ឆែកមើលហាងឆេងគ្រឿងបន្លាស់រថយន្តសំខាន់ៗ ១០ លក់ក្រៅស្រុក

  • 2018-11-13 03:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍មុន Sabay បាននាំជូននូវគ្រឿងបន្លាស់រថយន្ត ១០ ប្រភេទ ជូនមិត្តអ្នកអានឲ្យស្គាល់ពីមុខងារទូទៅ និងតម្លៃរបស់វានៅលើទីផ្សារបរទេសរួចមកហើយ។ ចំណែកក្នុងថ្ងៃនេះ ក៏មិនខុសពីមុនដែរ Sabay សូមបង្ហាញជូនគ្រឿងបន្លាស់រថយន្តចំនួន ១០ ប្រភេទទៀតដល់អ្នកទាំងអស់គ្នា ឲ្យដឹងថាវាប្រើប្រាស់សម្រាប់ធ្វើអ្វី និងមានតម្លៃចាប់ពីប៉ុន្មានឡើងទៅ៖

១. Sensor ចាប់ទីតាំង ឡាបបាកាម (Camshaft Position Sensor)

តម្លៃចាប់ពី៖ ១៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

Sensor ចាប់ទីតាំងឡាបបាកាម មាននាទីសម្រាប់ចាប់ទីតាំងរបស់ឡាបបាកាម ដែលវាតែងតែវិលជុំវិញ ៣៦០ ដឺក្រេ ហើយវាឲ្យដំណឹងទៅប្រដាប់បញ្ជាម៉ាស៊ីនឲ្យបាញ់សាំងចូលក្នុងស៊ីឡាំងនៅពេលណាមួយ។ បើសិនជា Sensor នេះមិនដំណើរការទេ វានឹងលោតសញ្ញា Check ម៉ាស៊ីននៅលើតាបឡូ ហើយរថយន្តរបស់អ្នកអាចនឹងមិនងាយបញ្ឆេះ ហើយស៊ីសាំងជាងមុនទៀតផង ។

២. អំប្រ៊ីយ៉ា (Clutch)

តម្លៃចាប់ពី៖ ៨២ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

ចំពោះរថយន្តប្រើលេខដៃ អំប្រ៊ីយ៉ាមាននាទីសំខាន់ខ្លាំងណាស់ ដោយវាជាអ្នកភ្ជាប់ម៉ាស៊ីន និងប្រអប់លេខរថយន្តឲ្យធ្វើការជាមួយគ្នា។ ដោយសារតែអំប្រ៊ីយ៉ានេះឯង ដែលជាអ្នកបន្ថយកម្លាំងកន្ត្រាក់នៅពេលអ្នកដាក់ ដកលេខ ឬជាន់ហ្វ្រាំងនោះ ការប្រើប្រាស់ក្នុងរយៈពេលយូរវានាំឲ្យថាសអំប្រ៊ីយ៉ានេះអាចសឹករេចរឹល ដែលតម្រូវឲ្យមានការផ្លាស់ប្ដូរថ្មី។

៣. ដៃបញ្ជា (Control Arm)

តម្លៃចាប់ពី៖ ៣០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

Control Arm មានរូបរាងខុសៗគ្នាទៅតាមប្រភេទរថយន្តផ្សេងៗគ្នា ប៉ុន្តែវាមានមុខងារយ៉ាងសំខាន់ក្នុងរថយន្តដោយវាជាផ្នែកដែលភ្ជាប់ កង់រថយន្តទៅនឹងផ្នែកផ្សេងៗទៀតនៅតួរថយន្ត។ Control Arm ផ្គុំឡើងដោយលោហៈជារូបរាងផ្សេងៗ បូករួមជាមួយនឹងគ្រាប់ឃ្លី និងគន្លាក់ផ្សេងៗ។ នៅពេលគ្រាប់ឃ្លី និងគន្លាក់ទាំងនោះចាប់ផ្ដើមខូចសឹករេចរឹល វាអាចធ្វើឲ្យរថយន្តបញ្ចេញសំឡេង ដូចរលុងអ្វីមួយ ហើយនៅពេលដែលជិះផ្លូវដែលមានជង្ហុកច្រើន អ្នកបើកបរអាចមានអារម្មណ៍ថា កង់រថរយន្តរាងរលុង។ នៅពេលខ្លះ បើសំណាងល្អ អ្នកអាចដោះ Control Arm ចេញមកក្រៅហើយគាស់គ្រាបឃ្លី និងគន្លាក់ប្ដូរបាន ប៉ុន្តែវាអាចពិបាក ដែលតម្រូវឲ្យអ្នកត្រូវប្ដូរតួទាំងមូលតែម្ដង។

