MacBook Air ស៊េរី​ថ្មី​មានទ្រនាប់ស្កេនម្រាមដៃលើ Keyboard យ៉ាងពិសេស

  • 2018-10-31 03:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MacBook Air ដែល​ Apple បាន​ប្រកាស​ចេញ​ក្នុង​កម្មវិធី​ “There’s more in the making” កាល​ពី​យប់​មិញ​នេះ មាន​បន្ថែម​​បន្ថយ​លើ​ចំណុច​​ជា​ច្រើន​ ធ្វើ​ឲ្យ​កាន់​តែ​ទំនើប និង​សមត្ថភាព​ខ្លាំង។

MacBook Air ថ្មី​នេះ​មាន​អេក្រង់ ១៣ អ៊ីញ​ ជា​ប្រភេទ​ Retina Display និង​មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​មុន ហើយ​ស៊ុម​អេក្រង់​នេះ​បាន​ប្ដូរ​មក​ជា​ពណ៌​ខ្មៅ​វិញ ជំនួស​ឲ្យ​ស៊ុម​ពណ៌​ទឹក​ប្រាក់​ដែល​ Apple ប្រើ​កន្លង​មក។

លើ MacBook Air នេះ​មាន​បំពាក់​ដោយ​រន្ធ USB-C ចំនួន​ពីរ​ និង​រន្ធ​ដោត​កាស​ចំនួន​មួយ។ បន្ថែម​ពី​នេះ​នៅ​លើ Keyboard មាន​បំពាក់​ដោយ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ ដែល​អាច​ប្រើ​សម្រាប់​ការ​ Login ចូល​ MacBook ដោយ​មិន​បាច់​វាយ​លេខ​សម្ងាត់។

ចំពោះ​រន្ធ​បំពង​សំឡេង​វិញ​គឺ​ជា​ប្រភេទ Stereo ដែល​អាច​បញ្ចេញ​សំឡេង​បាន​ឮ​ជាង​មុន ២៥% និង​មាន​សំឡេង​បាស​ច្រើន​ជាង​មុន គួប​ផ្សំ​នឹង​រន្ធ​ស្រូប​សំឡេង​ចំនួន​បី​សម្រាប់​ដំណើរ​ការ​មុខងារ​ Hey Siri។

MacBook Air ថ្មី​នេះ​​មាន​បំពាក់​ CPU Intel ជំនាន់​ទី​ ៨ ប្រភេទ Core-i5 ដែល​មាន​​ជម្រើស​ RAM ទំហំ​ធំ​ដល់ ១៦ GB និង​អង្គ​ផ្ទុក​ទំហំ​ដល់ ១,៥ TB។ Apple អះអាង​ថា​ MacBook Air មាន​ថាមពល​ថ្ម​ដែល​អាច​​ប្រើ​ប្រាស់​សម្រាប់​ការ​បើក​វិបសាយ​បាន ១២ ម៉ោង និង​ចាក់​រឿង​បាន​ ១៣ ម៉ោង​តាម​ iTunes។

MacBook Air ​ថ្មី​មាន​ទម្ងន់​​​​ត្រឹម​​ ១,២៤ គីឡូក្រាម​ស្រាល​ជាង​មុន, មាន​កម្រាស់​ ១៥,៦ ម.ម ដែល​ស្ដើង​ជាង​មុន ១០% និង​រូបរាង​តូច​ជាង​មុន ១៧%។ តួ​ខ្លួន​របស់​ MacBook Air ថ្មី​ផលិត​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម​ចាស់ៗ​ ១០០% ដែល​គេ​បាន​យក​មក​កែច្នៃ​ឡើង​វិញ។

MacBook Air ​មាន​ចាប់​ផ្ដើម​ពី RAM ទំហំ ៨ GB, CPU Core-i5 ល្បឿន ១,៦ GHz និង អង្គ​ផ្ទុក​ប្រភេទ SSD ទំហំ ១២៨ GB ដែល​មាន​តម្លៃ​ ១ ១៩៩ ដុល្លារ។ កុំព្យូទ័រ​នេះ​មាន​ជម្រើស​ពណ៌​ប្រផេះ, ទឹក​ប្រាក់ និង​មាស ដោយ​ចេញ​លក់​នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា៕​​​​​​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម