កក្រើក​សង្វៀន​យប់មិញ Kevin ដណ្តើម​ខ្សែក្រវាត់​ពិភពលោកបានពី Bibiano

  • 2018-11-10 03:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ប្រេស៊ីល​ដែល​ការពារ​​បាន​ជា​ច្រើន​លើក Bibiano Fernandes បាន​បាត់​បង់​ខ្សែ​ក្រវាត់​របស់​ខ្លួន​ហើយ​ បន្ទាប់​ពី​ចាញ់​​​អ្នក​​ឡើង​ដណ្តើម​ថ្មី​របស់​ហ្វីលីពីន Kevin Belingon ក្នុង​ព្រឹត្តិការណ៍​ ONE: HEART OF THE LION ​នៅ​ប្រទេស​សិង្ហបុរី​យប់មិញ​ដែល​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​តែ​ម្តង។

Kavin (ខោក្រហម) និង Bibiano (រូបថត៖ ONE)

ជើង​ខ្លាំង​ហ្វីលីពីន​ Kevin Belingon ​បាន​បង្ហាញ​ភាព​រស់​រវើក​ក្នុង​ការ​ប្រកួត​៥​ទឹក​ពេញ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​​ដើម្បី​បញ្ចប់​ម្ចាស់​ខ្សែ​ក្រវាត់​ Bibiano Fernandes ដែល​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​នេះ​បាន​ជោគជ័យ​ជិត​៥​ឆ្នាំ​ហើយ។ លក្ខណៈ​ពិសេស​របស់​ Belingon ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា ការ​ទាត់​​បក​ក្រោយ​លើ​​ដង​ខ្លួន​របស់​ដៃ​គូ​​ពិត​ជា​មាន​ប្រសិទ្ធភាព​ និង​សន្សំ​ពិន្ទុ​បាន​ច្រើន​គិត​ចាប់​ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥។ ជា​ពិសេស​នៅ​ទឹក​ទី​៤​ កីឡាករ​ហ្វីលីពីន​រូប​​នេះ​បាន​វាយ​កណ្តាប់​ដៃ​ចំ​មុខ​ពេញ​បណ្តាល​ឲ្យ​ជើង​ខ្លាំង​​ប្រេស៊ីល​ដួល​​ស្ទើរ​បាត់​បង់​ស្មារតី។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ ​​ Bibiano គឺ​ក្បាច់​ឃ្លេ​​ផ្នែក​ក្រោម​ដែល​បង្ក​ព្យុះ​ភ្លៀង​ដល់​ Kevin ជា​រឿយ​ៗ​នៅ​ចុង​ទឹក​នីមួយ​ៗ​​ដែល​​នេះ​ជា​​ចំណុច​សំខាន់​របស់​ខ្លួន​សន្សំ​ពិន្ទុ​បាន​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ Kavin មាន​បច្ចេកទេស​​ដោះ​ខ្លួន​ និង​រើ​បម្រះ​បាន​យ៉ាង​ល្អ​ដើម្បី​រួច​ផុត​ពី​ការ​កៀប​សង្កត់​ផ្នែក​ក្រោម​របស់​ដៃ​គូ​ប្រកួត។

Kavin (ខោក្រហម) និង Bibiano (រូបថត៖ ONE)

បន្ទាប់​ពី​​ការ​ប្រកួត​៥​ទឹក​ពេញ​​ស្មើ​នឹង​២៥​នាទី​នៅ​ក្រោម​ក្រសែ​ភ្នែក​ពេញ​កីឡដ្ឋាន​ Indoor Stadium របស់​សិង្ហបុរី​ ចៅ​ក្រម​​២​នាក់​បាន​ឲ្យ​​ Kavin ឈ្នះ ខណៈ​ម្នាក់​ទៀត​​ឲ្យ​ Bibiano ឈ្នះ។ ដូច្នេះ​កីឡាករ​ហ្វីលីពីន​ឈ្នះ​​ពិន្ទុ​មិន​ឯកច្ឆន្ទ​​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​ថ្មី​ចាប់​ពី​ពេល​នេះ។ Kavin មាន​ខ្សែ​ក្រវាត់​ពិភព​លោក​២​គ្រឿង​ហើយ​គឺ​ខ្សែ​ក្រវាត់​ទី​១​ឈ្នះ​កីឡាករ​អូស្ត្រាលី-វៀតណាម​ Martin និង​​ទី​២​នេះ​ឈ្នះ​ Babiano ដែល​សុទ្ធ​តែ​ជើង​ខ្លាំង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ប៉ុន្តែ​ត្រូវ​បរាជ័យ​ក្រោម​ស្នាដៃ​របស់​គេ។​

ចំណែក​គូ​ឯក​រង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ម្ចាស់​ស្រុក​​ស្រែក​ហោ​យ៉ាង​ខ្លាំង​នៅ​ពេល​កីឡាករ​សិង្ហបុរី​Christian Lee បាន​បញ្ឈប់​ជើង​ខ្លាំង​ជប៉ុន​ Kazuki Tokudome ក្នុង​ទឹក​ទី​១។

Kavin គ្រង​ខ្សែក្រវាត់​ថ្មី

លទ្ធផល​ទាំង​អស់​

  • Kevin Belingon ឈ្នះ​ Bibiano Fernandes ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​
  • Christian Lee ផ្តួល​ Kazuki Tokudome ​ទឹក​ទី​១​
  • Giorgio Petrosyan ឈ្នះ​ Sorgraw Petchyindee ដោយ​ពិន្ទុ (ប្រដាល់​សេរី)​
  • កីឡាការិនី​ Tiffany Teo ឈ្នះ​ពិន្ទុ​ Michelle Nicolini ទឹក​ទី​១
  • Jo Nattawut ឈ្នះ​ពិន្ទុ​ George Mann (ប្រដាល់​សេរី)
  • Alaverdi Ramazanov ផ្តួល​ Andrew Miller ទឹក​ទី​១ (ប្រដាល់​សេរី)
  • Garry Tonon ផ្តួល​ Sung Jong Lee ទឹក​ទី​២
  • Muangthai P.K.Saenchaimuaythaigym ឈ្នះ​​ Panicos Yusuf ដោយ​ពិន្ទុ (ប្រដាល់​សេរី)
  • Shuya Kamikubo ឈ្នះ​ Muhammad Aiman ដោយ​ពិន្ទុ​
  • Xie Bin ឈ្នះ​ Hisyam Samsudin ​ដោយ​ពិន្ទុ​
  • Anthony Engelen ផ្តួល​ មាស ម៉ើ ទឹក​ទី​១​

អត្ថបទ៖ ជាន ចាន់រ៉ា