ពី​មុន GMK ធ្វើឱ្យឪពុកម្ដាយពិបាកចិត្ត ឥឡូវ​​ជា​ YouTuber រកចំណូល​​បាន​ពាន់​​ដុល្លារ​​ក្នុង​មួយខែ​ៗ

  • 2018-12-13 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិតជាសិស្សអនុនិង​វិទ្យាល័យ ជិននាង ហេងម៉េង ជា​សិស្ស​ម្នាក់​មិន​​សូវ​ខ្វល់ខ្វាយឡើយ ពោល​គឺ​ដើរលេង​​ឥតប្រយោជន៍​ច្រើនជាង​ការសិក្សា ហើយ​ពេល​ខ្លះ​យុវជន បាន​បង្កជម្លោះ​ឈ្លោះវាយ​តប់ហើម​មុខ​​មាត់ និង​នាំ​រឿង​មិន​​ល្អ​ជា​ហូរហែចូល​ផ្ទះ នាំទុក្ខដល់ឪពុកម្ដាយ។ ទោះបីជា​យ៉ាងណា ក្រោយ​​កែ​ខ្លួន​​អំឡុងពេលរៀននៅសាកលវិទ្យាល័យ ជីវិតរបស់យុវជន ចាប់​ផ្ដើម​ផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយ​ពេល​នេះ​យុវជន​ដែល​មាន​ឈ្មោះ​បោះសំឡេង លើ​បណ្ដាញ​សង្គម Facebook និង YouTube GMK មាន​ការងារ​ធ្វើល្អមួយ ដោយ​អាច​រកចំណូល​​ជា​មធ្យម​ ​ចន្លោះ​ពី ២ ៥០០ ដុល្លារ​ទៅ ៣ ០០០ ​ដុល្លារ​ក្នុង​មួយ​ខែៗ។

ចំណូល​​​ដែល​យុវជន​មាន​រហស្សនាម​មួយ​ទៀត​ថាបិសាច​សក់ស រក​បាន​គឺ​តាម​រយៈ Sponsor ដោយ​ក្នុង​មួយ​ឆ្នាំ ​លោក​អាច​ទទួល​បាន​ ២ ​ទៅ​ ​៣​ គម្រោង។ គម្រោង​​ GMK ទទួល​ធ្វើ​មាន​ដូចជា ធ្វើ MC, Review Game App និង​​រៀបចំ​កម្មវិធី​ផ្សេងៗ​ជាដើម ខណៈ​ប្រាក់​បាន​ពី​ YouTube គឺតិចតួច​បំផុត ប៉ុន្តែ​យុវជន​មិន​ផ្ដោត​ខ្លាំង​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ឡើយ​។

បន្ថែម​លើ​នេះ​​អតីត​សិស្ស​អនុវិទ្យាល័យ​ចាក់អង្រែក្រោម ​អាច​រក​ចំណូល​បាន​​មួយ​ផ្នែក​ទៀត តាម Facebook Star (សម្រាប់​តែ​អ្នក Live Stream ហ្គេម​ប៉ុណ្ណោះ) ដែល Facebook ទើប​តែ​ដាក់​ឱ្យ​ដំណើរ​ការកាល​ពីពេល​​ថ្មីៗ​​នេះ។ តាម​សម្ដី​របស់ GMK ត្រង់​ចំណុច​នេះ បើ​អ្នក​ មើលការ Live របស់​លោក​​ ហើយ​ចំណាយ​លុយ​ទិញ​ ១ ស្តា (One Star) ឱ្យលោក​ លោក​នឹង​បាន​១​សេន ហើយ​មួយ​សេន​នេះ ត្រូវ​ចែក ៥០% ​ជាមួយ Facebook​។ ចំពោះ​ការ​ទិញ​ Star របស់ Facebook នេះ​ ធ្វើ​ឡើង​តាម​រយៈ Visa ឬ Master Card។

“និយាយ​ទៅ​ Facebook Star ​ហ្នឹង​ដូច Twitch ដែរ​ គ្រាន់​ថា Twitch គេ​​ឱ្យ​ជា​លុយ ប៉ុន្តែ​​អានេះ Facebook វា Update មក​ វា​ចង់​ប្រជែង​ជាមួយ Twitch ដែរ ប៉ុន្តែ​លក្ខណៈ​ធ្វើ​​ជា Star ហើយ​គេ​ចង​អា​ហ្នឹង​​​ជាមួយ​កម្មវីធី​សម្រាប់​ Stream ចឹង​ពេល​គេ​ឱ្យ​មក ​លោត​ឈ្មោះ​អ្នក​ឱ្យ​លើ Screen ហ្នឹង​ហ្មង​...សម្រាប់​ Facebook Star យើង​អាច​ទិញ​បាន​ពី​ Facebook ... ​បើ​ Suggest របស់ខ្ញុំ គួរ​ឱ្យ​តាម​កុង​គាត់​វិញ​ល្អ​ជាង បើ​ទិញ​តាម Facebook ខាត​អស់ ៥០% ហើយ​យូរ​បាន ...១​ខែ​ទើប​ Facebook វេរ​ចូល​កុង​ឱ្យ"។

​ចំណុច​នេះ GMK បាន​បន្ថែម​ថា ដូច​ករណី​ពេល​លោក​ Live បាញ់ PUBG អ៊ីចឹង បើ​អ្នក​ទស្សនា​ចង់​ឱ្យ​លោក​​ធ្វើ​អ្វី លោក​នឹង​ធ្វើ​តាម ប៉ុន្តែ​លោក​ផ្ដល់​អាទិភាព​មុន ដល់​អ្នក​ឱ្យ​ Star ដល់​លោក​ច្រើនជាងគេ​។ តាម​រយៈ Facebook Star ក្នុង​១​ខែ យុវជន​​កូន​ចៅ​ចិន អាច​រក​បាន​ចន្លោះ​ខ្ទង់ ​៣០០ ដុល្លារ​ដែរ​ក្នុង​ខែ​ដំបូង។

តើពីមុន ហេងម៉េង ធ្វើអ្វីខ្លះទើបក្លាយជា YouTuber រកចំណូល​បាន​ខ្ទង់​ពាន់​ដុល្លារបែប​នេះ?

ដំបូង​ឡើយយុវជនត្រឹម​ជា​ក្មេង​ចូលចិត្ត​​កីឡាអេឡិចត្រូនិក និង​ជា​ក្មេង​ដើរលេងផឹកស៊ី មិនសូវ​ខ្វល់​ពី​ការសិក្សា​ប៉ុណ្ណោះ។ ថ្ងៃ​មួយយុវជនបាន​ទៅ​ចូល​លេង​កីឡា E-Sport នៅ Net មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​​ឪពុក​ក៏​តាមទាន់ និង​ផ្ដល់រង្វាន់​ខ្សែ​ក្រវាត់លើដងខ្លួន​​ជាទីគាប់ចិត្ត (វាយនឹងក្រខ្សែក្រវាត់)​។ ចាប់​តាំងពីពេល​នោះ​មក យុវជន​ចាប់ផ្ដើម​កែ​ខ្លួន​បន្តិច​ម្ដងៗ ប៉ុន្តែ​នៅ​តែ​លេង​ហ្គេម​ដដែល។

យុវជន​ដែល​ចូលចិត្ត​ E-Sport តាំង​ពី​ថ្នាក់​ទី​ ៨-៩ បាន​បញ្ជាក់​ថា៖ "ប៉ាម៉ាក់​អត់​​​ចូល​ចិត្ត ពេល​ឃើញយើង​ទៅ​រៀន​ យើង​បែរចូល Net ចូល​អី​ចឹង...ថ្ងៃមួយ​ពេល​ខ្ញុំ​កំពុង​អង្គុយ​លេង ប៉ាចាប់​បាន​ពី​ក្រោយ មកដល់​ផ្ទះគាត់​តម្រៀបខ្សែក្រវាត់​ឱ្យ​រើស ត្រូវ​ច្រើន​បង!...តែ​ចាប់​តាំងពី​កែ​ខ្លួន​ ខ្ញុំ​មាន​ការងារ​ធ្វើ​មក គាត់​ឱ្យ​ខ្ញុំ​ឯករាជ្យ​ខ្លួន​ឯងច្រើន ហើយ​គាត់​ថា​លេង​ហ្គេម​នៅ​ផ្ទះ ​គ្រាន់​បើ​ជាង​ដើរលេង​ក្រៅ។ ឥឡូវ​គាត់​សប្បាយ​ចិត្តតើបង ពេល​យើង​អាច​រក​ចំណូល​បាន​​​ខ្លួន​ឯង គាត់ថា​មិន​នឹក​ស្មាន​ថា​ខ្ញុំ​មាន​ថ្ងៃ​ហ្នឹង គាត់​ថា​អស់​សង្ឃឹម​ហើយ​លើ​កូន​មួយ​ហ្នឹង គាត់​​​លែង​ខ្វល់​ហ្មង"។

លេងហ្គេម​យូរៗទៅ អតីតនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ផ្នែក Network បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នក​ជំនាញ​គួរ​សម​ម្នាក់ និង​​មាន​អ្នក​គាំទ្រ​ច្រើនលើ YouTube អំឡុង​ឆ្នាំ​ ២០១៧ ដោយពេល​នោះ​កូនច្បង​ ក្នុងចំណោម​បងប្អនប្រុសស្រី៣នាក់ នៃគ្រួសារអាជីវករ​លក់​ខោអាវរូប​នេះ ធ្វើការ​ Live លេង​ហ្គេម Glory, ធ្វើ​វីដេអូ​ចំណេះ​ដឹង​ទាក់ទង​បច្ចេកវិទ្យា និង​ហ្គេម​​ផ្សេង​ជាច្រៀន​ទៀត។

តើមុន​ក្លាយ​ជា YouTuber​ GMK មាន​ប្រវត្តិ​ការងារ​អ្វី​ខ្លះ?

