អ្នក​រត់​តាក់​ស៊ី​ភ្នំពេញ-កំពត ក៏​និយាយ​រឿង ពែកមី គ្រោះ​ថ្នាក់​ចរាចរណ៍​ដែរ!

  • 2014-11-13 21:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​រថយន្ត​ឈ្នួល​ភ្នំពេញ-កំពត​ម្នាក់​និយាយ​ថា បាន​ឈប់​មើល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​កើត​ឡើង​នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ កាល​ពី​ល្ងាច​មិញ​ដែរ ហើយ​ឃើញ​នាយ ពែកមី នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ខណៈ​ប្រជា​ពលរដ្ឋ​ផ្សេងទៀត​កំពុង​ចោម​រោម​មើល។

 

 

លោក​ថា៖ “ខ្ញុំ​ឃើញ​តែ​តារា​កំប្លែង​ម្នាក់​ហ្នឹង!... នាយ ពែកមី នរណា​មិន​ស្គាល់ មើល​ទូរទស្សន៍​រាល់​ថ្ងៃ ស្គាល់​តែ​ម្នាក់​ហ្នឹង ក្រៅ​ពី​ហ្នឹង​មាន​ស្គាល់​នរណា!"។ ប្រភព​ខាង​លើ​អះអាង​ថា សូម្បី​ភ្ញៀវ​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​រូប​លោក ក៏​សុទ្ធ​តែ​បាន​ឃើញ​ដូច​គ្នា និង​បុក​ពោះ​គ្រប់​គ្នា​ពេល​ឃើញ​តារា​កំប្លែង​ល្បី​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដូច្នេះ។

 

លោក​បាន​បន្ត​ថា រថយន្ត​ដែល​ក្រឡាប់​នោះ ជា​ប្រភេទ​ Lexus 470 ពណ៌​ស​មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ព្រោះ​មិន​បាន​ចាប់​អារម្មណ៍ ដោយ​ផ្ដោត​តែ​លើ​នាយ ពែកមី ប៉ុណ្ណោះ​។

 

“ឃើញ​នាយ ពែកមី អត់​មាន​ត្រូវ​អី​ផង គាត់​ដើរ​ចេញ​ពី​ឡាន​នោះ ខ្ញុំ​ហួស​ទៅ! ព្រោះ​ម៉ូយ​ប្រញាប់​ផង ល្ងាច​ហើយ តែ​បាន​រាយ​ការណ៍​ចូល​ប៉ុស្តិ៍​មហាជន​ដែរ"។ ម្ចាស់​រថយន្ត​ឈ្នួល​រូប​នោះ​បញ្ជាក់។

 

ទោះ​បី​ជា​យ៉ាង​ណា កញ្ញា ឆែ ដានី ជា​អ្នក​សម្របសម្រួល​កម្មវិធី "ព័ត៌មាន​ទាន់​ហេតុការណ៍" នៃ​វិទ្យុ​មហាជន អេហ្វអឹម ៩៥.៣០ បាន​ប្រាប់​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​រាយ​ការណ៍​ពី​ករណី​នេះ​ដែរ​អំឡុង​ម៉ោង​៦​ល្ងាច​មិញ។

 

កញ្ញា​ បាន​បន្ត​ថា ភាគ​ច្រើន​មហាជន​អះអាង​ថា ឃើញ​តារា​កំប្លែង​នាយ ពែកមី នៅ​ក្នុង​ហេតុការណ៍​នោះ​ប្រាកដ​មែន ដោយ​អ្នក​ខ្លះ​ថា បាន​ជួយ​រុញ​ច្រាន​រថយន្ត​នោះ​ឲ្យ​ផ្កាប់​មក​វិញ​ទៀត​ផង។ ចំណែក​នាយ ពែកមី ត្រូវ​បាន​អ្នក​ស្រុក​ជួយ​បើក​ទ្វា ដើម្បី​រំដោះ​នាយ​ចេញ​ពី​រថយន្ត ខណៈ​នាយ​ព្យាយាម​​បាំង​មុខ​គេច​ចេញ​ពី​កាមេរ៉ា​ទូរសព្ទ​ជា​ច្រើន។ ប្រភព​ដដែល​បន្ថែម​ថា មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ឃើញ​ហេតុការណ៍​នេះ។

 

ភ្លាមៗ​ក្រុម​ការងារ​បាន​រាយការណ៍​ទៅ​ក្រុម​ប្រចាំ​បញ្ជា​អគ្គ​ស្នងការ​នគរ​បាល​ជាតិ ដើម្បី​បោះ​ដៃ​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ទាន់​ពេល​វេលានៅ​កន្លែង​កើត​ហេតុ ដើម្បី​បង្ការ​ក្រែង​មាន​អ្នក​រង​របួស​ធ្ងន់៕

 

អាន​អត្ថបទ៖ សមត្ថកិច្ច​ទម្លាយ​រឿង ពែកមី គ្រោះ​ថ្នាក់​ចរាចរណ៍

អាន​អត្ថបទ៖ ហេតុ​អ្វី​លោក​តា ប្រាជ្ញ ឈួន ហៅ​តារា​ល្បីៗ​ទៅ​ជួប​

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី