ហាង​ឆេង​គ្រឿង​បន្លាស់​រថយន្ត ចង់ដឹង​អាច​ចូល​មើល​បាន

  • 2018-11-03 00:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលរថយន្តត្រូវចូលយានដ្ឋានជួសជុល ក្រៅពីការអង្គុយរង់ចាំហើយនោះ ជាងរថយន្តក៏មកប្រាប់អ្នកថារថយន្តរបស់អ្នកខូចផ្នែកនេះ ដែលពេលខ្លះអ្នកមិនទាំងដឹងអំពីផ្នែកនោះថាវាមានរូបរាងដូចម្ដេច ប្រើសម្រាប់ធ្វើអ្វី ហើយនៅទីណាផងនោះ។ ម៉្យាងទៀត អ្នកក៏មិនអាចដឹងពីតម្លៃប្រហាក់ប្រហែលរបស់វានៅ ក្នុងទីផ្សារផងដែរ។ ថ្លៃ​ថោកអី​ យ៉ាងហោចណាស់ អ្នកក៏​គួរ​ដឹងពីតម្លៃវាលក់ក្នុងទីផ្សារបរទេសដែរ។

ថ្ងៃនេះ Sabay នាំជូននូវគ្រឿងរថយន្តចំនួន ១០ ក្នុងចំណោម ៥០ មានទាំងតម្លៃ និងរូបរាង ដែលអាចឲ្យអ្នកទាំងអស់គ្នាស្គាល់ថាអ្វីជាអ្វីបាន៖

បញ្ជាក់ថា៖ តម្លៃ​នេះ​នៅបរទេស​ទេ

១. ប្រដាប់បញ្ជា ABS (ABS Control Unit)

តម្លៃចាប់ពី៖ ៣២ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

ប្រដាប់បញ្ជា ABS ជាខួរក្បាលនៃប្រព័ន្ធហ្វ្រាំង ដោយវានឹងគណនាសម្ពាធហ្វ្រាំង និងល្បឿងកង់ ដើម្បីបន្ថែមឬបន្ថយសម្ពាធទៅលើកង់រថយន្ត។ ប្រសិនបើប្រដាប់បញ្ជា ABS ខូច វានឹងបណ្ដាលឲ្យមានលោតភ្លើង ABS លើកុងទ័ររថយន្តហើយ។ ស្វែងយល់ពីភ្លើង ABS ដែលលោតលើកុងទ័ររថយន្ត

២. កុំប្រែសស័រម៉ាស៊ីនត្រជាក់ (AC Compressor)

តម្លៃចាប់ពី៖ ៩០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

កុំប្រែសស័រម៉ាស៊ីនត្រជាក់មាននាទីបណ្ណែនសារធាតុត្រជាក់។ វាប្រៀបបានដូចជាបេះដូងនៃម៉ាស៊ីនត្រជាក់អ៊ីចឹង។ បើសិនជាម៉ាស៊ីនត្រជាក់រថយន្តមានបញ្ហា ផ្នែកដែលគួរឆែកមុនគេគឺកុំប្រែសស័រនេះហើយ។

៣. ម៉ូទ័រភ្លើង (Alternator)

តម្លៃចាប់ពី៖ ៦០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

ម៉ូទ័រភ្លើងអាចដំណើរការបានដោយការថ្ពក់ក្បាលរបស់វាទៅ នឹងម៉ាស៊ីនរថយន្តឲ្យវិលដោយប្រើខ្សែពាន។ នៅពេលដែលក្បាលម៉ូទ័រចាប់ផ្ដើមវិល វានឹងបង្កើតភ្លើងដើម្បីផ្គត់ផ្គង់ការប្រើប្រាស់គ្រឿងនានា ក្នុងរថយន្តដូចជាចង្កៀង និងអំពូលជាដើម ហើយវាក៏ជួយសាកភ្លើងឲ្យអាគុយវិញផងដែរ។

៤. ភ្លៅ (Axle Shafts)

តម្លៃចាប់ពី៖ ៤២ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

ភ្លៅរថយន្តគឺជារបារវែងដែលភ្ជាប់ទៅនឹងកង់រថយន្ត ហើយខ្ទាស់ជាប់នឹងកង់រថយន្ត។ ដូចនេះ នៅពេលដែលប៉ុងរថយន្តចាប់ផ្ដើមវិល ក្បាលផ្លូវដែលមានស្ពឺទាក់ទៅនឹងប៉ុងរថយន្តនោះ ក៏វិលទៅតាមនោះដែរ ជាហេតុធ្វើឲ្យកង់រថយន្តវិលបានដូចគ្នា។

៥. អាប៊ូហ្សេ ឬរ៉ូទីល (Ball Joints)

តម្លៃចាប់ពី៖ ១៦ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

អាប៊ូហ្សេ មានទីតាំងស្ថិតនៅជាមួយផ្នែកខាងចុងនៃបូមរថយន្ត និងតំណភ្ជាប់ទៅកាន់ប្រព័ន្ធចង្កូត។ បើសិនជា អាប៊ូហ្សេនេះខូច វានឹងធ្វើឲ្យរថយន្តឮសំឡេង ក្លឹកក្លាក់ ដូចរលុងអ្វីមួយអ៊ីចឹង ហើយវានឹងមានសំឡេងរំខានកាន់តែខ្លាំងឡើង ពេលយូរទៅ។

៦. ម៉ូទ័រកង្ហារ (Blower Motor)

តម្លៃចាប់ពី៖ ២៧ ដុល្លារ (តម្លៃលើទីផ្សារបរទេស មិនទាន់គិតកម្លាំងពលកម្មចូល)

ម៉ូទ័រកង្ហារជាម៉ូទ័រដែលបក់នាំខ្យល់ចូលមកក្នុងរថយន្ត ដោយវាមានទីតាំងនៅខាងក្រោយប្រអប់ដាក់ឥវ៉ាន់អ្នកអង្គុយនៅខាងមុខ។ នៅពេលខ្លះ ម៉ូទ័រនេះអាចនឹងផ្ដល់សំឡេងរំខាន ឬក៏លែងដំណើរការតែម្ដង ដែលសុទ្ធសឹងជារឿងត្រូវប្ដូរថ្មី។

៧. កញ្ចាប់ហ្វ្រាំង (Brake Caliper)

តម្លៃចាប់ពី៖ ២៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

កញ្ចាប់ហ្វ្រាំងគឺជាសំណុំមួយដែលផ្ទុកស្បែកហ្វ្រាំង ហើយនៅពេលដែលយើងជាន់ហ្វ្រាំង កញ្ចាប់នេះនឹងផ្អឹបចូលដើម្បីឲ្យស្បែកហ្វ្រាំងកកិតនឹងថាសហ្វ្រាំងដែលនៅជាប់កង់ ធ្វើឲ្យរថយន្តអាចឈប់បាន។

៨. ដុំភ្លើងចង្កៀងខាងក្រោយពេលជាន់ហ្វ្រាំង (Brake Light Switch)

តម្លៃចាប់ពី៖ ៧ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

នៅពេលដែលយើងជាន់ហ្វ្រាំង ដុំនេះហើយជាអ្នកជួយឲ្យចង្កៀងខាងក្រោយលោតភ្លើងពណ៌ក្រហម។ បើសិនជាពេលជាន់ហ្វ្រាំងហើយ ចង្កៀងខាងក្រោយមិនភ្លឺទេនោះ អ៊ីចឹងបានន័យថាអ្នកគួរមើលដុំភ្លើងនេះហើយ ថាតើវាជាមូលហេតុឬក៏យ៉ាងណា។

៩. ថាសហ្វ្រាំង (Brake Rotor)

តម្លៃចាប់ពី៖ ២០ ដុល្លារ (តម្លៃលើទីផ្សារបរទេស មិនទាន់គិតកម្លាំងពលកម្មចូល)

ថាសហ្វ្រាំង ជាដុំថាសមួយដែលមួលជាប់នឹងកង់ ហើយវាធ្វើការជាមួយនឹងកញ្ចាប់ហ្វ្រាំងបំពាក់ជាមួយស្បែកហ្វ្រាំង ដើម្បីបញ្ឈប់ឬបន្ថយល្បឿនរថយន្ត។ ជាធម្មតា ថាសហ្វ្រាំងអាចនឹងខូចខាតពេលប្រើយូរ ដោយសារតែកម្ដៅកើតឡើង ពេលកកិត និងភាពសឹករេចរឹលរបស់វា។

១០. ឡាបបាកាម (Camshaft)

តម្លៃចាប់ពី៖ ១០៩ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

ឡាបបាកាម​ មាននាទី​សម្រាប់បិទបើក​វ៉ាល់​នៅ​ក្នុង​ម៉ាស៊ីន សម្រាប់​ឲ្យ​ខ្យល់​និង​ប្រេង​ចូល ហើយ​ឲ្យ​ផ្សែង​ក្រោយ​ចំហេះ​ចេញ​ពី​ក្នុង​ម៉ាស៊ីន​។ បញ្ហា​ដែល​អាច​បណ្ដាល​ឲ្យ ឡាបបាកាម​ខូច គឺ​អាច​មក​ពី​សម្ពាធប្រេ​ង​មិន​គ្រប់​គ្រាន់ ឬ​ក៏​អាច​និយាយ​បាន​ថា ខ្វះ​ប្រេងរំអិល ដែល​ធ្វើ​ឲ្យ​វា​ឆាប់​ខូច។

ចំពោះ ​គ្រឿង​ផ្សេងៗរបស់​រថយន្ត និង​តម្លៃ​របស់​វា Sabay នឹង​នាំ​មក​ជូន​ក្នុង​ពេល​ក្រោយ​ៗ​ទៀត។

ចុចអាន៖

ប្រភព៖ www.bestproducts.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