ចង់​បាន​ iPhone ប្រើ​នឹង​គេ​ សុខ​ចិត្ត​លក់​ក្រលៀន​ លទ្ធផល​​អាណោចអាធ័ម​

  • 2018-12-28 03:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ចិន​ Oriental Daily បាន​ចុះ​ផ្សាយ​ពី​បុរស​ម្នាក់​ឈ្មោះ​ Xiao Wang ​មាន​វ័យ​ ២៤ ឆ្នាំ​រស់​នៅ​ប្រទេស​ចិន បាន​លក់​ក្រលៀន​របស់​ខ្លួន​កាល​ពី​ ៧ ឆ្នាំ​មុន​​ដើម្បី​ទិញ​ iPhone 4 ស៊េរី​ថ្មី​នា​ពេល​នោះ។

ពេល​នោះ​ iPhone 4 ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ផលិតផល​ដែល​​ទំនើប​បំផុត​មួយ ហើយ​អ្នក​ដែល​កាន់​វា​គឺ​​​មាន​ភាព​ស៊ីវិល័យ​ជាង។ ដោយ​សារ​ហេតុផល​នេះ​ទើប​ធ្វើ​ឲ្យ​ Xiao Wang ពុះ​កញ្ជ្រោល​ចង់​បាន​មួយ​គ្រឿង​ប្រើ​នឹង​គេ ប៉ុន្តែ​​ព្រោះ​ស្ថានភាព​គ្រួសារ​មិន​អំណោយ​ផល​ទើប​ត្រូវ​បង្ខំ​ចិត្ត​លក់​ក្រលៀន។

​Xiao Wang ដែល​កាល​ណោះ​មាន​វ័យ ១៧ ឆ្នាំ​ បាន​ដឹង​​ថា​មនុស្ស​អាច​មាន​ជីវិត​រស់រាន​ទោះ​មាន​ក្រលៀន​ត្រឹម​តែ​មួយ។ ​ក្រោយ​គិត​ពី​ចំណុច​នេះ Xiao Wang ក៏​​រក​បាន​​​គ្លីនិក​មិន​ស្រប​ច្បាប់​មួយ​ ដែល​សន្យា​នឹង​ទិញ​យក​ក្រលៀន​ខ្លួន​ក្នុង​តម្លៃ ៣ ២០០ ដុល្លារ។

​​​​​​គ្រូ​ពេទ្យ​នៅ​​គ្លីនិក​ខាង​លើ​បាន​និយាយ​អួត​ថា​ Xiao Wang នឹង​អាច​ធ្វើ​ការ​បាន​ធម្មតា​ ក្រោយ​ពី​សម្រាក​មួយ​សប្ដាហ៍ ប៉ុន្តែ​​រឿង​អាក្រក់​បាន​កើត​ឡើង។ គ្លីនិក​បាន​ដំណើរ​ការ​ការ​វះកាត់​​ដោយ​មិន​បាន​សម្អាត​ត្រឹម​ត្រូវ ដែល​បាន​បណ្ដាល​ឲ្យ​​ប៉ះពាល់​ដល់​មុខ​របួស​​។ ​រឹត​តែ​អាក្រក់​នោះ​ ឪពុក​ម្ដាយ​របស់​ Xiao Wang មិន​បាន​ដឹង​ថា​កូន​របស់​ខ្លួន​មាន​បញ្ហា ​រហូត​ដល់​ពេល​រូប​គេ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។

ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ​ ក្រលៀន​របស់​ Xiao Wang ​​បាន​រង​ផល​ប៉ះពាល់​ជា​ខ្លាំង​រួច​ទៅ​ហើយ​ ដោយ​​​មិន​អាច​នៅ​តែ​លើ​គ្រែ​ប៉ុណ្ណោះ។ គ្រួសារ​របស់​ Xiao Wang ក៏​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ ដោយ​សារ​ត្រូវ​បង់​ថ្លៃ​ការ​ព្យាបាល​របស់​កូន។

​​​​​​រឿង​ល្អ​នោះ​គឺ​​គ្លីនិក​ដែល​ខុស​ច្បាប់​ខាង​លើ​ត្រូវ​បាន​​ដឹក​ដៃ​ចូល​តុលាការ ហើយ​គ្រួសារ​របស់​ Wang អាច​ទទួល​បាន​សំណង​ដើម្បី​រ៉ាប់រង​ការ​មើល​ថែ​រយៈពេល ៧ ឆ្នាំ​កន្លង​មក​នេះ។ ប៉ុន្តែ​ស្ថានភាព​របស់​ ​​​Wang មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ពោល​នៅ​តែ​ត្រូវ​សម្រាក​លើ​គ្រែ​ជាប់​ជានិច្ច៕

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម