ឪពុក​របស់​ ឌឹម​ សារម្យ​ ឲ្យ​កូន​ចូល​លេង​ល្បុក្កតោ​បន្ថែម​គឺ​បាន​អ្វី​ថ្មី​ និង​ថវិកា​យក​ទៅ​រៀន​

  • 2018-12-12 08:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឌឹម​ សារិទ្ធ​ មូលហេតុ​ឲ្យ​កូន​ចូល​ប្រឡូក​ជើង​ឯក​ថ្នាក់​ជាតិ​ល្បុក្កតោ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ គឺ​មាន​សារប្រយោជន៍​ច្រើន​សម្រាប់​ ឌឹម​ សារម្យ​ ព្រោះ​បាន​បទ​ពិសោធ​ថ្មី​បន្ថែម​ និង​បាន​ថវិកា​ខ្លះ​គ្រាន់​យក​ទៅ​រៀន​ថែម​ទៀត​ផង។​

លោក ឌឹម​ សារិទ្ធ
ឌឹម សារម្យ

ឪពុក​របស់​ ឌឹម​ សារម្យ​ បាន​ឲ្យ​ដឹង​ថា​ ខាង​ប្រដាល់​គុន​ខ្មែរ​នៅ​តែ​បន្ត​ជា​ធម្មតា​ ដោយ​ឡែក​ចូល​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​កីឡា​ល្បុក្កតោ​នេះ​ក៏​មិន​ប៉ះពាល់​អ្វី​នោះ​ដែរ។​ ណា​មួយ​ខាង​ប្រដាល់​សេរី​ក៏​មិន​សូវ​បាន​ប្រកួត​នោះ​ទេ​ ដូច្នេះ​មក​វ៉ៃ​ល្បុក្កតោ​អាច​បាន​លុយ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ដូច​ជា​ទៅ​រៀន​បាន​មួយ​កម្រិត​ដែរ។​ អ្នក​ប្រដាល់​ខាង​លើ​នេះ​ក៏​សប្បាយ​ដែរ​ ពេល​កូន​ប្រុស​ខ្លួន​បាន​មេដាយ​ប្រាក់​បែប​នេះ​ ប៉ុន្តែ​មើល​ការ​ប្រកួត​របស់​ សារម្យ​ មិន​សូវ​ជា​ល្អ​ឡើយ​ ព្រោះ​តូច​ជាង​គេ​ ចាញ់​កម្លាំង​ ចាញ់​បោក។​

ចំណែក​ សារម្យ​ ក៏​ប្រាប់​ដែរ​ថា​ ពិបាក​ខ្លាំង​ព្រោះ​ប៉ះ​គេ​ធំជាង​ និង​កម្លាំង​ជាង​ ហើយ​ចាញ់​គេ​ឃ្លេ​ថែម​ទៀត​ផង​ ព្រោះ​មិន​ដែល​ធ្លាប់​វ៉ៃ​បែប​នេះ។​ សម្រាប់​ប្រភេទ​កីឡា​ទាំង​ពីរ​ខាង​លើ​នេះ​ អ្នក​ស្នង​គុន​ខ្មែរ​ម្នាក់​នេះ​ថា​ ប្រដាល់​សេរី​ស្រួល​ជាង​ ព្រោះ​ធ្លាប់​ហាត់​ និង​បាន​ឡើង​ប្រកួត​ច្រើន​ដង​ដែរ។​

ឌឹម សារម្យ ជាប់លេខ២

រំលឹក​ដែរ​ថា​ សហព័ន្ធ​គុន​ល្បុក្កតោ​បាន​បញ្ចប់​ទៅ​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ២០១៨​ នេះ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។​ ដោយ​ឡែក​កីឡាករ​ ឌឹម​ សារម្យ​ ដែល​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​នោះ​ ក៏​បាន​ចូលរួម​ប្រកួតប្រជែង​ផង​ដែរ​ ថែម​ទាំង​ឈ្នះ​បាន​មេដាយ​ប្រាក់​ទៀត​ផង​នា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ៕​

វីដេអូ

អត្ថបទ៖ នួន ស៊ីណា​