ការពិតនៃការប្រកាសលាលែងពីប្រធានសមាគមភាពយន្តកម្ពុជារបស់លោក ឆាយ បូរ៉ា

  • 2018-11-12 04:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី ថ្ងៃអាទិត្យ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា​បានចុះអត្ថលេខាលាលែងពីតំណែង ដោយបានដាក់ស្នើទៅកាន់ឯកឧត្តម ស៊ិន ចាន់សាយ៉ា ប្រធានក្រុមព្រឹក្សាភិបាល សមាគមភាពយន្តកម្ពុជា។

ឯកឧត្តម ស៊ិន ចាន់សាយ៉ា

ក្រោយការទទួលកាន់តំណែងជាប្រធាន សមាគមភាពយន្តកម្ពុជា ២ ឆ្នាំជាប់គ្នា លោក ឆាយ បូរ៉ា បានព្យាយាមដោះស្រាយបញ្ហា និងដឹកនាំការផលិតករភាពយន្តខ្មែរឱ្យមានឱកាស ពិសេសការ​សម្រួល​បញ្ហា​នានា​រវាង​រោងភាពយន្ត នាយកដ្ឋានភាពយន្ត និង​ផលិតករ​ភាពយន្ត​ខ្មែរ​ជុំវិញ​ការ​ផលិត និង​ការផ្សព្វ​ផ្សាយ។

លោក ឆាយ បូរ៉ា

យ៉ាងណាមិញ លោក ឆាយ បូរ៉ា បានបញ្ជាក់ថា ការលាលែងនេះដោយសារតែរូបលោកទទួលបានការបោះឆ្នោតឱ្យទទួលតំណែងជាប្រធាននេះ ២ឆ្នាំ ជាប់គ្នាមកហើយ។ រូបលោក បន្តថា មានបញ្ហាជាច្រើនក្នុងវិស័យភាពយន្ត លោកបានខិតខំដោះស្រាយ ហើយក៏នៅមានបញ្ហាជាច្រើនទៀតដែលរូបលោកមិនអាចសម្រេចបានក្នុងនាមជាប្រធានសមាគមមួយនេះ។

ហេតុផលទី ៣ របស់លោក ឆាយ បូរ៉ា គឺរូបលោកចង់ផ្តោតការងារក្នុងផលិតកម្មដើមត្នោតរបស់ខ្លួន​ឱ្យបានច្រើនជាងមុន និងផ្តល់ឱកាសជាប្រធានសមាគមនេះទៅកាន់អ្នកថ្មីដែលអាចនឹងដឹកនាំ និងដោះស្រាយបញ្ហាជូនផលិតករភាពយន្តខ្មែរឱ្យកាន់តែប្រសើរជាងមុខ។

ជាចុងក្រោយ លោក ឆាយ បូរ៉ា ក៏បានផ្ញើសារមកកាន់ Sabay ថា៖ «ការខិតខំក្នុងវិស័យភាពយន្តខ្មែរ ដើម្បីធ្វើឱ្យសិល្បៈនេះមានភាពល្បីល្បាញ ជាបេសកម្មមួយ​វែងឆ្ងាយ​សម្រាប់កម្ពុជា ពិសេសផលិតករភាពយន្តខ្មែរគ្រប់រូប។»

លោក បូរ៉ា ផលិតករពីរឿង «ឃ្លាតទៅសែនឆ្ងាយ» បន្តថា៖ «ភាពយន្តជាទម្រងមួយសំខាន់ក្នុងមែកធាង វប្បធម៌របស់ជាតិ ដែលពាំនាំយកកិត្យានុភាពជាតិទៅកាន់ពិភពលោក មិនត្រឹមតែប៉ុណ្ណោះ វាជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសដែលបង្កើតការងារអោយមនុស្សរាប់ពាន់នាក់ ហើយនឹងឈានដល់ទាញយករូបបិយប័ណ្ណអន្តរជាតិជូនជាត់ថែមទៀត។ កុំរងចាំវាស្លាប់ហើយមកសង្គ្រោះ»៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម