កែវ ប៊ុនធា បេក្ខជន The Voice Cambodia ធ្វើ​សំណង់​៣​ថ្ងៃ​យក​លុយ​ជិះ​ឡាន​មក​សុំ​គេ​ច្រៀង

  • 2014-11-16 18:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន កែវ ប៊ុនធា បាន​ឡើង​ឆាក​តន្ត្រី​លើក​ដំបូង​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាល​ពី​ម្សិលមិញ តាំង​ពី​ជ្រុះ​ចេញ​ពី​កម្មវិធី The Voice Cambodia មក។ យុវជន​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ ប្រាប់​ថា គឺ​លោក​ជា​អ្នក​សុំ​គេ​ឡើង​ច្រៀង មិន​មែន​គេ​ហៅ​ឡើយ ក្នុង​នោះ​លោក​ចំណាយ​ថវិកា​ដែល​រក​បាន​ពី​ការងារ​សំណង់​ដល់​ទៅ​៣​ថ្ងៃ​ឯណោះ សម្រាប់​មួយ​ជើង​ឡើង​មក​ច្រៀង​​នេះ។

 

កែវ ប៊ុនធា នៅ​មុខ​ស្ទូឌីយ៉ូ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ (រូប​ថត Facebook កែវ ប៊ុនធា)

“ខ្ញុំ​ពឹង Coach ខ្ញុំ​បង ភា ឲ្យ​គាត់​ជួយ​សុំ​គេ​ឲ្យ ព្រោះ​ខ្ញុំ​អត់​មាន​ស្គាល់​អ្នក​ណា​គេ​ទេ​នៅ​ភ្នំពេញ ហើយ​គាត់​ក៏​សុំ​បាន ខ្ញុំ​សប្បាយ​ណាស់​បង ព្រោះ​ខ្ញុំ​ចង់​កែប្រែ​ជីវភាព​ក្រែង​អាច​រក​លុយ​បាន​ច្រើន​ជួយ​ពុក​ម៉ែ!"។ នៅ​លើ​ឆាក​តន្ត្រី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ប៊ុនធា បាន​បក​ស្រាយ​បទ​ចម្រៀង​ពីរ​បទ​របស់​លោក ព្រាប សុវត្ថិ មាន​ចំណង​ជើង​ថា "លោក​ឪពុក" និង​បទ "បេះដូង​ជិត​ដាច់​ខ្យល់" ។

 

កែវ ប៊ុនធា មាន​វ័យ ២៦​ឆ្នាំ ជា​អ្នកស្រុក​បាត់ដំបង ដែល​មាន​ឪពុក​ម្ដាយ​ចាស់​ជរា និង​មាន​បង​ប្អូន​ចំនួន​៣​នាក់ រូប​គេ​ជា​កូន​ទី​២ បងប្រុស​របស់​លោក​ឈ្មោះ កែវ ឆៃ​ដែន និង​ប្អូន​ពៅ​ឈ្មោះ កែវ ស្រី​ណែត។ ទាំង​បី​នាក់​បង​ប្អូន គឺ​ជា​កម្មករ​សំណង់​ដូច​គ្នា ដោយ​១​ថ្ងៃ​ពួក​គេ​អាច​រក​ប្រាក់​បាន​ពី​១ម៉ឺន​ទៅ​២​ម៉ឺន​រៀល។ សម្រាប់​ដំណើរ​មក​ច្រៀង​នៅ​ភ្នំពេញ ប៊ុន​ធា បាន​ចំណាយ​ចំនួន ១៥​ដុល្លារ។

 

" បើ​យាយ​ពី​លុយ​ដែល​ខ្ញុំ​ខំ​រក​លុយ​បី​ថ្ងៃ បាន​៤-៥ ម៉ឺន​ហ្នឹង​អស់​ហើយ​បង តែ​សំណាង​ដែរ បាន​ខាង​អាស៊ីអាគ្នេយ៍​គេ​ឲ្យ​វិញ​១៥​ដុល្លារ​ដែរ អីចឹង​មិន​អី​ទេ។ ចេះ​តែ​ប្រឹង​ហើយ​បង ព្រោះ​ខ្ញុំ​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន​ជួយ​ពុក​ម៉ែ ពួក​គាត់​ចាស់​អស់​ហើយ!”។

 

 

លោក កែវ ប៊ុន​ធា បាន​ជ្រុះ​ចេញ​ពី​កម្មវិធី The Voice Cambodia ក្នុង​សប្ដាហ៍​ទី​៣​នៃ​វគ្គ Live Show ។បរាជ័យ​នៅ​គ្រា​នោះ ប៊ុន​ធា ថ្លែង​ថា​មិន​មាន​អាក់​អន់​ស្រពន់​ចិត្ត​អ្វី​ឡើយ។ "និយាយ​ទៅ​ខ្ញុំ​ដូច​ជា​សប្បាយ​ចិត្ត​ម្យ៉ាង​ទៅ​វិញ ព្រោះ​ខ្ញុំ​អស់​លទ្ធភាព​នឹង​ឡើង​មក​ទៀត​ហើយ ខ្ញុំ​អត់​មាន​លុយ​ឡើង​ទៀត​ទេ!"។

 

ប៊ុនធា ឲ្យ​ដឹង​ថា រូប​គេ​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ ១០០០​ដុល្លារ ក្នុង​រយៈ​ពេល​ប្រឡូក​កម្មវិធី The Voice Cambodia តាំង​ពី​ខែ​ឧសភា​មក។ ការ​ចំណាយ​នេះ រាប់​តាំង​ពី​ការ​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ហូប​ចុក។ "ហ្នឹង​ខ្ញុំ​ចាយ​ត្បិតត្បៀត​ផង​បង មិន​ហ៊ាន​ចាយ​ផ្ដេសផ្ដាស​ទេ ខោអាវ​អត់​ហ៊ាន​ទិញ​ទេ ពីរ​វគ្គ​ដំបូងខ្ចី​មិត្ត​ភ័ក្ដិ ក្រោយ​មក​ទៀត​ខ្ចី​បង​ភា។ លុយ​ទាំង​អស់ មួយ​ចំនួនជា​របស់​​ខ្លួន​ឯង​ផង មួយ​ចំនួន​ទៀត​​ខ្ចី​គេ​ពី​នេះ​ពី​នោះផង ដល់​ឥឡូវ​អស់​ហើយ អីចឹង​គិត​ថា ធ្លាក់​ចេញ​ក៏​សប្បាយ​ម្យ៉ាង​ដែរ!”។

 

ក្រៅ​ពី​មូលហេតុ​អស់​លទ្ធភាព​ចំណាយ​ឡើង​មក​ប្រឡង ប៊ុន​ធា ក៏​ទទួល​ស្គាល់​ភាព​បរាជ័យ​របស់​ខ្លួន​ឯង​ដែរ។ លោក​ថ្លែង​ថា "អត់​ស្ដាយ​អី​ទេ​បង ដឹង​ដែរ​ថា​ខ្លួន​ឯង​ធ្វើ​អត់​សូវ​បាន​ល្អ​ពេល​ហ្នុង ព្រោះ​ដោយ​សារ​ខ្ញុំ​មាន​បញ្ហា​បំពង់​ក​ផង"។

 

ប៊ុន​ធា មិន​ទាន់​ដឹង​ថា​អាច​សម្រេច​ក្ដី​ប្រាថ្នា​របស់​ខ្លួន​បាន​ដោយ​របៀប​ណា​ផង​ទេ ខណៈ​មក​ទល់​នឹង​ពេល​នេះ មិន​មាន​ខាង​ណា​ទាក់​ទង​លោក​នៅ​ឡើយ បើ​ទោះ​គេ​មើល​ឃើញ​ថា លោក​មាន​សំឡេង​ល្អ និង​មាន​ទេពកោសល្យ​ខាង​សិល្បៈ​មួយ​នេះ​ក៏​ដោយ។ បន្ថែម​ពី​នេះ លោក​ត្រូវ​ប្រឈម​នឹង​បញ្ហា​បំពង់​ក និង​ច្រមុះ​ទៀត។

 អត្ថបទ៖ ចង់​ដឹង​ថា ហង្ស​មាស​និយាយ​អ្វី​ខ្លះ​មុន The Voice Cambodia បញ្ចប់​ទៅ?

" បំពង់​ក​ខ្ញុំ​ចេះ​តែ​ឡើង​ស្លេស្ម វា​មាន​បញ្ហា​តាំង​ពី​ឆ្នាំ ២០១០ បង តែ​ដោយ​សារ​ខ្វះ​ខាត​ចេះ​ផង តែ​ទុក​ៗ​មក​ដល់​ឥឡូវ​ទៅ ពេទ្យ​ថា រលាក​បំពង់​ក និង​អាល្លែកហ្ស៊ី​ច្រមុះ។ ខ្ញុំ​ចង់​សុំ​គេ​ច្រៀង​តាម​ហាង​អី​ណា​បង តែ​ដឹង​ម៉េច​ឡើយ​ទេ បើ​ឈឺ​អីចឹង...”។

 

ដោយ​សារ​ខ្វះ​ខាត កែវ ប៊ុនធា បាន​បោះ​បង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១១ មក​ធ្វើ​សំណង់​ជួយ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី រូប​គេ​ថ្លែង​ថា​នៅ​តែ​ស្រឡាញ់​ការ​សិក្សា ដោយ​បច្ចុប្បន្ន​បាន​ឆ្លៀត​រៀន​ភាសា​អង់គ្លេស និង​ជំនាញ​ជួស​ជុល​កុំព្យូទ័រ។ "ខ្ញុំ​ចេះ​តែ​ឆ្លៀត​រៀន​ទៅ ព្រោះ​ស្រឡាញ់ ណា​មួយ​ខ្ញុំ​មិន​ចង់​ល្ងង់​ណា​បង តែ​ចិត្ត​ខ្ញុំ​នៅ​ស្រឡាញ់​អាជីព​ចម្រៀង​ដដែល"។

 

ប៊ុនធា បាន​មក​ដល់​រាជធានី​តាំង​ពី​ថ្ងៃ​សុក្រ មកដល់​ថ្ងៃ​នេះ​មិន​ទាន់​ត្រឡប់​ទៅ​បាត់ដំបង​វិញ​នៅ​ឡើយ​ទេ។ លោក​ថា ចាំ​មើល​ The Voice Cambodia ផ្ដាច់​ព្រ័ត្រ​យប់​នេះ៕

អត្ថបទ​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹងកម្មវិធី The Voice Cambodia មាន​នៅ​ទី​នេះ!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី