ហេតុផល​សំខាន់​ Leonardo ​សម្រេច​យក​កីឡាករ​ប្រេស៊ីល​មក​ជួយ​ក្រោន

  • 2018-12-05 08:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ចុះ​កុងត្រា​យក​កីឡាករ​បរទេស​សញ្ជាតិ​ប្រេស៊ីល ​២​រូប ​មក​រួម​ក្រុម​នា​រដូវ​កាល​នេះ ​ដើម្បី​ប្រជែង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ខាង​មុខ។

Paulo ស្ដាំ ​និង Leonardo ឆ្វេង​

កីឡាករ​ទាំង​ពីរ​រូប​នេះ​គឺ ​Paulo Victor Soares ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​និង​ម្នាក់​ទៀត​ឈ្មោះ​ Leonardo Oliveira Tavares ​ជា​អ្នក​ចាំ​ទី។ ​ពួកគេ​ជា​កីឡាករ​វ័យ​ក្មេង ​ដែល​លោក Leo ​រំពឹង​ថា​នឹង​ជួយ​ក្រុម​បាន​ច្រើន​នា​រដូវ​កាល​ខាង​មុខ​នេះ ​អម​ជាមួយ​កុងត្រា​ត្រឹម​រយៈ​ពេល​១​ឆ្នាំ។

មូលហេតុ​ដែល​ធ្វើ​ឱ្យ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​សម្រេច​យក​ប្រេស៊ីល​ទាំង​ពីរ​នេះ គឺ​ដោយសារ​តែ​លោក​យល់​ឃើញ​ថា​ប្រេស៊ីល​ជា​ប្រទេស​បង្កើត​កីឡាករ​បាល់ទាត់​ល្អ​បំផុត ​ជា​ប្រទេស​មាន​កំណត់ត្រា​ឈ្នះ World Cup ​ច្រើន​ដល់​ទៅ​៥​ដង។ ​មួយ​វិញ​ទៀត ​អាច​និយាយ​បាន​ថា​ប្រេស៊ីល​ជា​ប្រទេស​ខ្លាំង​ជាង​គេ​បំផុត​មួយ​ក្នុង​វិស័យ​បាល់ទាត់។ ហេតុ​ដូច្នេះ​ហើយ ​ការ​ដើរ​តាម​គន្លង​របស់​ប្រទេស​នេះ គឺ​ជា​រឿង​ល្អ​មួយ។

​បន្ថែម​ពី​លើ​កីឡាករ​បរទេស​២​នាក់​នេះ​ហើយ ​លោក Leonardo ​ក៏​បង្ហើប​ទៀត​ថា​ក្លឹប​នឹង​បន្ដ​កុងត្រា​កីឡាករ​ថ្មី​បន្ថែម​ទៀត ​ដោយ​អាច​ជា​កីឡាករ​មក​ពី​ជប៉ុន ​នៅ​ពេល​ខាង​មុខ​នេះ។ ​ស្រប​ពេល​ដែល​ក្រោន​ផ្ទាល់ ​នឹង​ត្រូវ​ទៅ​ប្រកួត​កម្ដៅ​សាច់​ដុំ​នៅ​ប្រទេស​ថៃ ​ក្នុង​ពាន​រង្វាន់ Leo Cup pre-Season ​នា​ខែ​មករា​ឆ្នាំ​២០១៩​ខាង​មុខ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម