ជិត ១០ លានដុល្លារហូរចេញរៀងរាល់ឆ្នាំពីការទិញភាពយន្តបរទេសមកបញ្ចាំងក្នុងស្រុក!
- 2014-11-14 17:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិត ១០ លានដុល្លារហូរចេញរៀងរាល់ឆ្នាំពីការទិញភាពយន្តបរទេសមកបញ្ចាំងក្នុងស្រុក!
ចន្លោះមិនឃើញ
កម្ពុជាចំណាយទឹកប្រាក់ក្បែរៗ ១០ លានដុល្លាររៀលរាល់ឆ្នាំពីការទិញភាពយន្តបរទេសមកបញ្ចាំងនៅក្នុងស្រុកទាំងរឿងដាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ និង តាមរោងភាពយន្តនានា។
ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវិចិត្រសិល្បៈ លោក ស៊ិន ចន្ទសាយ៉ា និយាយថា៖ "ខ្ញុំមិនទាន់ដឹងទិន្នន័យជាក់លាក់ចំពោះការទិញភាពយន្តបរទេសមកបញ្ចាំងក្នុងស្រុក ប្អូនឯងយកទៅគិតខ្លួនឯងទៅ។ ប៉ុន្តែខ្ញុំអាចនិយាយបាន គឺចាប់ពីលានៗដុល្លារឡើងទៅ"។
ប្រធាននាយកដ្ឋានភាពយន្តរូបនេះបន្តថា នៅកម្ពុជាបច្ចុប្បន្នមានស្ថានីយទូរទស្សន៍ចន្លោះពី ១៣ ទៅ ១៥ ស្ថានីយ ហើយស្ថានីយនីមួយៗ ដាក់បញ្ចាំងរឿងបរទេសមិនក្រោម ២ ម៉ោងទេក្នុងមួយថ្ងៃចំពោះរឿងភាគ។ ដោយឡែកចំពោះការនាំចូលភាពយន្តភាគបរទេស គឺមួយភាគៗមិនក្រោមពី ៣ រយទៅ ៤ រយដុល្លារឡើយ។
និយាយពីភាពយន្តបរទេសដាក់បញ្ចាំងតាមរោងភាពយន្តវិញ លោក ស៊ិន ចន្ទសាយ៉ា លើកឡើងជាមធ្យមកម្ពុជានាំចូលរឿងដុំពីបរទេស ១៥០ រឿង ក្នុងមួយឆ្នាំ។ ចំពោះតម្លៃនៃការនាំចូលរឿងដុំ គឺក្នុងមួយរឿងជាមធ្យមពី ១ម៉ឺន ទៅ២ម៉ឺនដុល្លារ។
លោកបានសង្កត់ធ្ងន់ថា ការចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងការទិញភាពយន្តបរទេសចូលក្នុងស្រុកអាចនឹងនាំឱ្យមានផលប៉ះពាល់ដល់ការផលិតភាពយន្តក្នុងស្រុក។ ដូច្នេះក្រសួងវប្បធម៌បានគិតគូររួចហើយក្នុងការចាត់វិធានការក្ដៅ ដើម្បីឱ្យអ្នកទិញភាពយន្តពីបរទេសបញ្ចុះថ្លៃទាប ហើយពង្រឹងកុនក្នុងស្រុក។
ចាងហ្វាងផលិតកម្ម ដើមត្នោត និង ជាផលិតករ លោក ឆាយ បូរ៉ា និយាយថា លំហូរចូលភាពយន្តបរទេសច្រើនពេក ដោយមិនមានផលិតផលភាពយន្តក្នុងស្រុកហូរទៅក្រៅប្រទេសវិញអាចប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យភាពយន្តខ្មែរនាពេលខាងមុខ។
លោក ឆាយ បូរ៉ា បញ្ជាក់ថា៖យើងដឹងហើយបច្ចុប្បន្នស្ថានីយទូរទស្សន៍ណាក៏មានកុនបរទេសច្រើនដាក់បញ្ចាំង។ ការមិនគិតគូរពីភាពយន្តក្នុងស្រុកអាចនឹងមានហានិភ័យខ្ពស់ដល់កុនខ្មែរនាថ្ងៃខាងមុខ"។
របាយការណ៍ពីនាយកដ្ឋានភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការផលិតភាពយន្តខ្មែរដាក់បញ្ចាំងតាមរោងក្នុងឆ្នាំ២០១៤នេះ មានជាង ២០ប៉ុណ្ណោះ ខណៈមួយឆ្នាំកម្ពុជានាំចូលភាពយន្តបរទេស ជាង ១៥០រឿង។ ដោយឡែករឿងភាគដាក់បញ្ចាំងតាមទូរទស្សន៍វិញគឺមានភាពតិចតួច ធៀបនឹងការនាំចូលរឿងភាគពីបរទេស៕
អានអត្ថបទបន្ត៖អ្នករត់តាក់ស៊ីភ្នំពេញ-កំពត ក៏និយាយរឿង ពែកមី គ្រោះថ្នាក់ចរាចរណ៍ដែរ! អានអត្ថបទបន្ត៖សិរីមន្ត ទម្លាយឲ្យដឹងហេតុអ្វីលោកតា ប្រាជ្ញ ឈួន ចង់ជួបលោកនិងសិល្បករ២រូបទៀត
អត្ថបទ៖ អ៊ីង សុឡា