លី ឧត្តម រៀប​បន្ទប់​ពណ៌​មាស ក្រហម​ច្រាល​ទាក់​ភ្នែក ពិត​ជា​មាន​រឿង​រ៉ាវ​នៅ​ពី​ក្រោយ!

  • 2018-10-25 03:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លី ឧត្តម បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ឆាវ​កាល​ពី​ខែ​មុន ក្រោយ​បើក​បង្ហាញ​បន្ទប់​គេង​តម្លៃ​រាប់​ពាន់​ដុល្លារ ជាមួយ​ការ​រចនា​លំអ​ដោយ​ពណ៌​មាស​សុទ្ធ មើល​ទៅ​ក្រហម​ច្រាល​ទាក់​ភ្នែក ដែល​នោះ មិន​ជា​រឿង​ចៃដន្យ ឬ​ក៏​ធ្វើ​តាម​តែ​ចិត្ត​ស្រឡាញ់​នោះ​ទេ។

តាម​ការ​អះអាង​របស់​សាមី​ខ្លួន ពណ៌​នៃ​បន្ទប់​គេង​ប្រណិត​នោះ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ការ​គន់គូរ​របស់​គ្រូ​ចិនសែ​ល្បីឈ្មោះ​មួយ​រូប។ រឿង​នោះ បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​លោក​នៅ​តែ​ចាំ នូវ​អ្វី​ដែល​គ្រូ​បាន​ផ្ដាំ គឺ​ថា ពណ៌​មាស រមែង​នាំ​​ភាព​សម​ប្រកប​មក​ឲ្យ​លោក។ ដូច្នេះ​ហើយ ទើប​លោក​សម្រេច​រចនា​កន្លែង​ស្ងប់​សុខ​នា​ពេល​រាត្រី របស់​លោក ជា​ពណ៌​មាស។

“មុន​រៀប​ខ្ញុំ​បាន​ទៅ​មើល​គ្រូ​ចិនសែ​មួយ ប៉ុន្តែ​ខ្ញុំ​ទៅ​យូរ​ហើយ​បង មិន​មែន​ខ្ញុំ​ចង់​រៀប ហើយ​រត់​ទៅ​រក​ភ្លាម​​ទេ គឺ​ខ្ញុំ​ទៅ​យូរ​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ គាត់​ថា ឆ្នាំ​ខ្ញុំ និង​ធាតុ​របស់​ខ្ញុំ​ហ្នឹង គឺ​ត្រូវ​នឹង​ពណ៌​មាស អីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេច​យក​ពណ៌​មាស​ហ្នឹង!”។

ដោយ​សារ​តែ​បែប​នេះ គេ​ឃើញ​ថា គ្រប់​យ៉ាង​នៅ​ក្នុង​បន្ទប់​គេង​របស់ ឧត្តម មិន​ថា គ្រែ ស៊ុម​រូបថត តុ ទូ ឬ​របស់​ប្រើ​ប្រាស់​ទាំង​ឡាយ​ទៀត សុទ្ធ​ជា​ពណ៌​មាស​ទាំង​អស់។ សរុប​ការ​ចំណាយ គឺ​អស់​ប្រមាណ​ជា ៣ពាន់​ដុល្លារ​អាមេរិក​ឯណោះ ដែល​តម្លៃ​ប៉ុណ្ណេះ សល់​ពី​បញ្ចុះ​តម្លៃ​ពិសេស​ពី​ហាង​ដែល​លោក​បាន​ជ្រើសរើស​ផង។

ក្រោយ​ពី​ចំណាយ​រាប់​ពាន់ រំលេច​ពណ៌​មាស​ពេញ​ទាំង​បន្ទប់​គេង តារា​ប្រុស​ដដែល ប្រាប់​ថា លោក​បាន​កត់​សម្គាល់​ថា អ្វី​ៗ​ពិត​ជា​ខុស​ប្លែក​មែន ក្នុង​នោះ​រាប់​តាំង​ពី​ការ​គេង​យប់។ លោក​ថា មុន​រៀប​បន្ទប់​លោក​រមែង​គេង​មិន​សូវ​ស្កប់ យល់​សប្ដិ​មិន​ល្អ​ច្រើន ប៉ុន្តែ​ក្រោយ​រៀប​ចំ​បន្ទប់​រួច​រាល់​ហើយ យប់​ណា ក៏​លោក​គេង​បាន​ឆ្អែត​ស្កប់​ស្កល់​ដែរ។

“ហ្នឹង​មួយ ឯ​មួយ​ទៀត ការងារ ក៏​ហាក់​រីក​ចម្រើន​ជាង​មុន​ដែរ នេះ​បើ​តាម​ខ្ញុំ​កត់​សម្គាល់​ណា​បង គឺ​គ្រាន់​ជាង​មុន និង​ធ្វើ​អ្វី​ផ្សេង​ទៀត ចេះ​តែ​សម​ប្រកប​ដែរ! ខុស​ពី​មុន​ពេល​រៀប គឺ​ខ្ញុំ​តែង​គេង​ឈឺ​ក្បាល និង​យល់​សប្ដិ​អាក្រក់​ៗ​ប៉ុន្តែ​តាំង​ពី​ខ្ញុំ​រៀប​បន្ទប់​ហ្នឹង​ហើយ វា​ទៅ​ជា​លែង​ឈឺ​ក្បាល លែង​យល់សប្ដិ​អាក្រក់​ៗ​អីចឹង​ណា​បង”៕

រូបភាព៖ ផ្ដល់​ដោយ ឧត្តម

អត្ថបទ៖ ទារិកា