ស្ត្រីម្នាក់នេះហើយជាបងស្រីបង្កើត Beat Richner រៀបរាប់ពីរឿងរ៉ាវប្អូនប្រុសទាំងក្ដុកក្ដួល

  • 2018-12-06 03:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិល​មិញ​នេះ​អដ្ឋិធាតុ​របស់​លោក​វេជ្ជបណ្ឌិត​ Beat Richner បាន​នាំ​យក​មក​ពី​ទីក្រុង​ហ្សួរិច ប្រទេស​ស្វីស ដែល​ឱបក្រសោប​ដោយ​ដៃ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​ជា​បង​ស្រី​បង្កើត​របស់​លោក​មាន​ឈ្មោះ​ថា Annaregula Lutz ដើម្បី​សម្រេច​បំណង​ចុង​ក្រោយ​របស់​ប្អូន​ប្រុស ​ដែល​ចង់​ឲ្យ​យក​អដ្ឋិធាតុ​មក​តម្កល់​ទុក​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។

លោក​យាយ Annaregula Lutz លើកដៃសំពះ (រូបភាព៖ Dr. Beat Richner)

លោក​យាយ Annaregula Lutz បាន​រៀបរាប់​​បន្ថែម​អំពី​មូលហេតុ​ដែល​យក​អដ្ឋិធាតុ​របស់​ប្អូន​ប្រុស​មក​តម្កល់​នៅ​សៀមរាប​ទាំង​សំឡេង​ហាក់​ដូចជា​ក្រៀមក្រំ​ថា នេះ​ជា​ការ​ចងចាំ​មួយ​សម្រាប់​ប្រជាជន​ខ្មែរ ចំពោះ​វីរភាព​របស់​លោក​បណ្ឌិត Beat Richner នូវ​អ្វី​ដែល​លោក​បាន​ជួយ​ដល់​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​គោរព​ស្រលាញ់​ផ្ដល់​តម្លៃ​ឲ្យ​លោក​ នូវ​ការ​លះបង់​ដ៏​ធំធេង​របស់​លោក។ ដូច្នេះ​ការ​យក​អដ្ឋិធាតុ របស់​ប្អូន​ប្រុស​លោក​យាយ​មក​តម្កល់​ទីនេះ គឺ​ស័ក្ដិសម​បំផុត ចំពោះ​ប្រជាជន​ខ្មែរ ដែល​ស្រលាញ់ និង​គោរព​លោក​ អាច​មក​ធ្វើ​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ប្អូន​ប្រុស​លោក​យាយ។

(រូបភាព៖ Dr. Beat Richner)

លោក​យាយ​បន្ត​ថា ពាក់​កណ្ដាល​នៃ​ជីវិត​របស់​ប្អូន​ប្រុស​លោក​យាយ ពិសេស​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ចំណាយ​ពេល​វេលា​​ដ៏​មាន​សារៈសំខាន់​នៅ​កម្ពុជា និង​ចាត់​ទុក​កម្ពុជា​ដូច​ជា​ផ្ទះ​របស់​លោក ជា​កន្លែង​ដែល​ប្រជាជន​ខ្មែរ បាន​ស្គាល់ និង​គោរព​ស្រលាញ់ នេះ​ក៏​ជា​ហេតុ​ផល​ដែល​លោក​យាយ​ត្រូវតែយក​​អដ្ឋិធាតុ​ប្អូនប្រុសមក​តម្កល់​ទីនេះ។

សម្ដី​មួយ​ឃ្លា​ដែល​បង្កប់​ដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ លោក​យាយ​បាន​និយាយ​ថា៖ «ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា គាត់​នៅ​ទី​នេះ ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​ស្គាល់​លោក ហើយ​នឹង​ចងចាំ​លោក​យ៉ាង​ល្អ​បំផុត»។

(រូបភាព៖ Dr. Beat Richner)

ពិធី​ទទួល​អដ្ឋិធាតុ​របស់​លោក​វេជ្ជបណ្ឌិត Beat Richner នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ម្សិល​មិញ​នេះ ត្រូវ​បាន​ផ្ដល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ពី​សម្តេចចៅហ្វាវាំង​ គង់​ សំអុល។ បន្ទាប់​មក​ត្រូវ​បាន​ដង្ហែ​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យគន្ធបុប្ផា ដោយ​មាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកតា លោក​យាយ ចូលរួម​យ៉ាង​ច្រើន​កុះករ។

ដោយ​ឡែក នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកក្តឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ យាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត​ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប៕ ​

(រូបភាព៖ Dr. Beat Richner)
(រូបភាព៖ Dr. Beat Richner)
(រូបភាព៖ Dr. Beat Richner)

អត្ថបទ៖ វឌ្ឍនៈ