៤. វីឡឺប្រឹកាំង (Crankshaft)

តម្លៃចាប់ពី៖ ១៩០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

វីឡឺប្រឹកាំង ជាដងវែងមានគន្លាក់ច្រើនមួយនៅក្នុងម៉ាស៊ីន ដែលមានកន្លែងផ្ជាប់ទៅនឹងដែកពីស្ដុង។ នៅពេលដែល ស៊ីឡាំងក្នុងម៉ាស៊ីនចាប់ផ្ដើមធ្វើការ វីឡឺប្រឹកាំងក៏ចាប់ផ្ដើមវិលដូចគ្នា ហើយវានឹងភ្ជាប់ទៅកាន់កង់ដើម្បីអាចរថយន្តផ្លាស់ទីបាន។ ដូចគ្នានឹងឡាបបាកាមដែរ វីឡឺប្រឹកាំងកម្រខូចណាស់ ប៉ុន្តែបើសិនជាវាខូច គឺភាគច្រើនបំផុតបណ្ដាលមកពីខ្វះប្រេងរំអិល ហើយត្រូវតែប្ដូរថ្មីចេញតែម្ដង។

៥. កៅស៊ូវីឡឺប្រឹកាំង (Crankshaft Seal)

តម្លៃចាប់ពី៖ ៤ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

កៅស៊ូនេះ ប្រើសម្រាប់ជាវ៉ានសម្រាប់ទប់លំហូរប្រេងរំអិល កុំឲ្យហូរចូលក្នុងម៉ាស៊ីន។ ជាធម្មតាកៅស៊ូនេះ យូរទៅនឹងសឹកហើយវាអាចឲ្យប្រេងរំអិលហូរចូលទៅក្នុងម៉ាស៊ីន ដែលតម្រូវឲ្យដូរចេញថ្មី។

៦. គន្លឹះសោទ្វារ

តម្លៃចាប់ពី៖ ២០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

គន្លឹះទ្វារ ភាគច្រើនសព្វថ្ងៃនេះ ភាគច្រើនខូច មិនអាចបញ្ញាបាន ដោយសារតែខ្សែភ្លើងខាងក្នុងដែលវាអាចកកិតដាច់ ឬក៏រលុងជាដើម ប៉ុន្តែអ្នកនៅតែអាចប្រើប៊ូតុងគន្លឹះ ដែលនៅជាប់ទ្វារនីមួយៗសម្រាប់ដោះ ឬចាក់សោបាន។ ប៉ុន្តែបើសិនជាប្រើប៊ូតុងគន្លឹះទាំងនោះហើយ សោទ្វានៅតែមិនអាចចាក់ និងដោះបានទៀត អ្នកត្រូវដូរគន្លឹះទ្វារនេះចេញហើយ។

៧. ភ្លៅបង្វិល/ភ្លៅអូស (Driveshaft)

តម្លៃចាប់ពី៖ ១៤៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

ភ្លៅបង្វិល ខុសពីភ្លៅធម្មតា (Axle Shaft) ដោយវាត្រូវបានប្រើប្រាស់សម្រាប់រថយន្តដែលប្រើប៉ុងក្រោយ ដើម្បីភ្ជាប់ចង្កឹះលេខ ទៅនឹងកង់ផ្នែកខាងក្រោយ។ ផ្នែកសំខាន់ ២ របស់ភ្លៅបង្វិលនេះ ដែលអាចខូចមាន គន្លាក់រាងអក្សរ U និងគន្លាក់ទ្រកណ្ដាល។ គន្លាក់ទ្រកណ្ដាលអាចផ្លាស់ប្ដូរបានងាយស្រួល តែបើគន្លាក់រាងអក្សរ U ខូចហើយ វាអាចឲ្យរថយន្តអ្នកបន្លឺសំឡេងលាន់ខ្លាំង ចេញពីបាតក្រោម ដូចកង់រលុងរករបូតអ៊ីចឹង។

៨. ប្រដាប់បញ្ជាម៉ាស៊ីន (Engine Control Unit)

តម្លៃចាប់ពី៖ ៩០ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

ប្រដាប់បញ្ជាម៉ាស៊ីនគ្រប់គ្រងមុខងារនានា ដែលទាក់ទងទៅនឹងដំណើរការរបស់ម៉ាស៊ីន។ ថ្វីត្បិតតែវាមានតម្លៃចាប់ផ្ដើមត្រឹម ៩០ ដុល្លារតែពិតមែន ប៉ុន្តែវាអាចថ្លៃដល់រាប់ពាន់ដុល្លារឯណោះ ទៅតាមប្រភេទរថយន្ត និងម៉ាកផ្សេងៗគ្នា។

៩. រ៉ងបំពង់ស៊ីម៉ាំង (Exhaust Manifold Gasket)

តម្លៃចាប់ពី៖ ៩ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

រ៉ងនេះប្រើសម្រាប់ទប់ផ្សែង ដែលចេញពីក្នុងស៊ីឡាំងក្រោយចំហេះរួចមក កុំឲ្យត្រឡប់ចូលទៅក្នុងម៉ាស៊ីនវិញ។ ការប្រើប្រាស់រថយន្តយូរទៅ វាធ្វើឲ្យរ៉ងនេះសឹករេចរឹល ហើយប្រសិនបើរ៉ងនេះខូច វានឹងធ្វើឲ្យបំពង់ស៊ីម៉ាំងរថយន្តអ្នកលាន់ដូចកប៉ាល់អ៊ីចឹង។

១០. កង់យោង (Flywheel)

តម្លៃចាប់ពី៖ ៣៥ ដុល្លារ (តម្លៃលើទីផ្សារបរទេស)

កង់យោងគឺជាផ្នែកមួយសំខាន់ ដែលវាជាស្ពឺថ្ពក់រវាងម៉ាស៊ីន និងប្រអប់លេខ។ នៅក្នុងរថយន្តប្រើលេខដៃ វាធ្វើការផ្ទាល់ជាមួយនឹងអំប្រ៊ីយ៉ា ដើម្បីទាក់ម៉ាស៊ីនទៅនឹងប្រអប់លេខ ហើយផ្ដល់កម្លាំងដល់កង់ឲ្យធ្វើចលនា។ ប្រសិនបើអ្នកបើកបរប្រប្រាស់រថយន្តដោយតក់ក្រហល់ ដូចជា ប្ដូរលេខភ្លាមៗ ដោយមិនចាំឲ្យរថយន្តឈប់ឲ្យស្រួលបួលទេនោះ វាអាចនឹងធ្វើឲ្យកង់យោងឆាប់ខូចសឹកធ្មេញ ដែលតម្រូវឲ្យវាត្រូវឆាបធ្មេញឡើងវិញ ឬក៏ប្ដូរថ្មីតែម្ដង។ រឿងមួយទៀតដែលលំបាកខ្លាំងតែម្ដងនោះ គឺអ្នកត្រូវដោះរុះរើប្រអប់លេខ និងអំប្រ៊ីយ៉ាចេញ ដើម្បីឲ្យប្រាកដថា កង់យោងពិតជាសឹករេចរឹលមែន ដែលវាស្មុគស្មាញនិងចំណាយពេលច្រើន។

សម្រាប់​គ្រឿង​បន្លាស់​រថយន្ត​សំខាន់​ផ្សេង​ៗ​ និង​តម្លៃ​របស់​វា Sabay នឹង​នាំ​បង្ហាញ​មិត្ត​អ្នក​អាន​នៅ​ពេល​ក្រោយ​ទៀត

ចុចអាន៖

ប្រភព៖ www.bestproducts.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