ព័ត៌មាន​ជុំវិញ​ដំណឹង​ទាក់ទងគ្នា​របស់ Songkarn និង​ Matt ព្រម​ទាំង​សម្ដី​ចេញពីមាត់ Taew

  • 2018-11-06 02:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​មួយ​ទៀត​ហើយ​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភពសិល្បៈ​ថៃ ទាក់ទង​ដំណឹង​ទាក់ទង​គ្នា​របស់​តារា​សម្ដែង​ប្រុស​ស្រី​ ២​នាក់​ Songkran Taechanarong និង​ Matt Peranee បន្ទាប់​ពី​អ្នក​ទាំង​សង្ខាង​បាន​ផ្ដាច់​ចំណងស្នេហ៍​ពី​អតីត​ដៃ​គូ​រៀងៗ​ខ្លួន។

ដំណឹង​នេះ​បាន​ផ្ទុះ​នៅ​ថ្ងៃ​ទី​ ០៥ ខែ​វិច្ឆិកា​ នៅ​ពេល​ Songkran បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​នឹង​វិបសាយ​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ​ Thairath អំពី​ទំនាក់ទំនង​ជាមួយ​នឹង​ Matt Peranee។ អតីត​ស្វាមី​តារាសម្ដែង​ Aff Taksaorn បាន​ទម្លាយ​ថា​ ខ្លួន​ពិត​ជា​ផ្ដោះផ្ដង​លេបខាយ​ស្នេហា​ដាក់ Matt មែន​ ប៉ុន្តែ​លោក​មិន​ដែល​ដឹង​ពី​ប្រវត្តិផ្ទាល់​ខ្លួន​របស់​នាង​ពីមុន​មក​ទេ។ ជា​រឿយៗ​ លោក​តែង​​ជួប​នាង​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ ហើយ​ក៏​និយាយ​លេង​ពីនេះពីនោះ​ មិនត្រឹម​តែ​ប៉ុណ្ណោះ​ពួកគេ​ក៏​ឧស្សាហ៍​ជួប​គ្នា​នៅ​ក្លឹប​ហាតើប្រាណ​ដែរ។

និយាយ​ពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ណ័រវេស​វិញ​ Songkran និយាយ​ថា​ Matt ទៅ​ទីនោះ​មុន​លោក ដូច្នេះ​ហើយ​ពេល​លោក​ទៅ​ដល់​ នាង​ក៏​ធ្វើ​ជា​មគ្គុទេសក៍​នាំផ្លូវលោក​តែម្ដង​ទៅ។

បញ្ជាក់​បន្ថែម​ Songkran ​ក៏​បាន​បង្ហើប​ទៀត​ថា​ លោក​ និង​ Matt ពិត​ជា​ទាក់ទង​គ្នា​មែន​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​ក្លាយ​ជា​គូស្នេហ៍​ចេញ​មុខ​ចេញ​មាត់​នៅ​ឡើយ​ទេ។

ដោយឡែក​ ទាក់ទង​នឹង​ព័ត៌មាន​នេះ​ដដែល​ Taew ដែល​ជា​មិត្តល្អ​របស់​ Matt ក៏​បាន​ផ្ដល់​បទសម្ភាស​ខ្លះ​ដែរ ស្របពេល​នាង​ចូលរួម​ក្នុង​កម្មវិធី​នៅ​ Siam Paragon។ នាង​និយាយថា៖ "ខ្ញុំ​មិន​បាន​ដឹង​ថា​ពួកគេ​ទាក់ទង​គ្នាទេ ហើយ​ការ​ដែល​ដឹង​នេះ​ ក៏​ដឹង​តាម​រយៈ​សារព័ត៌មាន​ដែរ។ Matt មិន​ដែល​និយាយ​អ្វី​ជាមួយ​ខ្ញុំ​ពីរឿង​នេះ​ទេ។ ទោះ​បី​ពូក​យើង​ជា​មិត្ត​នឹង​គ្នា​ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​ឡាយ​ណា​ទាក់ទង​នឹង​រឿង​នេះ​ ជំនួស​គាត់​ដែរ”។

ជាមួយ​គ្នា​នោះ​ តួ​ឯក​ក្នុង​រឿង​ "ណាគី” រូបនេះ​ក៏​បាន​បន្ត​ថា៖ "ខ្ញុំ និង​គ្រប់​គ្នាដែល​ ស្គាល់​ Matt មាន​តែ​ជូនពរ និង​លើក​ទឹកចិត្ត​នាង​បន្ថែម។ ខ្ញុំ​កម្រ​បាន​ជួប​នាង​ណាស់ តែ​យើង​តែង​និយាយ​លេង​ជាមួយ​គ្នា​ក្នុង​វីដេអូ​ឆាត​ក្នុង​ក្រុម​ នៅពេល​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ហើយ​ពេល​ដែល​ជួប​គ្នា​ ក៏​ពួកយើង​មិនដែល​និយាយ​គ្នា​ពី​រឿង​នេះ​ដែរ"៕

អត្ថបទ៖ យី សុធារី