វីតាមីន A ជួយភ្នែកល្អមែន តែបើញ៉ាំច្រើនពេក ដឹងតែគ្រាំខ្លួនពេលចាស់ទៅ
- 2018-12-20 08:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីតាមីន A ជួយភ្នែកល្អមែន តែបើញ៉ាំច្រើនពេក ដឹងតែគ្រាំខ្លួនពេលចាស់ទៅ
ចន្លោះមិនឃើញ
នរណាៗក៏ធំឡើងដោយឮពាក្យថា គួរញ៉ាំអាហារវីតាមីន A ឲ្យបានច្រើន ព្រោះវាមានតួនាទីសំខាន់ក្នុងការជួយដល់ទ្រទ្រង់រាងកាយឲ្យរឹងមាំ ភ្នែក ពិសេសធ្វើមានសុខភាពល្អ ជៀសវាងពីជំងឺនានា តែអ្នកប្រហែលជាមិនដឹងឡើយថា ការញ៉ាំវីតាមីនប្រភេទនេះច្រើនហួសកម្រិត អាចបង្កឲ្យមានគ្រោះថ្នាក់ធំៗបាន ពិសេសសម្រាប់មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ។
ពិតណាស់ ជាតិវីតាមីន A មិនពិបាករកឡើយ ព្រោះមានស្រាប់នៅក្នុងអាហារដែលយើងញ៉ាំរាល់ថ្ងៃដូចជា ស៊ុត ឈីស ខ្លាញ់ត្រី ទឹកដោះគោ យ៉ាអួរ ថ្លើមសត្វ បន្លែស្លឹកពណ៌បៃតង ការ៉ុត ដំឡូង ម្ទេសប្លោក និងផ្លែឈើពណ៌លឿង ដូចជាស្វាយ និងល្ហុង ជាដើម។ ការទាញយកវីតាមីនពីប្រភេទអាហារពីធម្មជាតិទាំងនេះ គឺជាជម្រើសល្អ តែយ៉ាងណា អ្នកក៏មិនត្រូវទទួលទានឲ្យហួសកំណត់ពេកដែរ ពិសេសបើអ្នកជាស្រ្តីមានផ្ទៃពោះ។
អ្នកជំនាញបានណែនាំថា មនុស្សពេញវ័យចន្លោះពី ១៩ ទៅ ៦៤ ឆ្នាំ គួរតែទទួលយកកម្រិតជាតិវីតាមីន A ប្រចាំថ្ងៃក្នុងបរិមាណ ០,៧ មីលីក្រាម សម្រាប់បុរស និង ០,៦ មីលីក្រាម សម្រាប់ស្រ្តី ឬមិនលើសពី ១,៥ មីលីក្រាមឡើយ។
ផ្អែកលើការស្រាវជ្រាវមួយចំនួន ការស្រូបយកវីតាមីន A ចំណុះ ១,៥ មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលច្រើនឆ្នាំជាប់គ្នា វានឹងប៉ះពាល់ទៅដល់ឆ្អឹង ហើយធ្វើឲ្យឆ្អឹងប្រឈមនឹងសភាពផុយស្រួយ និងងាយបាក់ពេលចាស់ទៅ។ ហានិភ័យនេះ កើតមានជាពិសេសសម្រាប់មនុស្សចាស់ និងស្រ្តី ដែលមានឆ្អឹងពុកស្រាប់ ឬអ្នកមានបញ្ហាឆ្អឹងមិនរឹងមាំជាដើម។ លើសពីនេះ វាក៏ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកដែលមិនទាន់កើតដែរ ព្រោះឆ្អឹងពួកគេនៅទន់ និងខ្ចីនៅឡើយ ដូច្នេះស្រ្តីមានផ្ទៃពោះគួរប្រុងប្រយ័ត្នឲ្យមែនទែន ក្នុងការប៉ូវវីតាមីនអំឡុងពេលរក្សាគភ៌។
ជាក់ស្ដែង ថ្លើមសត្វ គឺអាហារដែលគេល្បីថាសម្បូរជាតិវីតាមីន A តែបើអ្នកញ៉ាំវាច្រើនជាងម្ដងក្នុងមួយសប្ដាហ៍ ជាតិវីតាមីន A ក្នុងខ្លួនរបស់អ្នកអាចនឹងលើសកម្រិត។ ដូច្នេះត្រូវប្រាកដថា កុំញ៉ាំគ្រឿងដែលសម្បូរវីតាមីន A ផ្សេងទៀតដូចជា ត្រីដែលសម្បូរខ្លាញ់ ក្នុងពេលដំណាលនេះ៕