ចាន់ រតនា ប្តេជ្ញា​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​សង្វៀន​ ONE ដើមខែក្រោយ

  • 2018-11-25 07:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់​ រតនា​ ប្តេជ្ញា​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​រូប​គេ​​វិល​ចូល​កាន់​សង្វៀន​អន្តរជាតិ​ ONE ជា​ថ្មី​នៅ​ពេល​រូប​គេ​ជួប​ជើង​ខ្លាំង​មិន​ដែល​ចាញ់​របស់​​ឥណ្ឌូណេស៊ី​នា​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នៅ​ប្រទេស​ម៉ាឡេស៊ី។

ដើម​ឡើយ​ ចាន់ រតនា និង​កីឡាករ​ឥណ្ឌូណេស៊ី​ Abro Fernandes ត្រូវ​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆុកា កន្លង​ទៅ​នៅ​សិង្ហបុរី​ ប៉ុន្តែ​ដោយ​សារ​ដៃ​គូ​មាន​បញ្ហា​ក៏​ត្រូវ​បាន​ពន្យារ​ពេល​​ទៅ​ខែ​ធ្នូ​វិញ។គ្រូ​បង្វឹក​គុន​ខ្មែរ​ក្លឹប​«សិល្បៈ» វ័យ​៣២ឆ្នាំ​បាន​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ប្រកួត​លើក​នេះ។

ចាន់ រតនា

រតនា​ បាន​និយាយ​ថា ៖«ខ្ញុំ​បាន​ត្រៀម​ស្មារតី​សម្រាប់​ការ​ប្រកួត​នេះ​រួច​ហើយ​ ត្រៀម​តាំង​ពី​ត្រូវ​វ៉ៃ​ថ្ងៃ​​៩ មក​ម្ល៉េះ​ មក​ដល់​ឥឡូវ​ខ្ញុំ​បន់​ឲ្យ​តែ​ឆាប់​ដល់​ថ្ងៃ​ប្រកួត​ទេ។ ខ្ញុំ​ចង់​បង្ហាញ​អ្វី​ដែល​ថ្មី​​នៅ​​ ONE​ Championship​ ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្ញុំ​ច្រើន​ជាង​នេះ​ទៀត»។

អ្នក​ប្រដាល់​ជើង​ចាស់​ ចាន់ រតនា​  មិន​​ប្រកួត​ប្រដាល់​ចម្រុះ​តាំង​ពី​ឆ្នាំ​​២០១៧​មក​ម្លេះ​ ប៉ុន្តែ​បាន​ហ្វឹក​ហាត់​ជា​ប្រចាំ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​ភូមា​ជា​ដើម​ជា​មួយ​កូន​សិស្ស​ Phoe Thaw​ និង​ជា​មួយ​អ្នក​លេង​សាច់​ដុំ​ Emmanuel Onyedikachi​ ជា​ដើម។

លោក​ Lorenzo Lanzafame ​គ្រូ​បង្វឹក​ផ្ទាល់​កំពុង​ជួយ​​ត្រៀម​ស្នៀត​ពិសេស​ៗ​បន្ថែម​ទៅ​លើ​សមត្ថភាព​ និង​ភាព​ខ្លាំង​របស់​រតនា​ថែម​ទៀត​។ Lanzafame និយាយ​ថា​៖​ «ខ្ញុំ​ប្រាកដ​ណាស់​ថា វា​នឹង​កក្រើក​សង្វៀន​មិន​ខាន​ ហើយ​ខ្ញុំ​ភ្នាល់​ថា​ទឹក​ទី​១​ នឹង​ជា​ទឹក​ចុង​ក្រោយ»។

ចាប់​តាំង​ពី​ប្រឡូក​ក្នុង​វិស័យ​ក្បាច់​គុន​ខ្មែរ​មក​ រតនា​ បង្ហាញ​ពី​ជំនឿ​ និង​មោទនភាព​របស់​ក្បាច់​គុន​ខ្មែរ​ ដែល​មាន​ប្រវត្តិ​យូរ​លង់​តាំង​ពី​សម័យ​អង្គរ​មក​ម្លេះ។ គាត់​ជឿជាក់​ថា​ ចូល​វ៉ៃ​ក្នុង​ទ្រុង​ជា​មួយ​ Fernandes​ នៅ​ខែ​ធ្នូ​ នេះ​នឹង​ក្លាយ​ជា​កំណត់ត្រា​មួយ​ទៀត​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន​។

យ៉ាង​ណា​មិញ​គូ​ប្រកួត​ជន​ជាតិ​ឥណ្ឌូណេស៊ី​លើក​នេះ​ នឹង​មិន​ងាយ​ស្រួល​ផ្តួល​ប៉ុន្មាន​ទេ​ គេ​មាន​ប្រវត្តិ​វ៉ៃ​​នៅ​សង្វៀន​ ONE​ ឈ្នះ​បាន​៧​លើក​ជាប់​ៗ​គ្នា។ ចាន់​ រតនា​ បង្ហាញ​អារម្មណ៍ ៖ «ពួក​គាត់​ចង់​ឱ្យ​ខ្ញុំ​ឈ្នះ​រាល់​ការ​ប្រកួត។ វា​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​តស៊ូ​វ៉ៃ​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែរ។ ខ្ញុំ​ប្រកួត​មិន​សម្រាប់​តែ​ខ្លួន​ឯង​ទេ​ ប៉ុន្តែ​ខ្ញុំ​ប្រកួត​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្ញុំ​ទាំង​អស់​ផង​ដែរ។ តាម​ពិត​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ ពេល​ឃើញ​អ្នក​គាំទ្រ​ខ្ញុំ​សប្បាយចិត្ត»៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី