ចង់ដឹងថា ហង្សមាសនិយាយអ្វីខ្លះមុន The Voice Cambodia បញ្ចប់ទៅ?
- 2014-11-15 16:34:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងថា ហង្សមាសនិយាយអ្វីខ្លះមុន The Voice Cambodia បញ្ចប់ទៅ?
ចន្លោះមិនឃើញ
តាមការគ្រោងទុក កម្មវិធី The Voice Cambodia នឹងរកឃើញបេក្ខជនមានសំឡេងល្អបំផុតនៅរាត្រីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយទទួលបានទឹកប្រាក់ ១០០ លានរៀល និង ឱកាសក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មល្បីមួយនេះ។
លោក អ៊ិន ទីតូ អ្នកគ្រប់គ្រងកម្មវិធីសិល្បៈនៃស្ថានីយទូរទស្សន៍ហង្សមាស បានប្រាប់ Sabay មុននេះថា លោកមានមោទនភាពបំផុត ខណៈការដំណើរកម្មវិធីThe Voice Cambodia ជាលើកដំបូងនៅកម្ពុជាបានទទួលជោគជ័យដូច្នេះ ហើយមានអ្នកគាំទ្រច្រើន ស្ទើរមិននឹកស្មានដល់។
លោក អ៊ិន ទីតូ និយាយថា៖“ អឺ!...យើងបានទទួលទាំងការកោតសរសើរ និងការរិះគន់ក៏ពិតមែន ប៉ុន្តែខ្ញុំយល់ថា ពូកគាត់សុទ្ធតែជាអ្នកគាំទ្រ The Voice Cambodia មិនអញ្ចឹងទេ ក៏គ្មានការនិយាយតៗគ្នាដែរ”។ លោកបន្តថា ម្យ៉ាងទៀត កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ ប្រមូលបានសុទ្ធតែអ្នកមានសមត្ថភាព ឲ្យមកចូលរួមប្រកួតប្រជែង មកពីរាជធានី-ខេត្តនានា។
លោកអះអាងថា Coach ទាំង៤នាក់មិនអាចបំពេញតាម ការចង់បានរបស់ទស្សនិកជនគ្រប់រូបបានទេ ព្រោះការសម្រេចចិត្តផ្អែកលើសមត្ថភាព និង បច្ចេកទេសរបស់បេក្ខភាពគ្រប់រូប។ លើសពីនេះ លោកមិនបានគិតថា នោះជាឧបសគ្គសម្រាប់ដំណើរការកម្មវិធី The Voice រដូវកាលទី២នោះទេ។ ផ្ទុយទៅវិញនេះជាកម្លាំងចិត្តសម្រាប់ក្រុមការងារ ដែលបានខិតខំតាំងពីការចាប់ផ្ដើមរហូតមកដល់ទីបញ្ចប់។
យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានលើកសរសើរពីកម្មវិធី The Voice និង Coach ទាំងបួនថា មានសមត្ថភាពមិនធម្មតា។
ទន្ទឹមនឹងនេះ លោក អ៊ិន ទីតូ និយាយថា កម្មវិធីនេះមានការគាំទ្រជាវិជ្ជមាន ទោះបីជាមិនមានអ្វី ដើម្បីវាស់ស្ទង់ពីចំនួនអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ដូចនៅបរទេសយ៉ាងណាក្ដី។ លោកថា៖ "គ្រាន់តែព័ត៌មានពី page facebook របស់យើងតូចមួយ ក៏មានការគាំទ្រ រាប់ម៉ឺននាក់ដែរពេលដំណើរការកម្មវិធីម្ដងៗ"។
ក្នុងនាមក្រុមការងារកម្មវិធី The Voice Cambodia លោកអរគុណរាល់ការគាំទ្រ និង ការរិះគន់ក្នុងន័យស្ថាបនាពីទស្សនិកជនទាំងអស់នាពេលកន្លងមក និង រាល់បទចម្រៀងនៅក្នុងផលិតកម្មហង្សមាស។ លោកស្នើឲ្យទស្សនិកជនរង់ចាំទស្សនាវគ្គផ្ដាច់ព្រ័ត្រកម្មវិធី The Voice Cambodia នៅរាត្រីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
អានអត្ថបទ៖ ទង្វើ ខេមរៈ សិរីមន្ត ធ្វើឲ្យតារាស្រីម្នាក់ទឹកភ្នែក
អានអត្ថបទ៖ ជិត១០លានដុល្លារហូរចេញរៀងរាល់ឆ្នាំពីការទិញភាពយន្តបរទេសមកបញ្ចាំងស្រុកខ្មែរ
អត្ថបទ៖ សំ ជំនាញ