Mi Mix 3 ចេញ​មុខ​មែន​ទែន មាន​អេក្រង់​លាត កាមេរ៉ា​អាច​ហូត​ចេញ​បាន

  • 2018-10-25 08:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Xiaomi បាន​ប្រកាស​ចេញ Mi Mix 3 ជា​ផ្លូវ​ការ ដោយ​មាន​ប្រើ​ប្រាស់​រចនាបថ​ហូត អាច​ឲ្យ​​ស្មាតហ្វូន​នេះ​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ ​ដោយ​មិន​មាន​​ក្បាល​ឆក​នោះ​ឡើយ។

Xiaomi បាន​អះអាង​ថា​​អេក្រង់​មាន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ខាង​មុខ​របស់​ Mi Mix 3 រហូត​ដល់ ៩៣,៤% ជា​មួយ​ទំហំ​ ៦,៣៩ អ៊ីញ​ជា​ប្រភេទ​អេក្រង់​ AMOLED ​ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 2340 x 1080 ភីកសែល។ ​ជា​មួយ​រចនាបថ​ហូត​នេះ Xiaomi ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ប្រើ​ប្រាស់​រើស​ប្រភេទ​សំឡេង​ពេល​ហូត​ទូរសព្ទ ដូច​ជា​សំឡេង​កាប់​កាំបិត​ជា​ដើម។

ពេល​ហូត​ចេញ​មក​ គេ​នឹង​ឃើញ​មាន​កាមេរ៉ា​ Selfie ដែល​មាន​កម្រិត​ ២៤ MP + ២ MP ​ដោយ​មាន​សមត្ថភាព​អាច​ផលិត​រូបភាព​បែប​ Portrait បាន​។ កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ ១២ MP + ១២ MP ដោយ​កាមេរ៉ា​មេ​មាន​ Aperture f/1.8 និង​មួយ​ទៀត​ជា​ប្រភេទ​ Telephoto មាន​ Aperture f/2.4។ កាមេរ៉ា​ក្រោយ​នេះ​មាន​សមត្ថភាព​អាច​ផលិត​វីដេអូ​កំពូល​យឺត ៩៦០ ប្លង់/វិនាទី។

​​​​​Mi Mix 3 មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 845 អម​នឹង​ជម្រើស​ RAM ទំហំ​ ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃប្រមាណ ៤៧៥ ដុល្លារ,​ ប្រភេទ RAM ៨ GB/១២៨ GB តម្លៃ​ប្រមាណ ៥១៨ ដុល្លារ និង​ប្រភេទ ៨ GB/២៥៦ GB តម្លៃ​ប្រមាណ​ ៥៧៦ ដុល្លារ។​ គ្រប់​ប្រភេទ​ទាំង​អស់​មាន​ភ្ជាប់​មក​ជា​មួយ​ឆ្នាំង​សាក​ឥត​ខ្សែ​ក្នុង​ប្រអប់​​ដែល​អាច​ចម្លង​ចរន្ត​បាន​ ១០ វ៉ាត់។

Forbidden City Special Edition

ស្មាតហ្វូន​នេះ​ក៏​មាន​ស៊េរី​ពិសេស​ Forbidden City Special Edition ដែល​មាន​ RAM ទំហំ​ដល់ ១០ GB និង​អង្គ​ផ្ទុក​ទំហំ ២៥៦ GB ជា​មួយ​តម្លៃ​ប្រមាណ​ ៧២០ ដុល្លារ។ កាល​បរិច្ឆេទ​ដាក់​លក់ Mi Mix 3 នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ The Verge | Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម