មិន​ធម្មតា! និស្សិត​វិស្វកម្ម​អគ្គិសនី និង​អេឡិច​ត្រូនិកន័រតុន ដណ្ដើម​​បាន​មេដាយ ១៨ គ្រឿងឆ្នាំ​២០១៨

  • 2018-12-09 07:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ផ្នែក​វិស្វ័កម្មអគ្គិសនី និង​អេឡិចត្រូនិច នៃ​សាកលវិទ្យាល័យន័រតុន ​តំណាង​ឱ្យ​កម្ពុជា បាន​ទទួលនូវ​មេដាយ​ជាច្រើន​ក្នុង​ការ​ប្រកួត​ស្នាដៃ​និស្សិត​ជា​លក្ខណៈ​អន្តរជាតិស​រុប ១៨ គ្រឿង សំរាប់ឆ្នាំ ២០១៨នេះ ហើយ​ក្នុង​នោះ​ក៏​មាន​មេដាយ​មាស​ផង​ដែរ។ ​នេះបើ​ផ្អែក​តាម​ផេកហ្វេសប៊ុក វិស្វកម្មអគ្គិសនី និងអេឡិកត្រូនិក នៃសាកលវិទ្យាល័យន័រតុន។

ថ្មីៗ​នេះ​និស្សិត​ន័រតុន បាន​យក​ស្នាដៃ​របស់​ខ្លួន​ចំនួន​២ គឺ ប៉ោល​យោង​​សម្រាប់​សិស្ស​វិទ្យាល័យ និង​ប្រព័ន្ធ​បង់​ប្រាក់​ឆ្លាតវៃ​សម្រាប់​សេវា​សាធារណៈ ទៅ​ប្រកួត​ក្នុង​កម្មវិធី​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ KIDE2018 ក្នុង​ទីក្រុង​កៅស៊ុង កោះ​តៃវ៉ាន់។

ស្នាដៃ​ប៉ោល​យោង​​សម្រាប់​សិស្ស​វិទ្យាល័យ និស្សិត​ន័រតុន​ក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៧ ដល់ ទី​៩ ធ្នូ​ និង​រៀប​ចំ​ដោយ​សមាគម WIIPA នេះ ទទួល​បាន មេដាយប្រាក់ចំនួន១, ពាន​រង្វាន់​អ្នកមាន​ទេពកោសល្យ​ពី​ប្រទេស​សិង្ហបុរី១, ពាន​រង្វាន់​ពិសេស​ពី​ប្រទេស កាណាដា​១ និង​ពាន​រង្វាន់​ការ​បង្កើត​ថ្មី​ឈាន​មុខ ពី​ទីក្រុង​ម៉ាកាវ​១​គ្រឿង។ ចំណែក​​ស្នាដៃ ប្រព័ន្ធ​បង់​ប្រាក់​ឆ្លាតវៃ​សម្រាប់​សេវា​សាធារណៈ វិញ​ ដណ្ដើម​បាន​ មេដាយមាស ១, ពានរង្វាន់​ពិសេស​ពី​ប្រទេសកូរ៉េ​ខាង​ត្បូង​១ និង​មេដាយ​មាស​កម្រិត​​ខ្ពស់​បំផុត​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​១គ្រឿង​ផង​ដែរ។

ការ​ប្រកួត​នេះ​មាន​​ ១៩ ប្រទេស​ចូល​រួម​ដូចជា កម្ពុជា, កាណាដា, ចិន, ក្រូអាត, ហុងកុង, ឥណ្ឌូនេស៊ី, កាហ្គាស្ថាន, កូរ៉េខាងត្បូង, ម៉ាកាវ, ម៉ាឡេស៊ី, ម៉ូដូវ៉ា, ហ្វីលីពីន, ប៉ូឡូញ, អារ៉ាប៊ីសៅអូឌីត, ស៊ូដង់, តៃវ៉ាន់, តួគី, សហរដ្ឋអាមេរិច និង​វៀតណាម មាន​ស្នាដៃ​សរុប​ចំនួន ៣៦២ស្នាដៃ។

ដោយឡែក​ក្រៅ​ពី​ស្នាដៃ​របស់​និស្សិត លោកសាស្ត្រាចារ្យ ចាន់ មិថុនា ក៏​ត្រូវ​បាន​សមាគម WIIPA តែងតាំង​លោក​ឱ្យ​ធ្វើ​ជាគណៈកម្មការវាយតម្លៃអន្តរជាតិ ដើម្បីរូមចំណែកក្នុងកម្មវិធិនេះ​ផងដែរ។

ក្រៅ​ពី​នេះ​​វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូនិក​ន័រតុន ក៏​ទទួល​បាន​​មេដាយ​ជាច្រើន​ទៀត ពិកម្មវិធី​ប្រកួត​ប្រជែង​លក្ខណៈ​អន្តរជាតិ​ផ្សេង​ទៀត​ដែរ ដែលសរុប​ទាំង​អស់មាន​ចំនួន ​១៨​ គ្រឿងក្នុង​ឆ្នាំ ​២០១៨​ នេះ ៕

អត្ថបទ៖ អ៊ុំ សុភក្តិ