របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​

  • 2018-11-17 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ការងារ​នៅ​មុខ​កុំព្យូទ័រ ឧបករណ៍​ប្រើ​ច្រើន​បំផុត​គឺ​ Keyboard  ដែល​គ្រប់គ្រង​ការ​បញ្ជា​ភាគច្រើន​ទៅ​លើ​កុំព្យូទ័រ​។ Keyboard មាន​លើ​ទីផ្សារ​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន ដែល​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លះ​ដែរ ដើម្បី​ទទួល​បាន​មួយ​ក្នុង​ចំណោម​នោះ​ល្អ​ប្រើ​។ 

១) ប្រភេទ​ការងារ​

គួរ​ដឹង​ពី​ប្រភេទ​ការងារ​ខ្លួន​នឹង​ធ្វើ​ជាមួយ Keyboard នេះ។ មាន Keyboard ខ្លះ​រចនា​សម្រាប់​លេង​ហ្គេម​តែ​ម្តង​។ បើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​វាយ​បញ្ចូល​អក្សរ​ច្រើន អាច​ប្រើ​ប្រភេទ Ergonomic Keyboard ផ្តល់​ផាសុកភាព ពេល​ដាក់ដៃ​វាយ​អក្សរ​។ 

បើ​ការងារ​ត្រូវការ​លេខ​ច្រើន គួរ​ប្រាកដ​ថា Keyboard មាន Numeric Keypad។ ការ​ជ្រើសរើស Keyboard មិន​ត្រូវ​តាម​ប្រភេទ​ការងារ​អាច​ខាត​ប្រយោជន៍​ទាំង​ពេលវេលា និង​ថវិកា​។ 

២) គ្រាប់ Key

គួរ​ត្រួត​ពិនិត្យ សាកល្បង​ចុច​លើ Keys នីមួយៗ ឲ្យ​ប្រាកដ​ថា​ងាយស្រួល​ចុច មិន​រឹងៗ ឬ​មិន​ប្រើ​កម្លាំង​សង្កត់​ខ្លាំង​។ ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ Key ឆ្លើយ​តប​នឹង​ការ​សង្កត់​គឺ Switch។ ប្រភេទ Switch មាន​ច្រើន​ដូចជា Rubber dome switches, Scissor switches និង Mechanical switches ដែល​បាន​ប្រើ​ដោយ​ក្រុមហ៊ុន​ផលិត​ភាគច្រើន​។ ប្រភេទ Switches ទាំង​នេះ​មាន​ភាព​ខុសគ្នា​ត្រង់​កម្រិត​សង្កត់ សំឡេង និង​ភាព​ងាយស្រួល​។ 

៣) សមត្ថភាព​

Keyboard នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​ភ្ជាប់​នឹង​កុំព្យូទ័រ​តាមរយៈ​រន្ធ USB។ Wireless Keyboards អាច​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​តាមរយៈ Bluetooth។ Keyboard ភាគច្រើន​ត្រូវ​ការ​កម្មវិធី​ដំឡើង​លើ​កុំព្យូទ័រ ដើម្បី​ប្រើប្រាស់ Function Keys។ ដូចនេះ គួរ​ប្រាកដ​ថា Keyboard នោះ​អាច​ប្រើ​ជាមួយ​ប្រព័ន្ធ​កំពុង​ប្រើ មុន​ពេល​ទិញ​។ 

៤) ការរចនា

ផ្អែក​លើ​ការ​រចនា Keyboard អាច​ចាប់​ចូល​ជា​បី​ក្រុម​រួម​មាន Standard, Gaming និង Ergonomic។ Standard Keyboard មាន Key គ្រប់គ្រង​តន្ត្រី បន្ថែម​ពី​លើ​ស្តង់ Key ១០៤ គ្រាប់។ Gaming Keyboard គោលដៅ​ជំនួយ​លេង​ហ្គេម​បាន​ស្រួល ដោយ​បន្ថែម​ជាមួយ​នឹង Key ពិសេស។​ Ergonomic Keyboard ផ្តល់​ផាសុកភាព​ក្នុង​ការ​វាយ​អក្សរ ដោយ​មាន​កន្លែង​កល់​ករ​ដៃ និង​តម្រៀប​ត្រូវ​តាម​ដៃ​បាន​ល្អ​។ 

ប្រើ Keyboard ពេល​យប់​គួរ​មាន​ភ្ជាប់​ជាមួយ​ពន្លឺ​ពី​ក្រោម​។ បើ​ចង់​បាន​ផាសុកភាព​ពេល​បំពេញ​ការងារ​ Keyboard គួរ​មាន​កន្លែង​តម្កល់​ករ​ដៃ រួម​ទាំង​មាន​រចនា​ញែក​ពី​គ្នា​។ សម្រាប់​អ្នក​សរសេរ​កម្មវិធី Keyboard គួរ​ប្រើ​ទម្រង់ DVORAK Layout ជៀស​ជាង​ស្តង់ដារ QWERTY layout។

៥) មាន​ខ្សែ ឬ ឥត​ខ្សែ​

Wireless Keyboard អាច​ធ្វើ​ឲ្យ​ទូលាយ​លើ​តុ មិន​រញ៉េរញ៉ៃ ហើយ​មិន​ពិបាក​ខ្លាច​ដាច់​ខ្សែ​។ ប៉ុន្តែ​ សម្រាប់​លេង​ហ្គេម Keyboard ប្រើ​ខ្សែ​ល្អ​ជាង ដោយ Wireless Keyboard ហាក់​បញ្ជា​ពេល​លេង​ហ្គេម​យឺត​ជាង​។ Wireless Keyboard ប្រើ​ថាមពល​ថ្ម​ច្រើន ដែល​ត្រូវការ​សាក ឬ​ប្តូរ ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​ផង​ដែរ​។ 

ដូចនេះ ចំពោះ Keyboard ដែល​អាច​ប្រើ​ទាំង​ខ្សែ និង​ឥត​ខ្សែ ជា​ជម្រើស​ល្អ​បំផុត​។ 

៦) មាន​បន្ថែម Function Keys

ដើម្បី​បង្កើន​ល្បឿន​បំពេញ​ការងារ Keyboard ជា​ច្រើន​បាន​បន្ថែម Function Keys សម្រាប់​បើក​កម្មវិធី គ្រប់គ្រង​សំឡេង ឬ​តន្ត្រី​។ Keyboard  មួយ​ចំនួន​ក៏​មាន​ភ្ជាប់​ជាមួយ Touchpad ឬ Mini Joystick ដើម្បី​ជំនួស Mouse ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifehack   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី