អ្នកណា​ខ្លះ​ស្គាល់ Jack Ma ខ្មែរ?

  • 2018-12-20 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ទម្រង់​មុខជ្រុង​ស្រួច រាងកាយ​ស្គមកំព្រឹង​​ ស្រដៀង​​មហាសេដ្ឋី និង​ស្ថាបនិក Alibaba បុរស​ម្នាក់​នេះ​ ត្រូវ​បាន​មិត្តភ័ក្ដិ​​ជិតស្និទ្ធ ដាក់​​រហស្សនាម​​ឱ្យថា Jack Ma។ តាម​ពិត​ Jack Ma ខ្មែរ​រូបនេះ មាន​ឈ្មោះ​ដើម​ សាន់ អារុណរាសី។

លោក អារុណរាសី ប្រាប់ថា ៖“តាម​ពិត​បង​រៀន​ថត ជា​អ្នក​ដាក់​ឱ្យ​ ព្រោះ​ឈ្មោះ​ខ្ញុំ​វែង​ពេក​ពិបាក​ហៅ​ គាត់​ក៏​ហៅ Jack Ma ជាប់​រហូត​ដល់​សព្វថ្ងៃ ហើយ​មាន​អ្នក​ខ្លះ​ខល​មក​សួរ​ខ្ញុំថា បង​មុខ​បង​ឯង​ដូច Jack Ma ម៉េះ។ ពេល​ខ្លះ​ខ្ញុំ​អង្គុយ​សើច...មិន​ដូច​អី​ទេ គ្រាន់​មុខ​ខ្ញុំ​ស្គម​ស្រដៀងខ្លះៗ"។

ពាក់ព័ន្ធនឹងរូបរាងលោក អារុណរាសី ក៏មានការអាក់អន់ស្រពន់ចិត្តដែរ ដ្បិតមនុស្សម្នាក់ៗ​កើត​មក ចង់បានរូបរាងកាយមាំទាំ សង្ហា និងស្រស់ស្អាតគ្រប់ៗគ្នា។ លោកថា​កាលនៅរៀនវិទ្យាល័យ មានគេ​សើចចំអក និងមិនសូវ​និយាយ​ជាមួយនោះទេ។ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ចាត់ទុកថា វាជា​រឿង​សាមញ្ញ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​ការគិត​ និងវាយតម្លៃខុសគ្នា។

​បើ​តាម​បុរស​ជំនាញ​ខាង​ធ្វើ​វិបសាយ និង Build កុំព្យូទ័រ​​រូប​នេះ ក្រោយ​ជាប់​ឈ្មោះ​ជា Jack Ma ខ្មែរ លោក​ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​ច្រើន ដោយ​ក្នុង​រយៈ​ពេល​៤​ខែ​ចុងក្រោយ​នេះ ប្រជាប្រិយភាព​របស់​លោក​​ហាក់​ហក់​ឡើង​ ខណៈ​ហាង One Gears របស់​លោក ក៏​មាន​អ្នក​ស្គាល់​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។ យ៉ាងណា តាមរយៈគេហទំព័រ Sabay បើទោះមិនជោគជ័យដូចរៀមច្បងមួយចំនួន លោកសូមចែករំលែក​តិចនិច​ខ្លះៗ ធ្វើ​ឱ្យ​ហាង​មួយ​អាច​មាន​អ្នកស្គាល់​ច្រើន។ បុរស​កើត​នៅ​រាជធានី​ភ្នំពេញ​ បន្ត​ថា រហស្សនាម Jack Ma ជា​រឿង​មួយ​សំខាន់ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់ ហើយ​​​ចំណុច​ផ្សេងទៀត​​មិនអាចខ្វះបានគឺ៖

  • មិន​លក់​តែ​ផលិតផល តែ​ដំណោះ​ស្រាយ

លោក​ចង់​បាន​ន័យ​ថា បើក​ហាង​មួយ​មិន​មែន​លក់​តែ​ផលិតផល​នោះ​ទេ ប៉ុន្តែ​គួរ​បន្ថែម​ដំណោះស្រាយ។ ពេល​អតិថិជន មាន​បញ្ហា​អ្វី​មួយ ឬ​ចម្ងល់ មិន​ត្រូវ​គេចវេះ​ទេ គឺ​ត្រូវ​ដោះស្រាយ និង​បកស្រាយ​ចម្ងល់​តាម​តែ​អាច​ធ្វើបាន។

  • ផ្អាក​ធ្វើ​ទីផ្សារ​តាម​ហ្វេសប៊ុក តែ​គាំទ្រ YouTuber

លោក​ទទួល​ស្គាល់​​ហ្វេសប៊ុក​មាន​សារសំខាន់ ហើយ​ក្នុង​មួយ​ខែៗ​ លោក​ចំណាយ​មិន​ក្រោម​៣០០​ដុល្លារ​ទេ ​លើ​ការ​ផ្សព្វផ្សាយ ប៉ុន្តែ​​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា​ច្រើន​ឡើយ។ ក្រោយ​គិត​​រួច​ហើយ លោក​បាន​សម្រេច​ចិត្ត ងាក​មក​គាំទ្រ YouTuber វិញ។ ជា​លទ្ធផល​ លោក​ទទួល​បាន​ផ្លែផ្កាគួរឱ្យគត់សម្គាល់។

  • បង្កើត​ Channel YouTube

ដោយ​មើល​ឃើញ​សន្ទុះ​នៃ​ការ​ធ្វើ YouTube បុរស​វ័យ ៣០​ឆ្នាំ​ក៏​បាន​បង្កើត​ Channel YouTube ផ្ទាល់​ខ្លួន​មួយ​​ឈ្មោះ​ថា JackMa Sey ដែល​ផ្ដោត​សំខាន់​លើ ការ​អប់រំ​លើ​វិស័យ​បច្ចេកវិទ្យា ដូច​ជា ធ្វើតេស្ត​កុំព្យូទ័រ ​យក​ទៅ​ប្រៀបធៀប​គ្នា ដើម្បី​ឱ្យ​អ្នកទស្សនា​ស្វែងយល់ និង​សិក្សា​បន្ថែម​ខ្លួន​ឯង និង​ចំណេះដឹង​ផ្សេងៗ​ជាច្រើន​ទៀត។ លោក ក៏ធ្វើ Vlog ប្លែកៗខ្លះៗ ដើម្បីកម្សាន្តអារម្មណ៍អ្នកទស្សនា។ លោកសប្បាយចិត្តនឹងចែករំលែក បើ​ទោះ​​មក​ដល់​ពេល​នេះ Channel របស់​លោក​មិន​ទាន់​​មាន​អ្នក Subscribe ច្រើន​ក្ដី។

  • បង្កើតបណ្ដាញទំនាក់ទំនង

លោក អារុណរាសី បាន​សង្កត់​ធ្ងន់​ថា បណ្ដាញ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ហើយ​លោក​តែង​តែ​ចូល​រួម​សកម្មភាព​សហគមន៍​ជា​ច្រើន ដើម្បី​​ចែករំលែក​ និង​ស្រូប​ចំណេះដឹង ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មុខ បង្កើត​ទំនាក់ទំនង​​ល្អ។ ចំណុច​នេះ​លោក​ថា ទទួល​បាន​បទពិសោធន៍ និង​ចំណេះដឹង​ល្អ​ច្រើន​ពី​រៀមច្បង។

  • ភាព​ស្មោះត្រង់

ចុង​ក្រោយ​គឺ​ភាព​ស្មោះត្រង់។ បុរសកូនមួយបញ្ជាក់​ថា បើ​លក់​ផលិតផល ត្រូវ​ប្រាប់​អតិថិជន​ត្រង់ៗ​ថា យក​មក​ពី​ណា គុណភាព​យ៉ាងម៉េច ហើយ​តម្លៃ​​ស័ក្ដិសម ដែល​អតិថិជន​អាច​ទទួល​យក​បាន ឬ​មួយ​ថ្លៃ​ជាង​តម្លៃ​ដើម​ខ្លាំង​ពេក និង​មិនបោកប្រាស់។ ស្មោះត្រង់មិនសំដៅតែលើអតិថិជនទេ ខណៈមិត្តភ័ត្តិក៏ដូចគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ហើយការជួយនេះ យើងអាច​នឹងទទួលើ​បាន​មក​នៅ​ថ្ងៃ​ណាមួយ។

ទោះបីជាយ៉ាងណា កូន​ពៅ​ក្នង​គ្រួសារ​ស្ត្រី​មេមាយ​ថា បើទោះលោក​មិនទាន់​កាក់កប់​ខ្លាំង​ណាស់ណាក្ដី ​​ប៉ុន្មានចំណុចនេះ អាចជាគន្លឹះចាប់​ផ្ដើម​ខ្លះៗ សម្រាប់​អ្នក​ចង់រកស៊ី ហើយ​ការ​បើក​ហាង​ដំបូងទៀតសោត គឺ​មិន​ងាយស្រួល​ ដូច​ការគិត​ទុកនោះឡើយ ប៉ុន្តែ​បើ​មាន​ចិត្ត​ស្រឡាញ់ ខំប្រឹង នោះ​នឹង​អាច​ទួល​បាន​ផ្លែផ្កា​ល្អ។

  • ប្រវត្តិ​មុន​បើក​ហាង

អតីត​និស្សិត​អាហារូបករណ៍​ IT នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បង្ហើប​ថា ដំបូង​ឡើយ​លោក​ គឺ​ជា​ Freelancer ​សរសេរ​កូដ​វិបសាយ​មួយ​រូប។ ក្រោយ​ធ្វើ​បាន​៥​ឆ្នាំ លោក​បាន​ឈប់​ហើយ​ក៏​ទៅ​​ Freelancer និង​សិក្សា​រៀនសូត្រ​​បន្ថែម​នៅ Smallworld (Co-working Space)។ នៅ​ទីនេះ​លោក​មាន​ក្រុម​​ទទួល​ធ្វើ​វិបសាយតូចមួយ ប៉ុន្តែ​ត្រូវ​បរាជ័យ។

បន្ទាប់​មក​លោក​ក៏​​​ផ្លាស់ទៅ 5D Lab (Co-working Space) ដោយ​មិន​ត្រូវ​ចំណាយ​លើ​កន្លែង​ធ្វើ​ការ​ឡើយ។ ធ្វើ​បាន​មួយ​ឆ្នាំ កន្លែង​នេះក៏​ត្រូវ​បិទទ្វារ។ បើទោះបី​កន្លែង​នេះ​​លែង​ដំណើរការ លោក​បាន​​ទទួល​គម្រោង​មួយ​ៗដែរ ដោយ​ទទួល​បាន​កម្រៃ​ចន្លោះ​ពី ២០០ ទៅ ៣០០ ដុល្លារ ដើម្បីផ្គត់ផ្គង់ក្រពះ ដែល​នេះ​លោក​ថា ជា​ពេល​ពិបាក​បំផុត​សម្រាប់​លោក​ ហើយ​ចុងក្រោយ​ លោក​បាន​​វិល​ទៅ​ធ្វើ​ជា Freelancer នៅ ​Smallworld ជា​កន្លែង​ចាស់​វិញ។

ចូល​ដល់​ឆ្នាំ​ ២០១៥ - ២០១៦ ជីវភាព​របស់​លោក បាន​ងើប​ឡើង។ ឱកាស​ហុច​ឱ្យ​លោក​បាន​សម្រេច​ចិត្ត​ ​ឈប់​ធ្វើ​ការងារ​ឱ្យ​គេ រួច​មក​ចាប់​ដៃ​ជាមួយ​ភរិយា បើក​ហាង​រកស៊ី​តែង​ម្ដង ដោយ​មាន​ការ​ផ្គត់ផ្គង់​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ​​។

មក​ទល់​ពេល​នេះ ហាង​របស់​លោក មាន​អាយុ​ជិត​មួយ​ឆ្នាំ​ហើយ បើគិតតាំង​ពីខែ​ មេសា ឆ្នាំ ២០១៨ មក ដោយ​មួយ​ថ្ងៃ​លោក​អាច Build កុំព្យូទ័រ​​បាន​មួយ​គ្រឿង​ និងលក់ផលិតផ្សេងៗទៀត៕

ចុច Like និង See First ដើម្បី​ទទួល​បាន​ព័ត៌មាន​បច្ចេកវិទ្យាថ្មីៗ​មុន​គេ...

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី