​ចិន បញ្ជូន​យាន​អវកាស​​ទៅ​កាន់​តំបន់​អាថ៌កំបាំង​១ នៅ​ឋាន​ព្រះចន្ទ ដោយ​ជោគ​ជ័យ

  • 2019-01-03 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចិន​ បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​មួយឈ្មោះ Chang'e-4 នៅ​លើ​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) នាថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩​នេះ។

យាន​ឈ្មោះ Chang'e-4

យាន​អង្កេត​នេះ ត្រូវបាន​រំពឹង​ថា នឹងសិក្សាពី​ទីតាំង​ភូមិសាស្រ្ត សមាសភាព​រ៉ែ និង​រចនា​សម្ព័ន្ធ​លើផ្ទៃដី​នៅ​តំបន់​ងងឹត​ភពព្រះចន្ទ​នោះ។

នៅទីនោះ​ មាន​រណ្តៅមួយ​ឈ្មោះ Von Karman ទំហំ ១៨៦​គីឡូម៉ែត្រ គឺជា​ទីតាំង​ដ៏គួរឱ្យ​ចាប់​អារម្មណ៍ ក្នុងការ​ពិសោធ​វិទ្យាសាស្រ្ត​របស់​ចិន ព្រោះ​សម្បូរ​ទៅ​ដោយរ៉ែ Thorium, ដែកអ៊ុកស៊ីត (iron oxide) និង​ទីតាញ៉ូម​ឌីអ៊ុកស៊ីត​ (titanium dioxide) ជាដើម។

រូបនៅផ្នែកម្ខាងទៀតនៃព្រះចន្ទ ដែលថតចេញពីយាន Chang'e-4

យាន Chang'e-4 ត្រូវបាន​បាញ់បង្ហោះ​តាមរយៈរ៉ុកកែត Long March-3B កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០១៨ ចេញពី​មជ្ឈមណ្ឌល​ Xichang Satellite ដែល​ស្ថិតនៅភាគនីរតី​នៃ​ប្រទេសចិន។

វាបាន​ចូលដល់គន្លង​ភពព្រះចន្ទដែល​មាន​រាងពងក្រពើមួយ នៅថ្ងៃទី១២ ខែធ្នូ បន្ទាប់មកចូលដល់គន្លងដែលបាន​គ្រោងទុក នៅថ្ងៃទី៣០ ខែធ្នូ។

បើតាម​លោក Ye Peijian អ្នក​ជំនាញ​ម្នាក់​នៅ​បណ្ឌិតសភា​វិទ្យាសាស្រ្តអវកាសចិន China Aerospace Science and Technology Corporation Fifth Academy បាន​និយាយថា បេសកកម្មចម្បង​របស់​យានអង្កេត Chang'e-4 រួមមាន ការ​រុករក​នៅ​ប៉ូល​ខាងជើង និង​ប៉ូលខាងត្បូងនៃព្រះចន្ទ, បង្កើត​ស្ថានីយ​ស្រាវជ្រាវ​ភព​ព្រះចន្ទ​ដោយ​គ្មាន​មនុស្ស និង​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​យាន​ចុះចត មនុស្ស​យន្ត និង​ក្រុម​ការងារ។

លើសពីនេះ យាន Chang'e-4 ក៏នឹង​ចុះចត​នៅ​កន្លែង​ជាច្រើន​ទៀត​លើ​ភព​ព្រះចន្ទ​ ដើម្បី​រុករក​បន្ថែម៕

អានបន្ត៖

ប្រភព៖ CGTN | Kley Kley   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី