៦​សំណួរ​សំខាន់ ដើម្បី​កំណត់​ថា​ក្លឹប​មាន​ទោស​ឬ​អត់​ក្នុង​ការ​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ជា​អនីតិជន​

  • 2018-11-17 07:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ FIFA មាន​ច្បាប់​អ្វី​ខ្លះ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អនីតិជន? តើ​ក្លឹប​ណាខ្លះ​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​? ហើយ​តើ​មាន​ផលវិបាក​អ្វីខ្លះ​បើ​ FIFA រក​ឃើញ​ថា​មាន​ទោស? ខាង​ក្រោម​នេះ​គឺ​ជា​៦​សំណួរ​ចាំបាច់ ដើម្បី​ស្វែង​យល់​អំពី​ច្បាប់​ FIFA ក្នុង​ការ​ការពារ​អនីតិជន។

១ បើ​រក​ឃើញ​មាន​ទោស តើ​អ្វី​ជា​ការ​ពិន័យ?

Chelsea គឺជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​៥​នៅ Premier League ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​អំពី​ការ​រំលោភបំពាន​លើ​ច្បាប់​ស្តីពី​ការ​ចុះហត្ថលេខា​លើ​កីឡាករ​បរទេស​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។

Zinedine Zidane និយាយជាមួយកូនប្រុស Enzo Zidane ក្នុងអំឡុងពេលការប្រកួត Copa del Rey រវាង Real Madrid និង Cultural Leonesa នៅឆ្នាំ ២០១៦

Barcelona ត្រូវ​បាន​រក​ឃើញ​​ថា​បំពាន​នឹង​ច្បាប់​ខាង​លើ ហើយ​ត្រូវ​បាន FIFA ពិន័យ​ដោយ​ហាម​មិន​ឲ្យ​​លក់​ចេញ​ឬ​ទិញ​ចូល​ អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ចំនួន​២​ដង​កាល​ពី​ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ក្លឹប​​អេស្ប៉ាញ​​មួយ​នេះ​​ត្រូវ​បាន​រក​ឃើញ​​ថា​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​​​មួយ​ចំនួន​ពី​ប្រទេស​កូរ៉េ និង អាហ្វ្រិក។

មួយ​ឆ្នាំ​ក្រោយ​មក ក្លឹប​ Madrid ទាំង​២​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ពី​បទល្មើស​ដូច​នឹង​ Barcelona ដែរ​​ហើយ​ត្រូវ​ជាប់​បម្រាម​មិន​អាច​ផ្ទេរ​កីឡាករ​អំឡុង​ទីផ្សារ​ដោះដូរ​​ចំនួន​២​ដង។ Real Madrid កាល​ណោះ​ក៏​បាន​ចុះ​កុងត្រា​ជាមួយ​កូន​ប្រុស​របស់ Zinedine Zidane ផង​ដែរ។ ​​​​​​

២ តើ​ច្បាប់​របស់ FIFA ចែង​ដូចម្ដេច? ហើយ​មាន​ករណី​លើកលែង​ឬ​អត់?

មាត្រា ១៩ របស់ FIFA គឺ​ការ​ការពារ​អនីតិជន។ អនីតិជន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ ឬ ចន្លោះ​ពី ១៦ ទៅ ១៨ ឆ្នាំ​សម្រាប់​ការ​ផ្ទេរ​នៅ​ក្នុង​សហភាព​អឺរ៉ុប។

ប៉ុន្តែ​មាន​ករណី​លើក​លែង​៣​ជាទូទៅ​ដែល​ក្លឹប​អាច​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​កីឡាករ​ដែល​ជា​អនីតិជន​បាន។ ទី១ ឪពុកម្តាយ​របស់​កីឡាករ​បាន​ផ្លាស់​ទីលំនៅ​ទៅ​ប្រទេស​ថ្មី​ដោយសារ​មូលហេតុ​ដែល​មិន​ទាក់ទង​ទៅ​នឹង​​បាល់​ទាត់។ ទី២ កន្លែង​ដែល​​កីឡាករ​រស់​នៅ​មិន​ឆ្ងាយ​​ជាង ៥០ គីឡូម៉ែត្រ​ពី​ព្រំដែន​​ប្រទេស​របស់​គេ។ ទី៣ បើ​កីឡាករ​ដែល​ជា​អនីតិជន​ មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ១៨​ឆ្នាំ ក្លឹប​អាច​ទិញ​បាន ប៉ុន្តែ​ត្រូវ​មាន​លក្ខខ័ណ្ឌ​ អប្បបរមា​នៃ​ការ​ហ្វឹកហាត់​បាល់ទាត់ ផ្តល់​ការ​សិក្សាអប់រំ កន្លែង​ស្នាក់​នៅ និង ការ​ថែទាំ​សុខុមាលភាព​របស់​កុមារ​ឲ្យ​បាន​ប្រសើរ។

៣ តើ​អ្វី​ទៅ​ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​​ទីផ្សារ​ដោះដូរ?

​ប្រព័ន្ធ​ត្រួតពិនិត្យ​​ទីផ្សារ​ដោះដូរ (transfer matching system) ឬ​ហៅ​កាត់ TMS គឺ​ជា​ទម្រង់​កត់ត្រា​ការ​ផ្ទេរ​កីឡាករ​រវាង​ក្លឹប​ដោយ​ប្រើ​ប្រព័ន្ធ​អនឡាញ​តាំង​ពី​ឆ្នាំ​២០១០​មក​ម្ល៉េះ។ ទម្រង់​នេះ​ក្លឹប​ដាច់​ខាត​ត្រូវ​តែ​បំពេញ ហើយ​វា​ត្រួត​ពិនិត្យ​ទិន្នន័យ​របស់​កីឡាករ​ដែល​ជា​អនីតិជន​តាំង​ពី​អាយុ​១០​ឆ្នាំ​ឡើង​ទៅ។ ក្លឹប​និង​កីឡាករ​ត្រូវ​បាន​តម្រូវ​ឱ្យ​បញ្ចូល​ព័ត៌មាន​លំអិត​អំពី​ការ​ផ្ទេរ។ ​​​

៤ តើ FIFA មាន​លទ្ធភាព​ពេញ​លេញ​ក្នុង​ការ​គ្រប់គ្រង​ការ​ដោះដូរ​កីឡាករ​​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដែរ​ឬ​ទេ?

មិន​ទេ។ ច្បាប់​ការងារ​ខុសគ្នា​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​សូម្បី​តែ​នៅ​សហភាពអឺរ៉ុប។ នៅ​អេស្ប៉ាញ​ កីឡាករ​​អាយុ​ក្មេង​បំផុត​ដែល​អាច​អាច​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​បាល់ទាត់​អាជីព​បាន​លុះ​ត្រា​តែ​មាន​អាយុ​ក្មេង​បំផុត​យ៉ាង​ហោច​ណាស់ ១៨​ឆ្នាំ។

Chelsea រង​ការស៊ើបអង្កេត​ពី FIFA ជុំវិញ​ការ​ចុះ​​ហត្ថលេខា​លើ​អតីត​កីឡាករ​វ័យក្មេង Bertrand Traore

រី​ឯ​នៅ​ប្រទេស​អង់គ្លេស​ពួកគេ​អាច​ចុះ​កិច្ចសន្យា​​បាន​នៅ​ត្រឹម​អាយុ​១៦​ឆ្នាំ ប៉ុន្តែ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ជា​កិច្ចសន្យា​អាហារូបករណ៍​ និង ហើយ​អាច​ចុះ​កិច្ចសន្យា​បាល់ទាត់​អាជីព​បាន​នៅ​ពេល​គេ​មាន​អាយុ ១៧ ឆ្នាំ។ ម្ល៉ោះ​ហើយ​ទើប​អង់គ្លេស​អាច​ឆក់​យក​កីឡាករ​បរទេស​ក្មេងៗ​មាន​ទេពកោសល្យ​បាន​​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​នៅ​អឺរ៉ុប។

៥ តើ​ធ្លាប់​មាន​ករណី​​ចុះ​កុងត្រា​កីឡាករ​ដែល​ជា​អនីតិជន តែ​ត្រូវ​បាន​ច្បាប់​លុប​ចោល​ពីព្រោះ​​ឪពុកម្ដាយ​របស់​ពួកគេ​ត្រូវ​ផ្លាស់​លំនៅ​ទៅ​បរទេស បើ​ទោះ​មិន​មែន​ដោយសារ​ហេតុផល​បាល់ទាត់?

កាល​ពី​ឆ្នាំ ២០០៥ ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​ប៉ារ៉ាហ្គាយ​វ័យ ១៦​ឆ្នាំ Carlos Javier Caballero ទៅ​ឱ្យ FC Cadiz ក្នុង​ប្រទេស​អេស្ប៉ាញ​ត្រូវ​បាន​ច្រានចោល។ មួយ​សប្ដាហ៍​បន្ទាប់​ពី Javier Caballero​ចុះ​ហត្ថលេខា​ ម្តាយ​របស់​​គេ​ទទួល​បាន​ការងារ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។

សហព័ន្ធ​កីឡា​បាល់ទាត់​ប៉ារ៉ាហ្គាយ​បាន​បដិសេធ​មិន​ចេញ​វិញ្ញាបនបត្រ​ផ្ទេរ​អន្តរជាតិ​ដោយសារ​តែ​អាយុ​របស់​កីឡាករ។ ប៉ុន្តែ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​​ស្នើ​ទៅ FIFA ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ ព្រោះ​យោង​ទៅ​លើ​​ករណី​លើក​លែង​របស់​មាត្រា​១៩​លើ ដោយ​ថា​ម្តាយ​របស់ កីឡាករ​សញ្ជាតិ​ប៉ារ៉ាហ្គាយ​ផ្លាស់​លំនៅ​ឋាន​មិន​មែន​ក្នុង​គោលបំណង​បាល់ទាត់​ទេ គឺ​អ្នកស្រី​មក​ធ្វើ​ការ​នៅ​អេស្ប៉ាញ។

​យ៉ាងណាក្តី ​FIFA ច្រាន​ចោល ហើយ​ធ្វើ​តាម​ការ​សម្រេច​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​​ប៉ារ៉ាហ្គាយ ព្រោះ​គណៈកម្មាធិការ​​របស់ FIFA ​ជឿ​ថា​ការ​ផ្លាស់​លំនៅ​របស់​ឪពុកម្តាយ Javier Caballero​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​កុងត្រា​របស់​កូន​ប្រុស។ ​

៦ តើ​មាន​រូបភាពអ្វី​ខ្លះ​ដែល​ក្លឹប​ព្យាយាម​ទិញ​កីឡាករ​ជា​អនីតិជន​ដើម្បី​បន្លំ​ភ្នែក​ FIFA?

កីឡាករ​បាល់ទាត់​ក្មេងៗ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ថា បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​តាម​រយៈ​រូបភាព​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស។

កន្លង​មក​ក្លឹប FC Midtjylland បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​អនីតិជន ៣​នាក់​របស់​ហូឡង់ តែ​ត្រូវ​ FIFA បង្ខំ​ឲ្យ​អនុវត្តន៍​តាម​មាត្រា​១៩។

Lederman ថត​រូប​ជាមួយ Messi

Barcelona ក៏​ធ្លាប់​មាន​រឿងរ៉ាវ​ស្រដៀង​នេះ​កាល​ពី​២​ឆ្នាំ​មុន។ កីឡាករ Lederman របស់​អាមេរិក ដោយ​បាន​ប្រើ​លិខិត​ឆ្លង​ដែន​ប៉ូឡូញ ដែល​ជា​​​សញ្ជាតិ​មួយ​ទៀត​របស់​ខ្លួន ដើម្បី​​ចុះ​ហត្ថលេខា​ជាមួយ​​យុវជន​​របស់​ក្លឹប​អ្នកមានបុណ្យ​នៅ​អាយុ​១៥​ឆ្នាំ។ ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​បាន​បង្ខំ Barcelona បញ្ជូន Lederman​ ទៅ​អាមេរិក​វិញ ហើយ​ពិន័យ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​មិន​ឲ្យ​ចុះ​ហត្ថលេខា​​យុវជន​ក្លឹប​អស់​រយៈពេល​ជាង​១​ឆ្នាំ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត