រក​ឃើញ​ ៣​ក្រុម​ឡើង​ទៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Nations League (League A)

  • 2018-11-19 02:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើសជាតិ​អង់គ្លេស​និង​ស្វីស​ជា​២​ក្រុម​បន្ទាប់​​ជាមួយ​នឹង​ព័រទុយហ្គាល់​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ Nations League ក្នុង​ League A ក្រោយ​ទទួល​បានជ័យជម្នះ​យប់​មិញ។

សម្រាប់​ការ​ប្រកួត​​ណាត់​ចុងក្រោយ​​​ក្នុង​ Group 4 នៃ​ League A អង់គ្លេស​បាន​យក​ឈ្នះ​ក្នុង​ជើង​ឯក​រង​ World Cup ក្រូអាត ២-១។ ២​គ្រាប់​របស់​អង់គ្លេស​ធ្វើ​បាន​ដោយ​កីឡាករ Jesse Lingard និង Harry Kane ខណៈ Andrej Kramaric ជា​អ្នក​រក​គ្រាប់​ឲ្យ​ក្រូអាត។ លទ្ធផល​​នេះ​ជួយ​អង់គ្លេស​ឈរ​លេខ​១​ក្នុង​តារាង​ពិន្ទុ​មាន​ឱកាស​ទៅ​វគ្គ Semi-Final ឯ​អេស្ប៉ាញ​នៅ​លេខ​២ និង​ក្រូអាត​ធ្លាក់​ទៅ League B។

មួយ​ក្រុម​ទៀត​ស្វីស​ក៏​បាន​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ក្រោយ​ឈ្នះ​ជើង​ខ្លាំង​បែលហ្ស៊ិក​​ដល់​ទៅ ៥-២។ ប្រកួត​នេះ​​បែលហ្ស៊ិក​​​ជា​អ្នក​នាំ​មុខ​មុន​២​គ្រាប់ ទាត់​បញ្ចូល​ទី​ដោយ Thorgan Hazard ដែល​ជា​ប្អូន​ប្រុស Eden Harzard។ តែ​នៅ​វិនាទី​បន្ត​បន្ទាប់​ស្វីស​វាយ​បក​វិញ​​រហូត​បាន​៥​គ្រាប់ ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ។ តាម​រយៈ​ការ​ប្រកួត​នេះ​ក្នុង Group 2 នៃ ​ League A ស្វីស​បាន​ឈាន​ទៅ​វគ្គ Semi-Final បែលហ្ស៊ិក​នៅ​លេខ​ពីរ និង​​អ៊ីស្លង់​ធ្លាក់​ទី League B។

សរុប​មក​វិញ​ក្នុង League A ដែល​មាន​៤ Group បាន​រក​ឃើញ​៣​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន អង់គ្លេស ស្វីស​និង​ព័រទុយហ្គាល់។ សម្រាប់​១​ក្រុម​ទៀត​ត្រូវ​រងចាំ​ការ​ប្រកួត​រវាង​​បារាំង​និង​ហូឡង់​យប់​នេះ​​​ដើម្បី​កាត់​សេចក្ដី​ថា​ក្រុម​ណា​នឹង​បាន​ឡើង​ក្នុង Group 1៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី