​ដល់​ទី​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ជា​ច្រើន។

៨. អ្នក​បុរាណវិទ្យា

អ្នក​បុរាណ​វិទ្យា​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​ដើម្បី​ជួសជុល និង​កែលម្អ ក៏​ដូច​ជា​សិក្សា​​ស្រាវជ្រាវ​ពី​សំណង់​បុរាណ និង​តំបន់​វប្បធម៌​នានា​របស់​មនុស្ស​ជំនាន់​មុន។ ជា​ធម្មតា​អ្នក​បុរាណវិទ្យា​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​កន្លែង​ផ្សេង​ៗ​ទូទាំង​ពិភពលោក​បាន យ៉ាង​ហោច​ណាស់​ត្រូវ​មាន​សញ្ញាប័ត្រ​លំដាប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ឬ​បណ្ឌិត ព្រម​ទាំង​បទពិសោធន៍​ច្រើន ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម