អ្នក​លេង​រន្ទះ​ជើង​ គង់ សំបូរ នឹង​ឡើង​សង្វៀន​​ ONE បន្ទាប់ពីសុខ ធី​

  • 2018-11-22 00:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​ប្រដាល់​ធំ​ប្រចាំ​អាស៊ី​ ONE​ Championship​ បាន​សម្រេច​បញ្ចូល​សមាជិក​អ្នក​ប្រយុទ្ធ​កម្ពុជា​ថ្មី​ម្នាក់​ទៀត​ហើយ​គឺ​ គង់​ សំបូរ​ មក​ពី​ក្លឹប​ «អាណា​ចក្រ​ប្រយុទ្ធ»​ ខេត្ត​សៀមរាប​​ដើម្បី​ត្រៀម​ខ្លួន​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ។

ថ្មី​ៗ​នេះ​ក្លឹប​អាណាចក្រ​ប្រយុទ្ធ​​បាន​ចាប់​ដៃ​ជា​មួយ​ Ernesto​ Hoost​ ជើង​ឯក​ K-1​ពិភពលោក​ និង​ជើង​ខ្លាំង​ប្រដាល់​ Andy Souwer ហើយ​ឥឡូវ​នេះ​មាន​ជើង​ខ្លាំង​ប្រចាំ​ក្លឹប​ឡើង​ប្រកួត​ក្នុង​សង្វៀន​ធំ​ជាង​គេ​នៅ​អាស៊ី​ទៀត។

កីឡាករ គង់ សំបូរ (ឆ្វេង)

ម្ចាស់​ក្លឹប​​ អាណាចក្រ​ប្រយុទ្ធ​​ លោក​  Kwok Leung​ Tsang​ និយាយ​ពេល​គង់​ សំបូរ​ ចុះ​កុងត្រា​ជា​មួយ​ ONE​ ៖«បាន​ចូល​ក្នុង​ស្ថាប័ន​នេះ​ ក្នុង​ស្តង់ដារ​កម្រិត​​នេះ​…ពិត​ជា​និយាយ​មិន​ចេញ​ ខ្ញុំ​គិត​ថា យើង​នឹង​ល្បី​ខ្លាំង​ពេល​ទៅ​ដល់​សង្វៀន​ ក្នុង​ចំណោម​ភ្នែក​ទស្សនិក​ជន​ជា​ច្រើន​ស្ទើរ​ជុំ​វិញ​ពិភព​លោក​ និង​នៅ​មុខ​កាមេរ៉ា​ទាំង​នោះ​។ ពេល​នោះ​ប្រាកដ​ជា​ រំភើប​ខ្លាំង​ហើយ​និយាយ​មិន​ចេញ​ទេ»។

គង់​ សំបូរ​ នឹង​ត្រូវ​ឡើង​ប្រកួត​ក្នុង​កម្មវិធី​ ONE Super Series​ នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ជើង​ខ្លាំង​វ័យ​ក្មេង​​របស់​កម្ពុជា​ សុខ ធី បាន​បង្ហាញ​មុខ​២​ដង​ហើយ។ គេ​មិន​ទាន់​ដឹង​ថា​​ កីឡាករ​កម្ពុជា​ពូកែ​ទាត់​រូប​នេះ​នឹង​ត្រូវ​ឡើង​សង្វៀន​ថ្ងៃ​ណា​ឲ្យ​ប្រាកដ​​នោះ​ទេ​ ប៉ុន្តែ​ ONE​ នឹង​រៀបចំ​ចាប់​គូ​ឆាប់​​ៗ​នេះ ទោះ​ជា​ទើប​ចុះ​កុងត្រា​​ថ្មី​ក៏​ដោយ។

​Tsang​ និយាយ​ថា ៖​«ពួក​យើង​ភ្ញាក់​ផ្អែល​ ព្រះ​អើយ​... ​ONE​ ទើប​ចុះ​ត្រា​សោះ​ ហើយ​ឥឡូវ​គេ​ផ្តល់​ឱកាស​ឲ្យ​ភ្លាម​ៗ​តែ​ម្តង​? សប្បាយ​មិន​ខាន!»។

«យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្បី​ម្តង​នេះ។ មនុស្ស​ម្នា​​ច្រើន​នឹង​តាម​ដាន​ ទាំង​ឈ្មោះ​ គង់​ សំបូរ​ ទាំង​ឈ្មោះ​ក្លឹប​ កម្ពុជា​ ក៏​ដូច​ជា​សៀមរាប​ និង​មាន​ខ្ទរខ្ទារ​ក្នុង​ឆាក​អន្តរជាតិ។ អីចឹង​ យើង​ត្រូវ​តែ​សំរុក​ឲ្យ​ខ្លាំង​ក្នុង​ការ​ប្រកួត​មួយ​នេះ។ ពិភព​លោក​កំពុង​យក​ភ្នែក​មើល​យើង​ ONE​ បាន​ជួយ​ធ្វើ​រឿង​ល្អ​ៗ​ជា​ច្រើន​សម្រាប់​ប្រទេស​តូច​ៗ​ដូច​ជា​ កម្ពុជា​ ឡាវ​ និង​ភូមា​ជា​ដើម»។

លោក​បន្ត​ថា ៖«ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យ​ក្បាច់​គុន​នេះ​ប្រហែល​២០​ឆ្នាំ​មក​ហើយ​ ខ្ញុំ​ឲ្យ​តម្លៃ​សិល្បៈ​ក្បាច់​គុន​នេះ​ណាស់។ អ្នក​ខ្លះ​គិត​ថា​ ក្បាច់​គុន​ គ្រាន់​តែ​សម្រាប់​វ៉ៃ​គ្នា​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​យើង​សង្កេត​មើល​មក​អ្នក​ប្រដាល់​នៅ​ទី​នេះ​វិញ​ មើល​ពី​ការ​គោរព​ដែល​ពួក​គាត់​មាន​ មិន​មែន​ចេះ​តែ​និយាយ​ៗ​ទេ​ គឺ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក»។

ក្នុង​រដូវ​កាល​បុណ្យ​អុំទូក​នេះ​ ទាំង​​ប្រធាន​ក្លឹប​ និង​ គង់​ សំបូរ​ផ្ទាល់​នៅ​តែ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ឡើង​សង្វៀន​នា​ពេល​ខាង​មុខ។ ពួក​គាត់​ស្វាគមន៍​គ្រប់​ឧបសគ្គ​ចំពោះ​មុខ​ទាំង​អស់​ ហើយ​ទន្ទឹង​នឹង​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​បង្ហាញ​មុខ​ក្នុង​សង្វៀន​ ONE ជា​លើក​ដំបូង។

«ពេល​នេះ​យើង​មិន​ឲ្យ​គាត់​ទៅ​ប្រកួត​នៅ​ណា​ទេ​ យើង​ទុក​ពេល​ ៤​អាទិត្យ​សម្រាប់​ហ្វឹក​ហាត់​ឲ្យ​ណា​ណី​តែ​ម្តង​ យើង​ត្រៀម​រួច​រាល់​ហើយ»៕

អតត្ថបទ៖ Matias Andres

អត្ថបទពេញនិយម