អំឡុង​ឆ្នាំ ២០១៥ GMK ធ្លាប់​ធ្វើ​ជា​អ្នក​រត់ខ្សែ Internet នៅ​ក្រុមហ៊ុនឯកជន​មួយ បាន​ប្រាក់​ខែ ៨០ ដុល្លារ។ ធ្វើបាន៣ខែយុវជនក៏ឈប់។ ក្នុង​ឆ្នាំ​ដដែល ហេងម៉េង ក៏​បាន​ចូល​ធ្វើ​ជា​អ្នក​ប្រែសម្រួល​អត្ថបទ​បច្ចេកវិទ្យា​ នៅ​គេហទំព័រ​បច្ចេកវិទ្យា​មួយ បានតម្លៃ​ខ្លួន ១៨០ ដុល្លារ​ក្នុង​មួយ​ខែ និង​ឆ្នាំ ​២០១៧ ធ្វើ​ជា HR នៅ​ក្រុមហ៊ុន​មួយក្នុងទឹកដីក្រុង​ព្រះសីហនុ ទទួល​ប្រាក់បៀវត្ស ៦៥០ ដុល្លារក្នុង​មួយ​ខែ។ ដោយ​ហត់​នឹង​ការងារពេក យុវជន​ក៏​សម្រេច​ចិត្ត​ឈប់ ហើយ​មក​ធ្វើ​ YouTuber ជំនាញកីឡា E-Sport ពេញ​ម៉ោង​រហូត​មក​ដល់​​បច្ចុប្បន្ន។

ពេល​សួរ​ថាតើ GMK យល់​យ៉ាងណា​ចំពោះ​ការ​លេងកីឡាអេឡិចត្រូនិក?

តាម​សម្ដី​របស់​​ GMK មានមនុស្ស​ជា​ច្រើន​​គិត​អវិជ្ជមានមក​លើវិស័យ​កីឡាអេឡិចត្រូនិក​​ ដូចជា​ ​មិន​ល្អ ធ្វើ​ឱ្យ​​ខូច​ខ្លួនញៀន ធ្លាក់​ក្នុង​ផ្លូវ​អាក្រក់ គ្មាន​បានជួយ​អ្វី​ដល់​ខ្លួន និង​សង្គម​ជាតិ ​ប៉ុន្តែយុវជន​យល់​ថា​ ហ្គេម​ក៏អាចជួយ​សង្គម​បាន​ដូចគ្នា ​តាម​រយៈ​កម្មវិធីសប្បុរធម៌​ផ្សេងៗ​តួយ៉ាង​កន្លង​មក យុវជន​ក៏​បាន​ចូល​សម្មភាព​បែបនេះ ដើម្បី​ជួយ​ដល់​សង្គម​ផង​ដែរ។

"អ្នក​ខ្លះ​ថាហ្គេម​និង​ល្បែង​វាតែ​មួយ ទោះពួកខ្ញុំ​និយាយ​ពួកគាត់​ម៉េច ក៏​ពួកគាត់​អត់ទាន់​​យល់​ដែរ អ៊ីចឹង​ខ្ញុំ​ចង់​ប្រាប់​គាត់​ថា បើ​ពួកគាត់​ចង់​រិះគន់​អ្វី​មួយ ចង់​ដឹង​ថាវា​ម៉េច​ ខ្ញុំ​ចង់​ឱ្យ​ពួកគាត់​ប្រឡូក​ក្នុង​អាហ្នឹង​សិន​...ពី​មុន​ខ្ញុំុំ​ក៏​គិត​ចឹង​ដែរ តែក្រោយ​មក​ពេល​ខ្ញុំ​ដឹង​វា​ច្បាស់ បាន​ខ្ញុំ​ដឹង​ ព្រោះ​អាហ្នឹង​សំខាន់​លើ​យើង​ខ្លួន​ឯង គ្រប់គ្រង​ខ្លួន​លើឯង។ បើគិត​លើ​រឿង​អវិជ្ជមាន វា​អត់​ប៉ះពាល់​ដល់​ការងារ​អីទេ វា​មិន​ដូច​ហ្គេម​កាក់​ទូរ​ពីមុន វា​ជួយ​ចំណេះដឹង​យើង​បាន​ច្រើន​ដែរ"។

YouTuber វ័យក្មេង​រូប​នេះ​បន្ថែម​ថា ការលេង​ហ្គេម​មិន​មែន​សុទ្ធ​តែ​អាក្រក់​ និង​គ្មាន​បាន​ការ​​ទេ បើ​អ្នកលេង​ចេះ​លេង​ក្នុង​ផ្លូវ​ល្អ ចេះគ្រប់គ្រង​លើ​ខ្លួន​ឯង ហើយ​ហ្គេម​ក៏​អាច​បង្កើត​ចំណូល និង​ជួយ​សង្គម​បាន ដូច​អ្វី​ដែល​​យុវជន​រៀបរាប់​ខាងលើ ជៀងវាង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អ្នក​ដទៃ៕

ចុច Like និង See First ដើម្បី​ទទួល​បាន​ព័ត៌មានបច្ចេកវិទ្យាថ្មីមុនគេ...

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី